អតីតខ្សែបម្រើ Nicky Butt របស់ក្រុមបិសាចក្រហម Man.Utd និង សារិកាព្រៃ Newcastle United ត្រូវបានហាមឃាត់មិនអោយបើកបររថយន្តរយៈពេល ១២ខែបន្ទាប់ពីបុរសសញ្ជាតិអង់គ្លេសបច្ចុប្បន្នមានវ័យ ៤៩ឆ្នាំបានបង្កគ្រោះថ្នាក់ចរាចរកាលពីឆ្នាំ ២០២២ យោងការប្រកាសសាលក្រមរបស់តុលាការបានធ្វើឡើងនៅចុងសប្តាហ៏នេះ។ Butt បានសារភាពនៅមុខតុលាការថាការធ្វេសប្រហែសរបស់គាត់បានធ្វើអោយជនរងគ្រោះមានឈ្មោះ Adam Fielding អាយុ ៣០ ឆ្នាំដែលបានបើកបរម៉ូតូបានរងរបួស ធ្ងន់ធ្ងរបាក់ជើងខាងឆ្វេងហើយត្រូវធ្វើការវះកាត់ដើម្បីដាក់ដែកចូលទៅជើងនោះផងដែរ។
ហេតុការណ៏នេះបានកើតឡើងពោលគឺបន្ទាប់ពីButt បានធ្វើដំណើរជាមួយកូនប្រុសវិលត្រលប់មកពីទីលានហ្វឹកហាត់បាល់ទាត់ រីឯរថយន្តបង្កហេតុគឺ ម៉ាក Land Rover Defender និង ម៉ូតូហុងដារបស់ជនរងគ្រោះនៅតំបន់ Lancashire ក្នុងទីក្រុង Burnley នៅវេលាម៉ោង៨ និង១០នាទីយប់ ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ ។គួរកត់សម្គាល់ថាជនរងគ្រោះFielding បានចំណាយពេលពីរសប្តាហ៍ស្នាក់នៅក្នុងមន្ទីរពេទ្យ ខណៈ Butt ដែលមានដើមកំណើតមកពីទីក្រុង Greater Manchester បានប្រាប់តុលាការនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃសុក្រថា ជាកំហុសដោយអចេតនា និងសោកស្តាយដែលបានបង្កឡើងធ្វើអោយប៉ះពាល់ដល់សុវត្ថិភាពអ្នកដទៃ។ទោះយ៉ាងណានៅក្នុងសវនាការជំនុំជម្រញះក៏បានបញ្ជាឱ្យ Butt បង់ប្រាក់ប្រមាណសរុប២២៥ផោន សម្រាប់ការបង្កហេតុខាងលើនេះផងដែរ។
ប្រភព:The Guardian