បរទេសៈ ខ្សែការពារឆ្នើមព័រទុយហ្គាល់ Joao Cancelo បានចាកចេញពីក្លឹបមេឃខៀវ Manchester City ទៅកាន់ក្លឹប FC Bayern Munich កាលទីផ្សារដោះដូរខែមករាក្នុងនាមជាកីឡាករខ្ចីជើង ។
ទោះបីជាយ៉ាងគាត់ជាផ្នែកដ៏សំខាន់ដែលបានជួយឲ្យក្រុម Man City ឈ្នះពានរង្វាន់ Premier League ជាប់ៗគ្នាក្តី និងបានជួយក្រុមខ្លួនឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រពានរង្វាន់ Champions League ក៏ដោយ ប៉ុន្តែរដូវកាលនេះគឺមិនមែនជារដូវកាលរបស់គេនៅ Man City ឡើយ បន្ទាប់ពីលោក Pep Guardiola សម្រេចចិត្តទម្លាក់រូបគេចេញពីជម្រើស១១នាក់ដំបូង និងផ្តល់ឪកាសឲ្យកាន់យុវជនវ័យក្មេងជំនួសរូបគេវិញ ។ យ៉ាងមិញអំឡុងពេលទីផ្សារដោះដូរខែមករា រូបគេក៏បានសម្រេចចិត្តចាកចេញពី Eithad ដោយផ្ទេរទៅកាន់ Bayern Munich ក្នុងលក្ខខណ្ឌខ្ចីជើងបន្ទាប់ពីទទួលបានភ្លើងខៀវពីលោក Pep ។
ក្រោយផ្ទេរទៅកាន់ Bayern ក្នុងការប្រកួតដំបូងត្រូវបានគេសង្កេតឃើញថា វាជាការចាប់ផ្តើមដ៏ល្អសម្រាប់រូបគេ ដោយសាររូបគេអាចបញ្ជូនបាល់ឲ្យមិត្តរួមក្រុមទាត់ចូលភ្លាមៗ ក្រោយចូលលេងឲ្យក្លឹបថ្មីបានត្រឹមតែ១៧នាទីប៉ុណ្ណោះ ។ ទោះបីជាយ៉ាងណាក្តី អ្វីៗ ក៏មិនរលូន ដូចការរំពឹងទុករបស់គេឡើយ ដោយបច្ចុប្បន្នរូបគេបានជួបប្រទះនូវរឿងដដែល ដែលបានកើតឡើងចំពោះគេដូចជាកាលពីនៅ Man City ដោយ២ប្រកួតចុងក្រោយនេះរូបគេទើបលេងបាន១២នាទីប៉ុណ្ណោះ ហើយត្រូវបានគេជឿជាក់ថា រូបគេទំនងជាមិនអាចបង្ហាញវត្តមាននៅការប្រកួតរវាង PSG និង Bayern នៅថ្ងៃព្រហស្បតិ៍នេះផងដែរ ។