

ក្រុមហ៊ុនចិន China Metro Group បានបញ្ជាក់ទៅកាន់សម្តេចតេជោ ហ៊ុន សែន ថា ខ្លួនបានបញ្ចប់ការសិក្សាលទ្ធភាពគម្រោងសាងសង់ផ្លូវរថភ្លើងក្រោមដីនៅរាជធានីភ្នំពេញហើយ និងបានដាក់បញ្ជូននូវរបាយការណ៍សិក្សាជូនក្រសួងសាធារណការ និងដឹកជញ្ជូន ដើម្បីពិនិត្យ និងពិភាក្សាបន្ត។ ការលើកឡើងនេះ ធ្វើឡើងក្នុងជំនួបពិភាក្សារវាងសម្តេចតេជោ និងក្រុមហ៊ុនវិនិយោគធំៗចំនួន៣ នៃប្រទេសចិន រួមមានក្រុមហ៊ុនសាងសង់គមនាគមន៍ចិន, ក្រុមហ៊ុនសាជីវកម្មស្ពានថ្នល់ចិន និងក្រុមហ៊ុន China Metro Group នៅក្រុងប៉េកាំង កាលពីថ្ងៃទី៩ ខែកុម្ភៈ ឆ្នាំ២០២៣។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស
ជាមួយគ្នានេះ សម្តេចនាយករដ្ឋមន្រ្តី បានស្នើឲ្យក្រុមហ៊ុន China Metro Group សិក្សាពីគម្រោងវិនិយោគល្បឿនលឿនធុនស្រាលពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មី និងផ្លូវរថភ្លើងល្បឿនលឿនធុនស្រាលក្នុងរាជធានីភ្នំពេញ ដែលកំពុងមានចរាចរណ៍យ៉ាងមមាញឹក។
ក្រុមហ៊ុនចិនទាំង៣ បានបង្ហាញពីគម្រោងសិក្សាលើលទ្ធភាពវិនិយោគថ្មីៗ ក្នុងប្រទេសកម្ពុជាសម្រាប់ពេលខាងមុខ ពិសេសក្រោយលទ្ធផលនៃដំណើរទស្សនកិច្ចផ្លូវការរបស់សម្តេចតេជោ ទៅកាន់ប្រទេសចិននាពេលនេះ។
ក្រៅពីនេះ ក្រុមហ៊ុនចិនក៏បានជម្រាបជូនសម្តេចតេជោ ពីគម្រោងដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ ដែលក្នុងនោះក្រុមហ៊ុនបានបញ្ចប់ការសិក្សាបឋមគម្រោងស្តារផ្លូវទឹកទន្លេសាប ភ្នំពេញ សៀមរាប ដែលនិងប្រគល់ជូនក្រសួងសាធារណការ និងដឹកជញ្ជូនរួចរាល់ផងដែរ៕
ប្រភព៖ ហ្វេសប៊ុកសម្តេច ហ៊ុន សែន

