• គ្រាប់បាល់៣គ្រាប់របស់ជប៉ុន កាលពីយប់មិញ អាចធ្វើឱ្យក្រុម U23កម្ពុជា ចាញ់ដោយស្ងប់ចិត្ត
    បាល់ទាត់ | បាល់ទាត់ក្នុងស្រុក 1 week ago 85 Views

    ក្រុមជម្រើសជាតិកម្ពុជាអាយុ​​ក្រោម​២៣​ឆ្នាំ និង​អ្នកគាំទ្រកម្ពុជា អាច​នឹង​​ស្ងប់​ចិត្ត​បាន​ហើយ សម្រាប់ការ​ចាញ់​​ក្រុម​U23ជម្រើស​ជាតិ​ជប៉ុន ៣-១ សម្រាប់ការ​ប្រកួត​អន្តរជាតិ នៅ​ពហុកីឡ​ដ្ឋាន​ជាតិ កាលពី​យប់​ថ្ងៃអង្គារ ម្សិលមិញ។

    បើទោះបីជា ក្រុមU23ជប៉ុន ដែល​មក​ប្រកួតជាមួយក្រុម​U23កម្ពុជា កាលពីម្សិលមិញ​នេះ គឺ​ភាគ​ច្រើន ជា​កីឡាករ​លេងនៅ​សាកល​វិទ្យាល័យរបស់​ជប៉ុន ប៉ុន្តែ​ស្ថាន​ភាព​ប្រកួត​ជាក់ស្តែង បានបង្ហាញ​ថា ក្រុម​កីឡាករ​របស់ជប៉ុនទាំងនេះ ពិតជា​ធ្វើបាន​ល្អ និងមាន​កម្រិត​លេង​ខ្ពស់ជាង ទាំងការ​លេង​ជា​ក្រុម និង​លេង​ជាលក្ខណបុគ្គល។

    អ្វីដែល​គួរ​ឱ្យចាប់អារម្មណ៍​បំផុត​នោះ គឺការ​រកបាន​៣គ្រាប់​​របស់​​ក្រុមU23ជប៉ុន សុទ្ធតែ​ជា​គ្រាប់បាល់ពិសេសទាំងអស់ ដែលកើតចេញពីការ​សហការគ្នា​លេង​យ៉ាង​ល្អ និង​បាល់​រៀបចំ ហើយ​​ក្រុមនេះ មានឱកាស​ច្រើន តែធ្វើបាន​សម្រេច​ត្រឹម​៣​គ្រាប់ ជាមួយការ​ស៊ុត និងតែតបាល់​បញ្ចូលទី​យ៉ាងល្អបំផុត។

    តាម​រយៈ​ការ​ប្រកួត​នោះ កីឡាករ Hiiro Komori ​បានស៊ុត​បាល់​ធ្លាក់ពី​លំហ ពីការបញ្ជូន​របស់​មិត្តរួមក្រុម បញ្ចូល​ទី​យ៉ាង​ល្អបំផុត នៅនាទីទី​១៣ ដើម្បីជួយ​ឱ្យក្រុមជប៉ុន នាំ​មុខ ១-០ ប៉ុន្តែ​ការ​បង្កើតកំហុស​របស់​កីឡាករជប៉ុន ដោយ​បាន​យក​ដៃទៅប៉ះបាល់ នៅក្នុងតំបន់​គ្រោះ​ថ្នាក់ ពី​ការ​ទាត់​បាល់​ហ្រ្វីឃីក​របស់​កីឡាករ មិន រតនៈ នោះ នាំ​ឱ្យអាជ្ញាកណ្តាលបាន​ផ្តល់បាល់ពិន័យ​១១ម៉ែត្រ មក​ឱ្យក្រុមកម្ពុជា ហើយ​ប្រធានក្រុម ជួន ចាន់ជាវ ជាអ្នកស៊ុតបានសម្រេច នៅនាទីទី​២៧។

    តែទោះបីជា​យ៉ាងណា ការ​ព្យាយាម​វាយ​លុក​ជា​បន្តបន្ទាប់របស់ក្រុមជប៉ុន បានផ្តល់​ឱកាស​​ឱ្យ​កីឡាករ Fujii Kaito អាច​រក​បានគ្រាប់បាល់​ទី​២ តាមស៊ុតបាល់​ភ្លាត់​ពីលំហ បញ្ចូល​ទី​យ៉ាង​​ល្អបំផុត នៅនាទីទី​៣៧ ចំណែក​​គ្រាប់បាល់​ទី​៣​ ជាការ​តែត​បាល់​បញ្ចូលទី​ដ៏​ល្អ​របស់ Hayato Mizuno នៅនាទីទី​៦៧។

    ជាមួយការចាញ់ ៣-១ នេះ ប្រធានក្រុម ជួន ចាន់ជាវ បាន​និយាយ ក្រោយការ​ប្រកួត​ថា៖ «ដូចយើងបាន​ឃើញជាក់ស្តែង​អ៊ីចឹង គឺ​ក្រុម​របស់គេ​​ខ្លាំង​ជាងយើង​ គេ​ល្អជាង ប៉ុន្តែ​អ្វីដែល​យើង​ត្រូវ​​ធ្វើ​ គឺ​ទំនុក​ចិត្តខ្លួន​ឯង កុំអស់​សង្ឃឹម តែ​ត្រូវខំហាត់ថែម​ទៀត។ ចំណុច​ខ្វះខាត​របស់​យើង​គឺ​ទំនុក​​ចិត្ត ព្រោះ​ទាល់តែ​យើង​មាន​ទំនុក​ចិត្ត ទើប​យើងហ៊ាន​លេង។ ទោះបីជា​យើង​ដឹង​ថា ក្រុមគេ​ខ្លាំង ប៉ុន្តែ​យើង​ត្រូវតែ​ហ៊ាន​លេង ដើម្បី​អភិវឌ្ឍ​ខ្លួនឯង»

  • Loading...
  • Recent Posts