(អង់គ្លេស)៖ អ្នកសារព័ត៌មានលើការផ្ទេរកីឡាករដ៏ល្បីឈ្មោះលោក Fabrizio Romano បានរាយការណ៍ឲ្យដឹងថា ក្លឹបតោខៀវ Chelsea កំពុងខិតជិតនឹងប្រកាសពីកិច្ចព្រមព្រៀងផ្លូវការណ៍ សម្រាប់ខ្សែបម្រើប្រយុទ្ធ Omari Kellyman ពីក្លឹប Aston Villa ក្នុងតម្លៃផ្ទេរ ១៩លានផោន ជាមួយនឹងការផ្តល់ជូននូវកុងត្រារហូតដល់ឆ្នាំ ២០៣០ បូកនឹងជម្រើសបន្តកុងត្រារយៈពេល ១ឆ្នាំ បន្ថែមទៀតផងដែរ។
ទន្ទឹមនឹងនេះកិច្ចព្រមព្រៀង កំពុងស្ថិតក្នុងដំណើរការ ឈានកៀកនឹងបញ្ចប់ ជាមួយនឹងលក្ខខណ្ឌផ្ទាល់ខ្លួន និងការត្រួតពិនិត្យសុខភាពចាំបាច់នឹងត្រូវធ្វើឡើងនាថ្ងៃចន្ទនេះ។ ការពិភាក្សាបាននឹងកំពុងធ្វើឡើង សម្រាប់កិច្ចព្រមព្រៀងរយៈពេល ៥ឆ្នាំ ខណៈកីឡាករវ័យត្រឹម ១៨ឆ្នាំរូបនេះ ត្រូវបានគេរំពឹងថា នឹងជាផ្នែកមួយនៃក្រុមឈុតធំ របស់អ្នកចាត់ការទូទៅលោក Enzo Maresca។
កីឡាករវ័យក្មេងដែលទទួលបានការវាយតម្លៃខ្ពស់ បានបង្ហាញខ្លួនចំនួន ៦លើក ក្នុងក្រុមឈុតធំរបស់ក្លឹប Aston Villa និងជាកីឡាករអន្តរជាតិអង់គ្លេស U-19 ផងដែរ។ គួរជម្រាបផងដែរថា Kellyman បានចូលរួមជាមួយ Villa ដោយផ្ទេរមកពីក្លឹប Derby County ក្នុងតម្លៃ ៦០០,០០០ផោន កាលពីអំឡុងខែកក្កដា ឆ្នាំ២០២២ កន្លងទៅ៕
ប្រភព៖ BBC & Fabrizio Romano