ត្រឹមតែរយៈពេល ២សប្តាហ៏ប៉ុណ្ណោះក្រុម Borussia Dortmund បានសម្រេចចែកផ្លូវគ្នាជាមួយអ្នកចាត់ការទូទៅលោក Edin Terzic បន្ទាប់ពីសាម៉ីខ្លួនបានស្នើសុំក្លឹបបញ្ចប់កុងត្រា ភ្លាមៗដោយមិនមានការគ្រោងទុក។គួររំលឹកថាគ្រូបង្វឹកសញ្ជាតិអាឡឺម៉ង់បានដឹកនាំក្រុមឈានដល់វគ្គផ្តាច់ព្រ័ត្រ Champions League និងបានត្រឹមជើងឯករងប៉ុណ្ណោះ។នៅក្នុងសេចក្តីថ្លែងការជាផ្លូវការណ៏ថាៈ ក្លឹបអាល្លឺម៉ង់បានយល់ព្រមតាមសំណើរបស់លោក Terzic បន្ទាប់ពី ការពិភាក្សារួមគ្នា និងជាមួយគ្រូបង្វឹកវ័យ៤១ឆ្នាំរូបនេះ។
សូម Subscribe Telegram របស់ Cambosport ដើម្បីទទួលបានព័ត៌មានឆាប់រហ័សTerzic បានចាប់ផ្តើមអាជីពជាគ្រូបង្វឹកយុវជនថ្នាលក្លឹប Dortmund ចន្លោះឆ្នាំ ២០១០ និង ២០១៣ មុនពេលក្លាយជាជំនួយការរបស់លោក Slaven Bilic នៅក្លឹបទួរគី Besiktas ។គាត់ក៏បានដើរតាមបុរសដើមកំណើតយូហ្គូស្លាវី Bilic ទៅបង្វឹកក្រុម West Ham នៅ Premier League ក្នុងឆ្នាំ ២០១៥ ប៉ុន្តែបានចែកផ្លូវគ្នាក្រោយពីក្រុមញញួរធំបានបណ្តេញលោក Bilic ក្នុងខែវិច្ឆិកា ឆ្នាំ ២០១៧។ ហើយទីបំផុត Terzic បានសម្រេចចូលរួមជាមួយ Dortmund ម្តងទៀតក្នុងនាមជាជំនួយការរបស់លោក Lucien Favre នៅឆ្នាំបន្ទាប់។
ទោះយ៉ាងណាបន្ទាប់ពីការបណ្តេញលោក Favre ក្នុងខែធ្នូ ឆ្នាំ ២០២០ លោក Terzic ត្រូវបានតែងតាំងជាគ្រូបង្វឹកបណ្តោះអាសន្នរហូតដល់ចុងបញ្ចប់នៃរដូវកាលនោះ និងបានឈ្នះពាន German Cup ក្រោយជ័យជំនះលើក្រុម RB Leipzig និងក្រោយមកទៀតរូបលោកបានចូលកាន់តួនាទីជានាយកបច្ចេកទេសរបស់ក្លឹប មុនពេលក្លាយជាគ្រូបង្វឹកពេញសិទ្ធិ របស់ពួកគេនៅឆ្នាំ ២០២២។ សម្រាប់រដូវកាលចាស់ Dortmund បញ្ចប់ក្នុងចំណាត់ថ្នាក់លេខ ៥ ប៉ុន្តែមានកៅអីលេងនៅក្របខណ្ឌ Uefa Champion League រដូវកាលថ្មី។
ប្រភពៈBBC