• ផ្ទុះការអបអរពេញប្រទេស ចំពោះ កាំង មុយនីន ដែលឈ្នះបានមេដាយមាស៣ និងសំរឹទ្ធ១ ពីការប្រកួតកម្រិយតពិភពលោក
    កីឡាផ្សេងៗ 4 weeks ago 85 Views

    កីឡាការិនីជម្រើសជាតិកីឡាហែលទឹក​ពាក់ជើងទា​ កាំង មុយនីន បាន​ធ្វើ​ឱ្យ​ថ្នាក់​ដឹកនាំ និង​ជន​រួមជាតិ ផ្ទុះ​ការ​សរសើរ និងអបអរ​សាទរពេញ​ប្រទេស នៅ​ពេល​ដែល​​កីឡាការិនី​របស់​កម្ពុជា​រូបនេះ បាន​លទ្ធភាព​ដណ្តើម​ដល់​មេដាយមាស​៣ និងសំរឹទ្ធ​១ តែម្នាក់​ឯង ពី​ការ​ប្រកួត​កម្រិត​​ពិភព​​លោក Finswimming’s World Cup Round Swimming Pool 2022 នៅ​ប្រទេស​ថៃ នោះ។

    បើទោះបីជា កាំង មុយនីន មិន​បាន​រួមចំណែក​ ក្នុង​ការ​ដណ្តើម​បាន​មេដាយសំរឹទ្ធ ជា​ប្រវត្តិសាស្រ្ត​លើក​ដំបូង នៅស៊ីហ្គេម ប្រទេស​វៀតណាម កាល​ពីខែ​ឧសភា ឆ្នាំ​២០២២ ប៉ុន្តែ​តាម​រយៈការ​ប្រកួតកម្រិតពិភព​លោក នៅប្រទេស​ថៃនេះ កាំង មុយនីន បាន​បង្ហាញ​ពី​ភាព​អស្ចារ្យ ដែល​គ្រប់​គ្នា នឹក​ស្មាន​មិនដល់ ចំពោះការ​ឈ្នះ​បានមេដាយមាស​៣ និងសំរឹទ្ធ​១ នៅលើ​៤វិញ្ញាសា​នេះ។

    សម្រាប់ការ​ប្រកួតបើក​ឆាក កាលពី​ថ្ងៃសៅរ៍ កាំង មុយនីន ដណ្តើម​បាន​មេដាយ​មាស​១ លើ​វិញ្ញាសា Women 400m Bifins និងមេដាយ​សំរឹទ្ធ​១គ្រឿង លើ​វិញ្ញាសា Women 50m Bifins ហើយ​ជ័យជម្នះ​នេះ បាន​ជួយ​ឱ្យ សហព័ន្ធ​ខ្មែរ​កីឡាហែលទឹក បាន​បំបែកកំណត់ត្រា​ប្រវត្តិសាស្រ្តថ្មី​មួយ​ទៀត រួច​ទៅ​ហើយ។

    ប៉ុន្តែ​កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ​នេះ មុយនីន បែរជា​អាច​ឈ្នះ​មេដាយមាស​ចំនួន​២​បន្ថែម​ទៀត គួរ​ឱ្យ​ភ្ញាក់ផ្អើលបំផុត ​​​​វិញ្ញាសា​ Women 200m Bifins និង​វិញ្ញាសា Women 100m Bifins ចំណែក​កីឡាការិនី ឃឺន ប៊ុនពេជ្រមរតក រួម​មានកីឡាករ លឹម កែវឧត្តម, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា និង​កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ដែល​បានរួមគ្នា​ឈ្នះមេដាយសំរឹទ្ធ​១ នៅស៊ីហ្គេម ប្រទេស​វៀតណាម នៅមិនទាន់​ដណ្តើម​បាន​មេដាយ​ណាមួយ ពីការ​ប្រកួត​កម្រិត​ពិភពលោក​នេះ នៅ​ឡើយ​ទេ។

    ជាមួយការ​ឈ្នះ​បានមេដាយមាស​៣ និងសំរឹទ្ធ​១​ តែ​ម្នាក់​ឯង​របស់ កាំង មុយនីន នេះ បាន​ធ្វើ​ឱ្យអ្នកគាំ​ទ្រ​វិស័យ​កីឡានៅកម្ពុជា មានការ​ភ្ញាក់ផ្អើល​ និងអបអរសាទរ​ខ្លាំង ហើយ​​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន ក៏​បានសរសេរ និងអបអរ​សាទរ​ដល់ កាំង មុយនីន ចំពោះការ​ឈ្នះ​បាន​មេដាយមាស​៣ និង​សំរឹទ្ធ​១​នេះ ផងដែរ។

    លោក ហែម គីរី អគ្គលេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក ដែលជា​ប្រធានប្រតិភូ​ដឹកនាំ​ការ​ប្រកួតនេះ បាន​និយាយ​​ថា៖ «ចំពោះ​លទ្ធផល​នេះ បាន​ធ្វើ​ឱ្យ​ពួក​យើង មានការ​រំភើប​ខ្លាំង ព្រោះ​​វាជាប្រវត្តិសាស្រ្ត សម្រាប់សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក ដែល​យើង​អាច​​​ដណ្តើម​​បាន​មេដាយ​មាស នៅ​ក្នុង​ការ​ប្រកួត​កម្រិត​ខ្ពស់បែបនេះ ព្រោះ​ព្រឹត្តិការណ៍នេះ មាន​​កីឡាករ កីឡា​ការិនី​​ចូល​រួម​​ដល់​២៣០នាក់ មកពី​១៧​ប្រទេស អ៊ីចឹង​វា​មាន​កម្រិត​​ខ្ពស់​​ជាង​​ការ​ប្រកួត​កម្រិត​ស៊ីហ្គេម ទៅ​ទៀត ប៉ុន្តែ​យើង​កីឡាការិនី​របស់យើង បែរជា​អាចដណ្តើម​បានមេដាយមាស​ដល់​៣ និងមេដាយសំរឹទ្ធ​១​ទៀត គឺ​ពិតជា​អស្ចារ​ខ្លាំងណាស់»៕

     

  • Loading...
  • Recent Posts