(ម៉ូនិច)៖ ខ្សែបម្រើអន្តរជាតិអូទ្រីស Marcel Sabitzer បានព្រមព្រៀងចុះកិច្ចសន្យាលេងឲ្យក្លិបថ្មី Borussia Dortmund រហូតដល់ឆ្នាំ២០២៧ ក្រោយផ្ទេរចេញពីក្លិបរួមលីគ Bundesliga គឺ Bayern Munich។ តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC មិនបានបញ្ជាក់ពីតម្លៃផ្ទេរនោះទេ បានត្រឹមឲ្យដឹងថា កីឡាករវ័យ ២៩ឆ្នាំខាងលើនេះ បានចុះកិច្ចសន្យាលេងឲ្យ Dortmund រហូតដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៧ តែប៉ុណ្ណោះ។ Sabitzer ទើបតែចប់កិច្ចសន្យាលេងខ្ចីជើងជាមួយក្លិបអង់គ្លេស Manchester United នារដូវកាលមុន នៅពេលផ្ទេរមកកាន់ទឹកដី Old Trafford ក្នុងខែមករា ឆ្នាំ២០២២ មក ដោយរកគ្រាប់បំប៉ោងសំណាញ់ទីបាន ៣គ្រាប់ផងដែរ ពីការចូលលេងសរុបបាន ១៨ប្រកួតគ្រប់កម្មវិធី។
Sabitzer បានថ្លែងក្នុងសន្និសីទ ក្រោយពីចុះកិច្ចសន្យារួចរាល់ថា «ខ្ញុំពិតជាអន្ទះសារក្នុងការចូលលេងឲ្យ Dortmund និងពាក់អាវរបស់ BVB នេះណាស់។ ការពិភាក្សាជាមួយគ្រូបង្វឹក Dortmund គឺធ្វើឡើងដោយរលូន និងមានគោលដៅស្របគ្នាសម្រាប់រយៈពេលច្រើនឆ្នាំទៅមុខទៀត»។
នៅចាំបានថា Borussia Dortmund បានខកខានលើកពានលីគកំពូលអាល្លឺម៉ង់ Bundesliga នារដូវកាលមុន ដោយសារចាញ់គ្រាប់បាល់ចំណេញក្រុមការពារតំណែងជើងឯក Bayern Munich នៅថ្ងៃប្រកួតបិទរដូវកាល ក៏ព្រោះតែលេងស្មើ ២-២ ទល់នឹងគូប្រជែង Mainz នោះ៕