• កម្ពុជា បញ្ជាក់ពីភាពស្អាតស្អំ ជុំវិញការកៀរគររកប្រាក់ចំណូល មកទ្រទ្រង់ស៊ីហ្គេម នៅឆ្នាំ២០២៣
    កីឡាផ្សេងៗ 3 weeks ago 45 Views

    ប្រទេស​កម្ពុជា តាម​រយៈ​គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើក​ទី៣២ ឆ្នាំ២០២៣ (AMSOC) បាន​បញ្ជាក់​​យ៉ាង​ច្បាស់ នៅ​ក្នុ​ង​កិច្ច​ប្រជុំ កាលពី​ថ្ងៃចន្ទ ម្សិលមិញ​ថា ការ​កៀរគររកចំណូល​គ្រប់បែប​យ៉ាង ដើម្បី​មក​ទ្រទ្រង់ដល់​ដំណើរ​ការ​ធ្វើ​ម្ចាស់​ផ្ទះ​ស៊ីហ្គេម នៅ​ឆ្នាំ​២០២៣​ខាងមុខ​នេះ គឺ​មិនពាក់ព័ន្ធ ទៅនឹង​គណៈកម្មការ​ណា​មួយ​របស់ CAMSOC នោះ​ទេ។

    តា​ម​ខ្លឹម​សារ ដែល​​ត្រូវ​បាន​លើក​ឡើង នៅក្នុង​អង្គប្រជុំ នៅទីស្នាក់ការ NOCC ក្រោម​ការ​​ដឹកនាំ​របស់​​លោក​រដ្ឋមន្រ្តីក្រសួង​ទេសចរណ៍ ថោង ខុន ជាអនុ​ប្រធាន​​អចិន្រ្តៃយ៍ CAMSOC នោះ គឺ​ CAMSOC បាន​ប្រគល់​សិទ្ធិ​ពេញលេញ​ទៅឱ្យក្រុមឯកជន​ឈ្មោះ​ Pathmazing INC ជា​អ្នករ៉ាប់រង​លើការ​ងារ​រក​ចំណូល​នេះ។

    លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ CAMSOC បាន​ថ្លែង​ក្រោយ​កិច្ច​ប្រជុំ​​ថា៖​ «អ្វីដែលជា​បំណងប្រាថ្នាធំ​របស់ CAMSOC គឺ​យើង​ចង់ឱ្យ​ស៊ីហ្គេម-អាស៊ានប៉ារ៉ាហ្គេម ជា​ប្រវត្តិ​សាស្ត្រ​ដំបូង​របស់​កម្ពុជា មានភាពផុសផុលខ្លាំង នៅ​គ្រប់​ទី​កន្លែងទាំងអស់ ​ហើយ​ដំណើរការ​នេះ​ អាច​ទទួល​បាន​​ជោគជ័យ លុះ​ត្រាតែ​មាន​ការ​គាំទ្រ​ពី​គ្រប់​សមាស​ភាព​ពាក់​ព័ន្ធ​ទាំង​អស់ ដោយក្នុង​នោះ​​គណៈ​កម្មការ​ទីផ្សារ និង​ចលនូ​បត្ថម្ភ ជា​​ផ្នែក​ពិសេស»។

    គណៈកម្មការទីផ្សារ និងចលនូបត្ថម្ភ ដឹកនាំដោយលោក ថោង រដ្ឋសក្តិ ជា​ប្រធានគណៈកម្មការ និង​គណៈកម្មការជំនាញផ្សេងទៀតនៃ CAMSOC សុទ្ធតែ​បាន​ចូលរួម​​ក្នុង​កិច្ច​ប្រជុំ​ព្រឹកនេះ និង​បាន​ធ្វើបទបង្ហាញ​ពីសកម្ម​ភាពការងារ​របស់​ខ្លួន ឱ្យ​អង្គប្រជុំបាន​​ដឹង និង​ធ្វើការ​​ត្រួត​ពិនិត្យ ​ដើម្បីរុញការងារ​ទាំង​អស់នេះ ​ធ្វើ​ឱ្យ​ស្រប​តាម​គោល​ការណ៍​សន្សំសំចៃ​ប្រកបដោយ​សុចរិតភាព តម្លាភាព គណនេយ្យភាព និងការ​ស្មោះត្រង់។

    លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖«​ក្រោម​​ការ​ដឹកនាំ​​​របស់ឯកឧត្តម ថោង ខុន គឺ​អង្គប្រជុំ បានញែកការងារ និង​​បាន​ប្រគល់​ភារ​កិច្ចច្បាស់លាស់ ជូន​ក្រុម​ហ៊ុន​ Pathmazing INC ដែលជាអ្នករ៉ាប់រងក្នុងការរកចំណូល ហើយត្រូវបានកំណត់ក្នុងច្រកចេញចូលតែមួយ ដើម្បី​ធ្វើ​ឱ្យ​មានតម្លាភាព ​គណនេយ្យភាព និង​ភាពស្មោះត្រង់​ ក្នុង​ការធ្វើការងារ»។

    លោក​បាន​បញ្ជាក់ថា៖​«CAMSOC ដែលជា​គណៈកម្មាធិការនយោបាយ ដឹកនាំ គ្រប់គ្រង​នេះ គឺ​មិនអាច​ទៅ​ធ្វើការងារ​នេះបានទេ ព្រោះ​វា​មិន​ត្រឹមត្រូវ ទៅតាម​គោលការណ៍​តម្លាភាព​ អ៊ីចឹង​ដើម្បីសន្សំ​សំចៃ និងមាន​ការ​ងារប្រកប​ដោយ​ប្រសិទ្ធភាពខ្ពស់​ គឺ​យើង​បាន​ប្រើប្រាស់​យន្តការ​ផ្តល់សិទ្ធិដល់ក្រុមហ៊ុនឯកជន ដែលមានវិជ្ជាជីវៈ និងមានការ​យល់​ដឹងខ្ពស់អំពី​បច្ចេក​ទេស ក្នុងការ​ធ្វើ»។

    អ្នកជំនាញ​កីឡា​ លោក វ៉ាត់ ចំរើន បានសង្កត់ធ្ងន់ថា៖​ «ទាំងអស់នេះហើយ ដែល​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC បាន​ឯកភាព​ជា​គោល​ការណ៍​ ក្នុងការ​ផ្តល់សិទ្ធិពេញ​លេញ ទៅ​ឱ្យ​ក្រុមហ៊ុនឯកជន Pathmazing INC នេះ ហើយ​តាម​បទបង្ហាញរបស់ក្រុមហ៊ុន​នេះ គឺ​ពិត​ជា​មាន​ភាព​ច្បាស់​លាស់ ប្រកប​ដោយ​វិជ្ជាជីវៈខ្ពស់ មានលក្ខណៈទាក់ទាញ សោភ័ណភាព ជាពិសេស​​ធ្វើ​ដោយ​​​ភាព​ស្មោះ​ត្រង់​ជាទីបំផុត ​ទៅលើគោលការណ៍សន្សំសំចៃ តម្លាភាព សុចរិតភាព និង​គណនេយ្យភាព»៕

     

  • Loading...
  • Recent Posts