• លោក វ៉ាត់ ចំរើន ប្រាប់ប្រតិភូកីឡាកម្ពុជា ឱ្យតស៊ូ និងលះបង់គ្រប់យ៉ាង ដើម្បីទទួលបានជោគជ័យ សម្រាប់ការហាត់នៅចិន
    កីឡាផ្សេងៗ 2 weeks ago 42 Views

    អគ្គលេខាធិការ​គណៈកម្មាធិការជាតិ​រៀបចំ​ការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) លោក វ៉ាត់ ចំរើន បានជំរុញ​ឱ្យ​​ប្រតិភូកីឡា​កម្ពុជា​ទាំង​ ១៦១​នាក់ ត្រូវ​​មានការតស៊ូ ព្យាយាម និង​លះបង់​គ្រប់បែប​យ៉ាង ដើ​ម្បី​អាច​ទទួលបាន​ជោគជ័យ សម្រាប់ការ​ចេញ​ទៅហ្វឹក​ហាត់ នៅ​ប្រទេស​ចិន នាថ្ងៃទី​១៥ ខែកញ្ញានេះ។

    នៅក្នុងពិធី​សំណេះសំណាល នៅ​ទី​ស្នាក់ការ NOCC កាលពី​ថ្ងៃ​អង្គារ លោក វ៉ាត់ ចំរើន បានថ្លែង​ថា៖ «ការ​ចេញ​ទៅ​ហ្វឹក​ហាត់នៅប្រទេស​ចិន​នេះ ពិតជា​មានសារសំខាន់ សម្រាប់ជាតិ ជា​ពិសេស​សម្រាប់ព្រឹត្តិការណ៍​ប្រវត្តិសាស្រ្ត​៦៤​ឆ្នាំ ដែល​កម្ពុជា​បាន​រង់ចាំ។ យើងទាំងអស់​គ្នា ជា​ម្ចាស់ផ្ទះ អ៊ីចឹង​យើងត្រូវ​​ធ្វើការ​ហ្វឹកហាត់ ដោយកម្លាំងកាយ​ កម្លាំង​ចិត្ត​យ៉ាងមុតមាំ​ជា​ទីបំផុត ក្នុង​ការ​ស្រូប​យក​មក​វិញ នៅ​គុណ​​ផលកីឡា​​កម្រិតខ្ពស់​»។

    សម្រាប់​ការ​ត្រៀម​ចេញទៅ​ហ្វឹកហាត់ នៅប្រទេសចិននេះ គឺ​មាន​​ប្រតិភូ​​២នាក់ ព្រម​ទាំង​​កីឡាករ កីឡាការិនី​សរុបចំនួន​១៥៩នាក់ មកពី​ប្រភេទកីឡា​ចំនួន​១២ ក្នុង​នោះ​កីឡា​កាយ​សម្ព័ន្ធ មាន​១១នាក់, យូដូ​៥នាក់, វូស៊ូ១០នាក់, បាល់​បោះ១៥នាក់, វាយកូនឃ្លីលើតុ ១០​នាក់, អត្តពលកម្ម​២០នាក់, ចំបាប់​១៥នាក់, វាយសី១២នាក់, ហែលទឹក១១នាក់, លើក​ទម្ងន់​១០​នាក់, បាល់​ទាត់នារី២៥នាក់ និងបាល់ទះនារី មាន​១៥នាក់ ហើយ​អ្នកទាំង​នេះ នឹង​ត្រូវ​ហ្វឹក​ហាត់ នៅ​ចិន រហូត​ដល់ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា​តែម្តង។

    លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «សូម​លោកគ្រូ ដែល​ជា​អ្នក​ដឹកនាំតាមក្រុម និង​កីឡាករ កីឡាការិនី​​ទាំង​អស់​ ត្រូវ​ត្រៀម​​ចិត្ត​សាស្រ្ត​ខ្លួន​ឯង ដើម្បី​ត្រៀមទទួល​យក​ការ​លំបាក ការ​តស៊ូ ការប៉ះទង្គិច​នានា ក្នុង​ពេល​ហ្វឹកហាត់​ ហើយត្រូវ​បំពេញ​បេសកកម្ម​នេះ ឱ្យបានចប់ចុងចប់​ដើម ហើយហាមដាច់​ខាត កុំ​គេច​វេះ​ពីកាលវិភាគ​នៃ​ការ​ហ្វឹក​ហាត់​ ដើម្បី​រក្សាកិត្តិយស ដែល​យើងទៅ​ហ្វឹក​ហាត់នេះ ក្នុងការ​ទទួលបានជោគ​ជ័យ​។

    ជាមួយគ្នានោះ លោក Wu Gouquan កុងស៊ុល​ផ្នែក​សេដ្ឋកិច្ច និង​ពាណិជ្ជកម្ម​ តំណាង​ឯក​អគ្គរាជ​ទូត​ចិនប្រចាំ​នៅកម្ពុជា បានចាត់​ទុក​ការ​ចេញ​ទៅ​ហ្វឹក​ហាត់នេះ​ថាជា​ឱកាស​ដ៏​សំខាន់ សម្រាប់​ប្រតិភូ​កីឡា​កម្ពុជា ហេតុ​នេះ​លោកបាន​ជំរុញ​ឱ្យក្រុម​កីឡាករ កីឡាការិនី​កម្ពុជា ព្យា​យាម​​ហ្វឹក​ហាត់ ជាមួយ​គ្រូ​បង្វឹក​ចិន និង​ក្រុមអត្តពលិក​របស់​ចិន ផងដែរ ដើម្បី​ពង្រឹង​សមត្ថ​ភាព​ខ្លួន​ឯង សម្រាប់វិល​ត្រឡប់មក​ប្រកួត​តំណាង​ឱ្យ​កម្ពុជា​វិញ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣។

    បន្ថែម​លើ​នេះ លោក វ៉ាត់ ចំរើន បាន​ជំរុញ​ឱ្យ ក្រុម​អត្តពលិកកម្ពុជា កែ​ប្រែ​ពីការ​​ហ្វឹកហាត់​ធម្ម​តា ទៅជា​រឿង​អស្ចារ្យ​ សម្រាប់​ជោគ​ជ័យ នៃ​ជីវិត​របស់​ខ្លួន នៅ​ក្នុងអាជីព​ជា​កីឡាករ កីឡាការិនី​ជម្រើសជាតិ ព្រោះ​ការទៅ​ចូលរួម​ហ្វឹក​ហាត់ នៅក្នុងវគ្គនេះ គឺក្នុង​នាមជាតិ​ទាំង​មូល ទៅ​ក្នុងនាម​កិច្ច​សហប្រតិការ​ក្នុង​កម្រិត​រដ្ឋាភិបាល និងរដ្ឋាភិបាល​​នៃ​ប្រទេស​ទាំង​២ ដូច្នេះ​យើងទាំងអស់គ្នា ត្រូវ​រក្សា​នៅកិត្តិយស​នេះ ឱ្យ​ប្រទេស​យើងទាំង​២ និងឆ្ពោះ​ទៅ​ឆ្នាំ​២០២៣​នេះ បាន​ទទួល​ជោគ​ជ័យ។

    «យើង​ទៅ​ហ្វឹក​ហាត់នេះ គឺ​ដើម្បីផ្លាស់ប្តូរ​នៅវិជ្ជាជីវៈ​​របស់យើង ឱ្យកាន់តែ​ខ្ពស់ឡើង​ថែម​ទៀត និងដើម្បី​អភិវឌ្ឍ​វិស័យ​កីឡាជាតិ​របស់យើង ពិសេស​ធ្វើ​ឱ្យ​មាននៅ​ជំនឿ​ចិត្ត​ផ្ទាល់ខ្លួន​របស់​យើង​ម្នាក់ៗ​ អ៊ីចឹង​សូម​ឱ្យ​ប្រធានប្រតិភូ និងគ្រូ​បង្វឹក​ទាំង​អស់ ក្នុង​ដូចជា​កីឡាករ កីឡាការិនី​ ត្រូវគោរពទៅតាមច្បាប់​ បទបញ្ជា កន្លែងរស់​នៅ និងច្បាប់​របស់រដ្ឋាភិបាល ទៅលើ​វិធានការ​កូវីដ ព្រោះ​​នៅទី​នោះ គេ​មានការ​រៀបចំ​យ៉ាងតឹងរឹង និងត្បិត​ត្បៀត​ខ្លាំង ហេតុនេះ សូមកុំប្រឆាំង»។​

    លោក វ៉ាត់ ចំរើន បាន​បញ្ជាក់​ថា៖ «សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន CAMSOC និង​ឯកឧត្តម​បណ្ឌិត ថោង ខុន ជា​អនុ​ប្រធាន​អចិន្ត្រៃយ៍ បាន​ផ្តាំ​ផ្ញើ នៅ​អ្វី​ដែល​ខ្ញុំបាន​​ផ្តល់​ជូន នៅពេលនេះ គឺ​សូម​រក្សា​ឱ្យបាន​នៅកិត្តិយស​ជាតិ កិត្តិយស​របស់​យើងម្នាក់ៗ ដែល​ត្រូវ​ទៅហ្វឹក​ហាត់នេះ ហើយត្រៀម​ខ្លួន​ជា​និច្ច​ នៅ​ក្នុងការ​តស៊ូ ព្យាយាម​ និងការ​លះបង់​គ្រប់បែប​យ៉ាង​ ដើម្បី​ឱ្យបេសកកម្មនេះ ទទួល​បានជោគជ័យ​»៕

  • Loading...
  • Recent Posts