(ម៉ូនិច)៖ ខ្សែការពារសញ្ជាតិអូទ្រីស Stefan Lainer ដែលលេងនៅក្លិបអាល្លឺម៉ង់ Borussia Moenchengladbach នឹងអវត្តមានពីការប្រកួតជាច្រើនខែ បន្ទាប់ពីការធ្វើរោគវិនិច្ឆ័យរកឃើញថា មានជំងឺមហារីកឈាម។ នេះបើតាមការឲ្យដឹងពីក្លិបលេងនៅលីគ Bundesliga ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២៣។ Moenchengladbach បានបន្ថែមថា ការធ្វើរោគវិនិច្ឆ័យវេជ្ជសាស្ត្របានបង្ហាញថា ខ្សែការពារស្តាំ វ័យ ៣០ឆ្នាំរូបនេះ មានជំងឺមហារីកកូនកណ្តុរ ជាប្រភេទមហារីកឈាម ហើយលោកត្រូវការវេលាជាច្រើនខែ ដើម្បីទទួលការព្យាបាល។ «ជំងឺមហារីក ត្រូវបានរកឃើញនៅដំណាក់កាលដំបូងបំផុត ហើយអាចព្យាបាលបានដោយថ្នាំ»។ នេះបើតាមក្លិបបានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សLainer បានចូលរួមជាមួយ Moenchengladbach ក្នុងឆ្នាំ២០១៩ ផ្លាស់មកពីក្លិប Salzburg ដែលលេងនៅលីគកំពូលអូទ្រីស។ លោកបានបង្ហាញខ្លួនជាង ១២០ប្រកួត សម្រាប់ក្លិបអាល្លឺម៉ង់នេះ នៅក្នុងការប្រកួតទាំងអស់។ ក្លឹប Moenchengladbach ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១០ កាលពីរដូវកាលមុន នឹងចាប់ផ្តើមយុទ្ធនាការ Bundesliga ឆ្នាំ២០២៣-២០២៤ របស់ពួកគេ ដោយត្រូវប៉ះក្រុម Augsburg នាថ្ងៃទី១៩ ខែសីហាខាងមុខ៕