ក្លឹបបាល់ទាត់មួយនៅក្នុងប្រទេសរុស្ស៊ីដែលមិនត្រូវបានទទួលស្គាល់ដោយ FIFA ឈ្មោះ Broke Boy FC ត្រូវបានគេរាយការណ៍ថាបានដេញថ្លៃប្រកបដោយមហិច្ឆតាដើម្បីចុះហត្ថលេខានាំយកសមាជិកជ័យលាភីWorld Cup ២០១៨ Paul Pogba ពីក្រុម Juventus យោងគេហទំព័រ Foot Mercato បានចុះផ្សាយ ។បច្ចុប្បន្នក្រោយពីរួចផុតបម្រាម៤ឆ្នាំមកនៅត្រឹម១៨ខែ អតីតខ្សែបម្រើកណ្តាលដ៍មានឥទ្ធិពលរបស់ Man.Utd ដែលបានជួបព្យុះជីវិតយ៉ាងអួរអាប់ដោយសារតែត្រូវអាជ្ញាធររកឃើញថាវិជ្ជមានលើការប្រើប្រាស់សារជាតិញៀនហាមឃាត់ Pogba កំពុងសម្លឹងស្វែងរកក្លឹបថ្មីខណៈក្លឹបចុងក្រោយដែលមានទំណាក់ទំនងជាមួយរូបគេនោះគឺ Olympic Marseille។
មានន័យថាកីឡាករសញ្ជាតិបារាំងនឹងមានសេរីភាពក្នុងការហ្វឹកហាត់ក្នុងខែមករា ហើយអាចចាប់ផ្តើមចូលលេងបាល់អាជីពបានឡើងវិញគោលបំណងស្តារមុខមាត់ និង កិត្តិយសនៅខែមីនា២០២៥ខាងមុខបើទោះបីជាបច្ចុប្បន្នកីឡាករមានវ័យ ៣១ឆ្នាំរូបនេះនៅមានកុងត្រាជាមួយ Juventus រហូតដល់ឆ្នាំ ២០២៦ក៏ដោយ ខណៈ ក្លឹបយក្សអ៊ីតាលីដែលជាអាណាព្យាបាលរំពឹងថាឈានទៅបញ្ចប់កិច្ចសន្យារបស់គាត់មុនពេលកំណត់(Terminate Contract)។ដូច្នេះ Pogba នឹងក្លាយជាកីឡាករដែលអាចផ្ទេរទៅក្លឹបដ៍ទៃដោយគ្មានតម្លៃខ្លួនក្នុងពេលឆាប់ៗនេះ ពោលគឺក្លឹបដែលចង់បានរូបគេចាំបាច់ត្រូវចរចាដោយរ៉ាប់រងលើប្រាក់ខែ និង ផលប្រយោជន៍ផ្សេងទៀតប៉ុណ្ណោះ ។
ការពិតក្លឹប Broke Boy FC បច្ចុប្បន្នកំពុងមានវត្តមានលេងនៅ Media Football League ដែលជាក្រុមជាលីកក្រៅផ្លូវការបង្កើតឡើងដោយអ្នកមានឥទ្ធិពល និងតារាល្បីៗជាច្រើន។លីកនេះមានប្រជាប្រិយភាពនៅក្នុងប្រទេសរុស្ស៊ី ដោយមានអ្នកគាំទ្ររាប់ពាន់នាក់មកទស្សនានៅកីឡាដ្ឋាន និងតាមអ៊ីនធឺណិតដើម្បីមើលតារាល្បីៗដែលពួកគេចូលចិត្ត។ Broke Boys គឺជាម្ចាស់ជើងឯកដែលបានឈ្នះ 2DROTS ក្នុងវគ្គផ្តាច់ព្រ័ត្រឆ្នាំនេះនៅចំពោះមុខអ្នកទស្សនា ២៧,០០០ ។
ប្រភព:Express