(អង់គ្លេស)៖ របាយការណ៍ថ្មីៗ បានឲ្យដឹងថា ក្លឹបកាំភ្លើងធំ Arsenal នឹងត្រូវចំណាយប្រាក់ប្រមាណជា ៥០លានផោន ដើម្បីធានាបាននូវហត្ថលេខារបស់ខ្សែបម្រើសញ្ជាតិប្រេស៊ីល Douglas Luiz ពីក្លឹប Aston Villa ដែលជាគោលដៅផ្ទេរដ៏មានសក្កានុពល នេះបើតាមសារព័ត៌មាន Mirror ។
បន្ថែមពីនេះ Aston Villa កំពុងពិចារណាចែកផ្លូវជាមួយ Luiz ចំពេលពួកគេត្រូវគោរពតាមច្បាប់នៃប្រាក់ចំណេញ និងនិរន្តរភាពរបស់ Premier League ផងដែរ។ រំលឹកដែរថា កីឡាករសញ្ជាតិប្រេស៊ីលបានមកដល់ Villa Park ផ្ទេរពីក្លឹបមេឃខៀវ Manchester City នៅដើមរដូវកាល ២០១៩-២០ ក្នុងតម្លៃខ្លួនប្រហែល ១៥លានផោន ប៉ុណ្ណេាះបូករួមទាំងប្រាក់រង្វាន់បន្ថែមផ្សេងៗ។
ទោះជាយ៉ាងណា Arsenal មិនមែនជាក្លឹបយក្សតែមួយគត់ក្នុងការតាមប្រមាញ់ខ្សែបម្រើវ័យ ២៦ឆ្នាំ ខណៈដែលក្រុមសេះបង្កង់ Juventus ចង់យកកីឡាករ Weston McKennie ជាថ្នូរបូករួមនឹងទឹកប្រាក់ ២៥លានផោន ដើម្បីចរចាបញ្ចប់នូវកិច្ចព្រមព្រៀង៕
ប្រភព៖ SportsMole