• កម្ពុជា រំពឹងអាចបង្ហាញពីកិត្យានុភាពជាតិ សម្រាប់ការធ្វើម្ចាស់ផ្ទះ កិច្ចប្រជុំ OCA
    កីឡាផ្សេងៗ 3 weeks ago 48 Views

    កម្ពុជា តាមរយៈគណៈកម្មាធិការជាតិ រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC) មានការរំពឹងថា នឹងអាចបង្ហាញពីកិត្យានុភាពជាតិ ទៅកាន់ពិភពលោក សម្រាប់ការធ្វើម្ចាស់ផ្ទះ ក្នុងកិច្ចប្រជុំមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ី លើកទី៤១ (41st OCA General Assembly) ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែតុលា ឆ្នាំ២០២២នេះ។

    នៅក្នុងកិច្ចប្រជុំជាមួយអ្នកពាក់ព័ន្ធ នៅទីស្នាក់ការ NOCC កាលពីថ្ងៃព្រហស្បតិ៍ លោក វ៉ាត់ ចំរើន បានថ្លែងថា៖ «ដោយទទួលបានសេចក្តីសម្រេចដ៏ខ្ពង់ខ្ពស់របស់សម្តេចពិជ័យសេនា ទៀ បាញ់ ជាប្រធាន CAMSOC គឺយើងបានផ្តល់នៅតួនាទី ភារកិច្ច និងការទទួលខុសត្រូវ រៀបចំនេះ បានរួចរាល់អស់ហើយ ហើយគណៈកម្មការជំនាញទាំងអស់ ដែលចូលរួមក្នុងការរៀបចំនេះ គឺយើងបានទទួលព័ត៌មាន ជាក់លាក់ច្រើនហើយ»

    អគ្គលេខាធិការ CAMSOC លោក វ៉ាត់ ចំរើន បានឱ្យដឹងថា ប្រទេសជាចលនានៅទ្វីបអាស៊ីទាំង៤៥ប្រទេស សុទ្ធតែនឹងមកចូលរួមនៅក្នុងមហាសន្និបាតក្រុមប្រឹក្សាអូឡាំពិកអាស៊ីនេះ ហើយប្រទេសជាចលនាអូឡាំពិក នៅក្រៅទ្វីបអាស៊ី ព្រមទាំងស្ថាប័នអូឡាំពិកអន្តរជាតិ និងអង្គការកីឡាធំៗផ្សេងទៀត នៅជុំវិញពិភពលោក ក៏នឹងចូលរួម ក្នុងកិច្ចប្រជុំដ៏ធំនេះផងដែរ ដែលអាចមានអ្នកចូលរួម ក្នុងរង្វង់៣០០ ទៅ៤០០នាក់។

    ជាមួយចំនួនអ្នកចូលរួម ក្នុងកិច្ចប្រជុំ OCA ជាលើកដំបូង នៅកម្ពុជានេះ លោក ចំរើន បានបញ្ជាក់ថា៖ «កម្ពុជាយើង នឹងទទួលបាននូវមោទនភាព សម្រាប់ការរៀបចំធ្វើជាម្ចាស់ផ្ទះកិច្ចប្រជុំនេះ ដើម្បីជាការលើកកម្ពស់នូវកិត្យានុភាពរបស់ជាតិយើង ព្រោះយើងនឹងបង្ហាញពីទិដ្ឋភាពពិត និងសក្តានុពលជាតិយើង គឺកម្ពុជាកំពុងរស់នៅក្នុងសន្តិភាព និងការអភិវឌ្ឍ ទៅដល់ប្រទេសទាំងអស់ ដែលបានចូលរួម ក្នុងកិច្ចប្រជុំមហាសន្និបាតនេះ បានឃើញ»

    អ្នកជំនាញកីឡារបស់កម្ពុជា រូបនេះ បានបន្ថែមថា៖ «អ្នកចូលរួមទាំងនោះ សុទ្ធតែជាឥស្សរជនកីឡា និងថ្នាក់ដឹកនាំជាន់ខ្ពស់របស់ប្រទេស ដែលចូលរួមទាំងអស់ អ៊ីចឹងវាជាឱកាសល្អណាស់ ដែលឱ្យពួកគាត់ បានស្គាល់កម្ពុជា និងបានឃើញពីការរីកចម្រើននៅកម្ពុជា។ បន្ថែមលើនេះ យើងក៏នឹងទទួលបាន នៅការគាំទ្រពីពួកគាត់ ក្នុងដំណើរឆ្ពោះទៅរៀបចំធ្វើម្ចាស់ផ្ទះស៊ីហ្គេម ឆ្នាំ២០២៣ទៀត។ អាហ្នឹងហើយជាផលចំណេញ នៃការរៀបចំរបស់យើង»

    តាមរយៈកិច្ចប្រជុំ ពេញមួយព្រឹក នៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី៨ ខែកញ្ញានោះ លោក វ៉ាត់ ចំរើន បានអះអាងថា អង្គប្រជុំ បានបែងចែកភារកិច្ចគ្នា ក្នុងការត្រៀមបំពេញការងារ ព្រមទាំងបានរួមគ្នាពិភាក្សាដោះស្រាយនូវបញ្ហាមួយចំនួន ដែលនៅមានភាពស្រពេចស្រពិល ផងដែរ។

    អគ្គលេខាធិការ NOCC លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖ «យើងបានបញ្ជាក់ និងរៀបចំឱ្យមានការទទួលលើការស្នាក់នៅ ហូបចុក ដឹកជញ្ជូន បដិសណ្ឋារកិច្ច ព្រមទាំងសុវត្ថិភាព សន្តិសុខ និងសណ្តាប់ធ្នាប់ បានគ្រប់ជ្រុងជ្រោយទាំងអស់ អ៊ីចឹងយើងទាំងអស់គ្នា បានទទួលនៅភារកិច្ចអស់ហើយ»។ យើងធ្លាប់ទទួលកិច្ចប្រជុំ និងវេទិកាអន្តរជាតិធំៗហ្នឹង បានទទួលការកោតសរសើរ និងជោគជ័យ ជាកិត្តិយសរបស់ជាតិ ជាច្រើនមកហើយ ហើយពេលនេះ ក៏ដូចពេលមុនៗដែរ»

  • Loading...
  • Recent Posts