ក្លឹប Paris Saint-Germain បានបដិសេធកាលពីថ្ងៃព្រហស្បតិ៍ក្នុងការបង់ប្រាក់ឈ្នួលឱ្យទៅខ្សែប្រយុទ្ធ Kylian Mbappe ក្នុងតម្លៃប្រមាណ៥៥ លានអឺរ៉ូស្មើនិង (៦០.៦ លានដុល្លារ) បើទោះបីជាគណៈកម្មាធិការក្របខណ្ឌលីកកំពូលបារាំង (LFP)កាលពីថ្ងៃព្រហស្បត្ត៍ បានបញ្ជាឱ្យធ្វើអោយបានកាន់តែឆាប់តាមដែលអាចធ្វើទៅបានក៏ដោយ ។បើទោះបីជាLFP ដែលជាអាណាព្យាបាលបានត្រួតពិនិត្យគ្រប់បញ្ហាទាំងអស់ដែលទាក់ទងនឹងដំណើរការប្រកួត ប៉ុន្តែក្លឹប PSG បាននិយាយថាពួកគេនឹងស្វែងរកដំណោះស្រាយផ្លូវច្បាប់មួយពីស្ថាប័នផ្សេងដែលទាក់ទងទៅវិញ ។ទោះយ៉ាងណាដោយសារតែវិវាទនេះមានវិសាលភាពធំលើផ្នែកផ្លូវច្បាប់ដូច្នេះរវាងសាម៉ីភាគីទាំងពីរត្រៀមខ្លួនអាចប្រឈមមុខដាក់គ្នាទៅកាន់តុលាការ។
សម្រាប់ខ្សែប្រយុទ្ធវ័យ ២៥ ឆ្នាំMbappe ដែលបានផ្លាស់ទៅកាន់ក្លឹប Real Madrid ដោយគ្មានតម្លៃខ្លួននៅដើមរដូវក្តៅនេះបានចោតប្រកាន់ថា PSG នៅជំពាក់ប្រាក់ឈ្នួលពលកម្មនឿយហត់លើរូបគាត់ចំនួន៥៥ លានអឺរ៉ូ(ដែលក្នុងនោះរួមមានប្រាក់ឈ្នួលនិងប្រាក់រង្វាន់ លើកទឹកចិត្តផ្សេងៗ)។ ទោះយ៉ាងណា ក្លឹបអ្នកមានបារាំង បានលើកឡើងថា Mbappe បានយល់ព្រមមិនទទួលយកប្រាក់ឈ្នួលទាំងនោះនៅកំលុងខែសីហាឆ្នាំ ២០២៣រួចទៅហើយ ។
គួររំលឹកផងដែរថា មេធាវីតំណាងឱ្យភាគីទាំងពីរបានជួបដោះស្រាយគ្នានៅព្រឹកថ្ងៃពុធ បន្ទាប់ពី Mbappe បានបញ្ជូនសំណុំរឿងរបស់គាត់ទៅកាន់គណៈកម្មាធិការច្បាប់របស់ LFP ។
សម្រាប់ PSG ចាប់តាំងពីឆ្នាំ ២០១១មកក្លឹប ត្រូវបានគ្រប់គ្រងភាគហ៊ុនដោយមូលនិធិវិនិយោគដែលគាំទ្រដោយរដ្ឋាភិបាលកាតា Qatar Sports Investments ដែលបច្ចុប្បន្នកាន់កាប់ភាគហ៊ុនប្រមាណ ៨៧.៥% ។ ក្រុមហ៊ុនវិនិយោគអាមេរិក Arctos Partners កាន់កាប់ ១២.៥% ដែលនៅសល់។ PSG គឺជាក្លឹបដែលមានជាងគេបំផុតនៅប្រទេសបារាំង និងជាក្លឹបមួយក្នុងចំនោមក្លឹបអ្នកមានបំផុតនៅលើពិភពលោក បច្ចុប្បន្នមានប្រធានគ្រប់គ្រង(Chairman)គឺលោក Nasser bin Ghanim Al-Khelaifi សញ្ជាតិកាតាមានវ័យ ៥០ឆ្នាំ។
ប្រភព:Besoccer &Wikipedia