បរទេស៖ អតីតខ្សែបម្រើឆ្នើមរបស់ក្លឹបបិសាចក្រហម Manchester United កីឡាករ Jesse Lingard ត្រូវបានគេប្រទះឃើញនៅហ្វឹកហាត់នៅឯក្លឹប Inter Miami ខណៈបច្ចុប្បន្នរូបគេកំពុងស្វែករកក្លឹប ក្រោយផុតកុងត្រាជាមួយនឹងក្លឹប Nottingham Forest ។ ក្រោយពីចាកចេញពី Man Utd កីឡាករ Jesse Lingard បានផ្ទេរទៅកាន់ក្លឹប Nottingham Forest សម្រាប់រដូវកាល ២០២២/២៣ ដោយគ្មានតម្លៃខ្លួន។ ប៉ុន្តែទោះបីជាយ៉ាងណារូបគេមិនអាចរកបានសម្បីមួយគ្រាប់ ឬក៏បញ្ជូនបាល់ឲ្យមិត្តរួមក្រុមខ្លួន ក្នុងការបង្ហាញខ្លួនចំនួន១៧ដងឲ្យ Forest ដែលធ្វើឲ្យក្រុមសម្រេចបញ្ចប់កុងត្រារបស់កីឡាកររូបនេះមុនពេលកំណត់។ ចាំតាំងពីពេលនោះមករូបក៏ចាប់ផ្តើមផ្សារភ្ជាប់ពាក្យចរចាមរាមក្នុងការផ្ទេរទៅកាន់ក្លឹបនៅអាមេរិក និងអារ៉ាប៊ី។
កាលពីសប្តាហ៍មុនរូបគេគឺបានផ្សារភ្ជាប់នឹងពាក្យចរចាមរាមផ្ទេរទៅកាន់ DC United ប៉ុន្តែ Wayne Rooney ដែលគ្រូបង្វឹក ក៏ដូចជាអតីតមិត្តរួមក្រុមគ្នានៅ Man Utd បានចេញមកបដិសេធពាក្យចរចាមរាមទាំងអស់នេះវិញ ដោយនិយាយថា៖ «ព័ត៍មានពាក្យចរចាមរាម Jesse Lingard? ខ្ញុំមិនដឹងថា វាកើតចេញពីណាទេ ប៉ុន្តែតាមគំនិតខ្ញុំពួកគេគឺមិនបានចាប់អារម្មណ៍ក្នុងការចុះកុងត្រាលើរូបគេឡើយ។»
បច្ចុប្បន្នគេបានប្រទះឃើញ Lingard កំពុងនៅក្នុងប្រទេសអាមេរិក និងថែមទាំងឃើញគេកំពុងហ្វឹកហាត់នៅឯកីឡដ្ឋានរបស់ក្លឹប Inter Miami របស់ David Beckham ថែមទៀតផង។ យ៉ាងណាមិញបច្ចុប្បន្នរូបគេនៅមិនទាន់សម្រេចចិត្តថាផ្ទេរទៅណាឲ្យប្រាកដឡើយ ដោយកាលពីសប្តាហ៍មុនរូបគេបានចេញមកនិយាយជុំវិញអនាគតរបស់ខ្លួនផងដែល ដោយបាននិយាយថា៖ «ខ្ញុំកំពុងពិចារណាលើសំណើរគ្រប់ក្លឹបទាំងអស់។ ខ្ញុំមិនទាន់បានបដិសេធនៅសំណើរណាមួយឡើយ។ សម្រាប់ខ្ញុំ គឺគ្រាន់តែជ្រើសរើសក្រុមដែលត្រឹមត្រូវបំផុតសម្រាប់ខ្លួនឯង»៕