បរទេស៖ វីរបុរសក្លឹបបិសាចក្រហម Manchester United លោក David Beckham ថា ការទទួលបានកាតក្រហមនៅ World Cup 1998 វគ្គ១៦ក្រុមចុងក្រោយដែលអង់គ្លេសប៉ះជាមួយនឹងក្រុមអាហ្សង់ទីននៅតែជាសុបិន្តអាក្រកតាមលងបន្លាចរូបគាត់ដល់សព្វថ្ងៃ។ David Beckham ធ្លាប់បានសាងកេរ្តិ៍ជាច្រើនជាមួយនឹងក្លឹបបាល់ទាត់លំដាប់កំពូល Real Madrid និង Manchester United ហើយក៏ជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេសផងដែរ។ ប៉ុន្តែអ្វីៗគឺមិនសូវជាល្អប្រសើរឡើយជាមួយនឹងក្រុមជម្រើសជាតិអង់គ្លេស ដោយការប្រកួតដែលគ្រប់គ្នាមិនអាចបំភ្លេចបាននោះគឺជាការប្រកួតរវាងអង់គ្លេសនិងអាហ្សង់ទីន ដែល Beckham ប៉ះទង្គិចគ្នាជាមួយនឹងលោក Simone ដែលបណ្តាលឲ្យ Beckham ទទួលបានកាតក្រហម ខណៈអង់គ្លេសធ្លាក់ចេញពី World Cup ដោយបាល់ប៉េណាល់ទីកាត់សេចក្តី។
Beckham បាននិយាយថា៖ «គ្មានអ្វីត្រូវសង្ស័យទេ រឿងនោះនៅតែប៉ះពាល់ដល់ខ្ញុំពេលបច្ចុប្បន្ន។ វាពិបាកខ្លាំង ប៉ុន្តែវាពិបាកសម្រាប់គ្រួសាររបស់ខ្ញុំជាជាងខ្ញុំផ្ទាល់។ ខ្ញុំព្យាយាមមិនខ្វល់អំពីវា ប៉ុន្តែរឿងនោះបានធ្វើឲ្យខ្ញុំមានក្តីបារម្ភជាងអ្វីៗទាំងអស់។
ខ្ញុំចាំបានថាជីតា របស់ខ្ញុំធ្លាបនិយាយប្រាប់ខ្ញុំថា ‘David ខ្ញុំត្រូវបានគេគោះទ្វារួចនិយាយថា ឯបានធ្វើឲ្យប្រទេសទាំងមូល និងក្រុមគ្រួសាររបស់ឯងធ្លាក់ចុះ។ ខ្ញុំមិនអាចជិះជុំវិញទីក្រុងឡុងបានឡើយ។ ខ្ញុំមិនអាចដើរនៅទីនោះ ខ្ញុំមិនអាចទៅហាងញុំាអី ខ្ញុំមិនអាចចូលបារ សម្បីតែមិត្តរួមខ្ញុំក៏គេលែងហ៊ាននៅជិត។
ពួកគេដឹងថាខ្ញុំទទួលបានការវាយប្រហារ បើសិនខ្ញុំឈប់ស្តុបនោះមនុស្សនឹងដើរមកស្តោះទឹកមាត់ដាក់ឡានខ្ញុំជាងមិនខាន។ រឿងទាំងនោះបានកើតឡើងចំពោះខ្ញុំរាល់ថ្ងៃដល់ទីបីបួនឆ្នាំឯណោះ។»