(អាល្លឺម៉ង់)៖ ម្ចាស់ផ្ទះអាល្លឺម៉ង់ នឹងមានអ្នកចាំទីរហូតដល់ទៅ ៤នាក់ សម្រាប់ក្រុមប្រកួតនៅក្នុងព្រឹត្តិការណ៍ Euro 2024 នេះបើយោងតាមក្រុមបឋមរបស់អ្នកចាត់ការទូទៅលោក Julian Nagelsmann ដែលបានបង្ហាញនៅថ្ងៃព្រហស្បតិ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA។
អ្នកចាំទីទាំង ៤រូបដែលត្រូវបានកោះហៅនោះរួមមាន កីឡាករ Alexander Nuebel របស់ក្លិប VfB Stuttgart, កីឡាករ Manuel Neuer របស់ក្លិប Bayern Munich, កីឡាករ Oliver Baumann របស់ក្លិប TSG Hoffenheim និងកីឡាករ Marc-Andre ter Stegen របស់ក្លិប FC Barcelona ខណៈលោក Nagelsmann បានបង្ហាញជំនឿចិត្ត ចំពោះកីឡាករដែលលោកធ្លាប់ជ្រើសរើសឱ្យលេង ក្នុងរយៈពេល ៧ខែកន្លងទៅនេះ។
អាល្លឺម៉ង់បានយកឈ្នះលើបារាំង និងហូឡង់ ក្នុងការប្រកួតមិត្តភាពកាលពីខែមីនា ដែលជាលទ្ធផលល្អបំផុតសម្រាប់ពួកគេ ហើយម្ចាស់ពានរង្វាន់ជើងឯក European ចំនួន ៣លើកនេះ មិនទាន់បានឈ្នះពានរង្វាន់ធំណាមួយនោះទេ គិតចាប់តាំងពីការដណ្តើមបានពានរង្វាន់ World Cup ក្នុងឆ្នាំ២០១៤។ លោក Nagelsmann បានលើកឡើងថា ការមានអ្នកចាំទី ៤នាក់ គឺមានសារៈសំខាន់ណាស់សម្រាប់ការប្រកួត នៅក្នុងព្រឹត្តិការណ៍ខាងមុខ។
សូមជម្រាបថា អាល្លឺម៉ង់នឹងចាប់ផ្តើមយុទ្ធនាការលេងសន្សំពិន្ទុក្នុងពូល A របស់ពួកគេ ក្នុងព្រឹត្តិការណ៍ Euro 2024 ដោយការប្រកួតបើកឆាកទល់នឹងក្រុមស្កុតឡេន នៅថ្ងៃទី១៤ ខែមិថុនាខាងមុខ។ ពួកគេ ក៏នឹងប្រកួតទល់នឹងហុងគ្រី និងស្វីសផងដែរ៕