• ប្រទេសមួយ កំពុងដាក់គំនាបដល់ប្រទេសនៅអាស៊ាន កុំឱ្យបញ្ជូនប្រតិភូកីឡា ITF មកប្រកួតស៊ីហ្គេម នៅកម្ពុជា
    កីឡាផ្សេងៗ 3 weeks ago 162 Views

    ការ​បង្ហាញ​ខ្លួន​ នៅ​ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម ជា​លើកដំបូង របស់​ក្រុម​កីឡាតេក្វាន់ដូ ITF កម្ពុជា នៅ​ឆ្នាំ​២០២៣ ខាងមុខ​នេះ បាន​នឹងកំពុងជួបបញ្ហា ព្រោះ​ពេលនេះ មាន​ប្រទេសមួយ កំពុង​ព្យាយាម​ដាក់គំនាបទៅ​ដល់ប្រទេស​ផ្សេងៗ​ទៀត នៅ​ក្នុង​តំបន់​អាស៊ាន កុំ​ឱ្យ​បញ្ជូន​ប្រតិភូ​កីឡា មកប្រកួត​លើ​ប្រភេទ​កីឡា​នេះ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣នេះ។

    ដំណឹង​ដ៏គួរ​ឱ្យ​ភ្ជាក់ផ្អើល​នេះ ត្រូវបាន​ប្រធាន​សហព័ន្ធ​កីឡា ITFកម្ពុជា លោក កែវ រ៉េមី ជាអ្នក​ទម្លាយ​តែម្តង ប៉ុន្តែ​លោក​មិន​បាន​បង្ហាញ​ឈ្មោះ​ចំៗ ចំពោះប្រទេស ដែលកំពុង​មាន​ចេតនា រារាំង​ដល់​ផែន​ការ​ប្រកួតប្រជែង​របស់ប្រភេទ​កីឡា​តេក្វាន់ដូ ITF របស់​ម្ចាស់​ផ្ទះ​កម្ពុជា ពេល​ធ្វើ​ស៊ីហ្គេម ឆ្នាំ​២០២៣នេះ​ទេ។

    តែទោះបីជា​យ៉ាង​ណា ​ប្រធានសហព័ន្ធ​កីឡាតេក្វាន់ដូ ITF លោក កែវ រ៉េមី បាន​ដឹង​ច្បាស់​ ពី​ចេតនា​ខូច​របស់​ប្រទេស​មួយ​នោះ ដែល​បាន​រំលោភបំពាន​នៅ​បទបញ្ជា និង​គោលការណ៍​​របស់​កីឡា ហើយ​លោក​បាន​ហៅ​ប្រទេស​មួយ​នោះ​ថា មាន​ភាពកំសាក ដែលខ្លាច​នៅ​ភាព​ខ្លាំង​របស់​ក្រុមតេក្វាន់ដូ ITF កម្ពុជា និង​បាន​ដាក់គំនាប​ដល់​ប្រទេស​ផ្សេងៗ​ទៀត ឱ្យមាន​ភាពកំសាក​ដូច​ខ្លួនដែរ។

    លោក កែវ រ៉េមី បានបង្ហាញសារ នៅលើ​ផេចហ្វេសប៊ុក​ផ្ទាល់​ខ្លួន​របស់​លោក កាលពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ «ខ្ញុំមិនយល់។ បទបញ្ជារបស់កីឡាគ្មានការរើសអើង ប្រទេសតូចឬធំ មានឬក្រ នយោបាយ ពណ៌សម្បុរ ។ល។ តែ​ផ្ទុយទៅ​វិញ​មាន​ប្រទេស​មួយ​នោះ ដើរ​ដាក់​គំនាប​ទៅ​លើ​ប្រទេស​ផ្សេងៗ​នៅ​ក្នុង​អាស៊ាន​ មិន​ឱ្យ​បញ្ជូនតេក្វាន់ដូ ITF មក​លេង​ក្នុងស៊ីហ្គេម ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ ​ពីព្រោះ​ដឹង​ថា ITF ជាប្រភេទកីឡាមានសក្កានុពល( កំសាកមែន)»។

    ជាមួយការ​បង្ហោះសារ ដ៏គួរ​ឱ្យ​ភ្ញាក់ផ្អើលនេះ មាន​អ្នក​ស្នេហា​វិស័យ​កីឡា និងអ្នក​ស្គាល់​លោក កែវ រ៉េមី ចូលមតិយោបលជាច្រើន ហើយ​នៅក្នុង​នោះ​មានហ្វេសប៊ុក​ឈ្មោះ Vannary So បាន​លើក​ឡើង​ថា៖ «ឆ្កែចេះតែព្រុស មនុស្សនៅតែដើរ យើងម្ចាស់ផ្ទះតើ មិន​បាច់​ខ្វល់»។

    ប៉ុន្តែ លោក កែវ រ៉េមី បាន​ឆ្លើយតបទៅ Vannary So វិញ​ថា៖​«យើង​លេង​បាន​ទាល់​តែយ៉ាង​ហោច​ណាស់​មាន​ប្រទេស៤ រួមទាំងយើង ទើបលេងបាន។ តែ​វា​ដើរ​គំរាម​គេ​មិនឱ្យ​ទទួល​ស្គាល់ ITF នៅតាមបណ្តាប្រទេសអាស៊ានផ្សេងទៀត ហើយមិនឱ្យ​បញ្ជូនមកលេងទេ»។

    គួរបញ្ជាក់ថា ប្រភេទ​កីឡា​តេក្វាន់ដូ ITF របសកូរ៉េខាងជើង ត្រូវបាន​ក្រុមប្រឹក្សា​សហព័ន្ធ​កីឡាអាស៊ីអាគ្នេយ៍ ព្រមទាំង CAMSOC សម្រេច​​ដាក់បញ្ចូល នៅ​ក្នុងការ​​ប្រកួត​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣​នេះ រួច​ហើយ។

    ជាមួយគ្នា​នេះ ក្រុមតេក្វាន់ដូ ITF កម្ពុជា ត្រូវបាន CAMSOC ដាក់សម្ទុះ​ដណ្តើម​មេដាយមាស​ឱ្យ​​បាន​​យ៉ាង​តិច​ចំនួន​១៥ ជូនកម្ពុជា   ហើយ​CAMSOC ក៏​បានសម្រេច​រួច​រាល់​ហើយ​ដែរ​ថា នឹងដាក់​​​ក្រុមតេក្វាន់ដូ ITF ឱ្យ​ប្រកួត​មុន​គេ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ដើម្បីជា​ការ​នាំ​មុខ ក្នុងការ​ដណ្តើមមេដាយមាស​ឱ្យ​កម្ពុជា៕

  • Loading...
  • Recent Posts