(បារាំង)៖ យោងតាមសារព័ត៌មានកីឡា BBC បានឲ្យដឹងថា លោក Thierry Henry បានចុះចេញពីតំណែងគ្រូបង្វឹកជម្រើសជាតិយុវជនអាយុក្រោម ២១ឆ្នាំ បារាំងជាផ្លូវការហើយ មុនពេលកិច្ចសន្យាចាស់ នឹងផុតកំណត់នាឆ្នាំ២០២៥ ខាងមុខ។ បុរសវ័យ ៤៧ឆ្នាំរូបនេះ ទើបតែបានដឹកនាំក្រុម U-23 មាន់គកបារាំង ដណ្តើមបានមេដាយប្រាក់ ក្នុងយុទ្ធនាការអូឡាំពិក រដូវក្តៅ ឆ្នាំ២០២៤ ដែលទើបបញ្ចប់កាលពីថ្ងៃទី១១ ខែសីហា ក្រោមកិច្ចសន្យារយៈពេល ២ឆ្នាំរបស់លោក ដែលនឹងអស់សុពលភាពនាខែមិថុនា ឆ្នាំ២០២៥។
តាមរយៈសេចក្តីថ្លែងការណ៍របស់ Henry បានបញ្ជាក់ថា «ការដណ្តើមបានមេដាយប្រាក់នៅ Olympic Games ជាមួយបារាំង ជាមោទកភាពក្នុងជីវិតរបស់ខ្ញុំ។ ក្នុងរយៈពេលកន្លងមក ខ្ញុំពិតជារីករាយដែលបានធ្វើការជាមួយសហព័ន្ធ និងកីឡាករទាំងឡាយ ក្នុងការជួយជ្រែងបទពិសោធន៍បង្វឹករបស់ខ្ញុំ»។
ទន្ទឹមគ្នានោះដែរ សហព័ន្ធបាល់ទាត់បារាំង ក៏បានសំដែងនូវការសោកស្តាយចំពោះការសម្រេចចិត្តដ៏លឿនបំផុតរបស់ Henry ផងដែរ ដែលតាមគម្រោង សហព័ន្ធមានបំណងឱ្យអតីតកីឡាករក្លិប Arsenal និង FC Barcelona រូបនេះដឹកនាំ U-21 បារាំងលេងពានអឺរ៉ុប European Under-21 Championship នៅប្រទេសស្លូវ៉ាគីថែមទៀត៕
ប្រភព៖ BBC