(លីស្បោន)៖ ខ្សែប្រយុទ្ធអន្តរជាតិអាហ្សង់ទីន Angel di Maria បានផ្លាស់ទៅលេងឲ្យក្លិប Benfica ជាលើកទី២ ក្រោយការចាកចេញតាំងពីឆ្នាំ២០១០ មក។ នៅចាំបានថា ក្លិបលេងក្នុងលីគកំពូលរបស់ព័រទុយហ្គាល់ Benfica ជាក្រុមនៅអឺរ៉ុបដំបូងគេ នៅពេល Di Maria បានផ្លាស់ចេញពីក្លិបក្នុងស្រុក Rosario កាលឆ្នាំ២០០៧ ដោយបន្តលេងរហូតដល់ឆ្នាំ២០១០ ទើបចាកចេញទៅលេងឲ្យ Real Madrid នៃប្រទេសអេស្ប៉ាញ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័ស.jpg?auto=webp&format=pjpg&width=3840&quality=60)
នារដូវកាលមុន រូបលោកបានចំណាយពេលលេងឲ្យក្លិបសេះបង្កង់ Juventus ក្រោយពេលបញ្ចប់រយៈពេល ៧ឆ្នាំលេងនៅក្លិបបារាំង Paris Saint-Germain។ ជាមួយគ្នានោះ Di Maria នឹងបានជួបជុំមិត្តចាស់រួមជាតិ Nicolas Otamendi សមាជិកឈ្នះជើងឯក World Cup 2022 នៅប្រទេសកាតាដូចគ្នា។ នៅក្នុងសេចក្តីថ្លែងការណ៍របស់ Benfica ដែលបានប្រកាសអមដោយវីដេអូផងនោះបានបញ្ជាក់ថា «សូមស្វាគមន៍ចំពោះការត្រឡប់មកផ្ទះវិញ Di Maria» ដ្បិតត្រូវបានគេរាយការណ៍ថា កិច្ចសន្យាគឺមានតែរយៈពេល ១ឆ្នាំប៉ុណ្ណោះ៕


                
                
                
                
                
                
                
                