បរទេស៖ ក្លឹបយក្សនៅប្រទេសអេស្ប៉ាញ AT Madrid ត្រូវបានគេរាយការណ៍ថា បានត្រៀមខ្លួនរួចស្រេចក្នុងការប្រជែងជាមួយនឹងក្លឹបធំៗដទៃទៀតក្នុងការចុះកុងត្រាលើខ្សែប្រយុទ្ធវ័យក្មេងរបស់ក្លឹបបិសាចក្រហម Manchester United គឺ Mason Greenwood នៅរដូវក្តៅខាងមុខនេះ ខណៈបច្ចុប្បន្នកីឡាករអង់គ្លេសរូបនេះកំពុងប្រកបអាជីពនៅលីគអេស្ប៉ាញស្រាប់ជាមួយនឹងក្រុម Getafe ក្នុងលក្ខខណ្ឌខ្ចីជើង។
អនាគតរបស់ Mason Greenwood នៅក្លឹប Manchester United នៅតែមិនទាន់មានភាពច្បាស់ការណ៍ ខណៈជាមួយនឹងទម្រង់លេងដ៏ល្អរបស់គេនៅ Getafe បានធ្វើឲ្យក្លឹបធំៗមួយចំនួននៅទ្វីបអឺរ៉ុបបើកការចាប់អារម្មណ៍របស់កីឡាកររូបនេះជាខ្លាំង បូករួមទាំងក្លឹប AT Madrid ផងដែរ។ ទោះបីជាយ៉ាងណាបើយោងទៅតាមសារព័ត៌មាន Mundo Deportivo បានចុះផ្សាយថា ក្រុមរបស់លោក Diego Simone មានក្តីព្រួយបារម្ភចំពោះការកែប្រែតម្លៃខ្លួនរបស់កីឡាកររូបពីក្លឹប Man Utd ដោយកាលពីរដូវកាលមុនពួកគេគឺទាមទារត្រឹមតែ៣៤លានផោនប៉ុណ្ណោះ ខណៈបច្ចុប្បន្នកីឡាកររូបនេះគឺមានតម្លៃខ្លួនក្បែរ៥០លានផោន ដោយសារតែការបង្ហាញទម្រង់លេងដ៏ល្អនៅ Getafe៕