• ក្រុមការ៉ាតេកម្ពុជា បន្ថែមភាពជឿជាក់ ក្នុងការឈានទៅដណ្តើមយកមេដាយ នៅស៊ីហ្គេម
    កីឡាផ្សេងៗ 4 weeks ago 73 Views

    ក្រុម​ជម្រើសជាតិកីឡាការ៉ាតេ​កម្ពុជា បាន​នឹងកំពុង​បង្ហាញ​ឱ្យ​ឃើញ​ថា ពួកគេ នឹង​អាច​ឈាន​​ទៅ​ដណ្តើមបាន​មេដាយជាថ្មី​ម្តង​ទៀត ក្នុង​ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា បន្ទាប់ពី​ក្រុមមួយ​នេះ មាន​លទ្ធភាព​ដណ្តើមបាន​ដល់​មេដាយប្រាក់៣ និងសំរឹទ្ធ​៤ ពី​​ការ​​ប្រកួតអន្តរជាតិ ​នៅប្រទេស កាលពីពេលថ្មីៗ​នេះ។

    សម្រាប់​​ការប្រកួតកីឡាការ៉ាតេកម្រិត​ជើងឯក នៅប្រទេស​ថៃ ឬ Thailand Open Karate-DO Championship 2022 ឆ្នាំ២០២២ កាលពីពេលថ្មីៗនេះ ក្រុម​ការ៉ាតេ​កម្ពុជា អាច​​មានលទ្ធភាពដណ្តើមបានមេដាយស្ទើគ្រប់វិញ្ញាសា ហើយនេះជា​លទ្ធផលដ៏ល្អ​ថ្មីមួយ​ទៀត បន្ទាប់ពីក្រុម​មួយនេះ បានបំបែកកំណត់ត្រាជា​ប្រវត្តិសាស្រ្ត សម្រាប់ការ​ដណ្តើម​បាន​មេដាយ​​សំរឹទ្ធ​៣ ក្នុងការ​ប្រកួតស៊ីហ្គេម លើកទី​៣១​ ឆ្នាំ​២០២១ នៅ​​វៀតណាម កាល​ពីខែឧសភា ឆ្នាំ​២០២២។

    លោក ដែក ភារៈ អគ្គលេខាធិការរងសហព័ន្ធកីឡាការ៉ាតេកម្ពុជា បានឱ្យ​ដឹង​ថា មេដាយ​ប្រាក់ទាំង​៣ ដែលក្រុមការ៉ាតេ​កម្ពុជា ដណ្តើម​បាន សម្រាប់ការប្រកួតជើងឯក នៅ​ប្រទេស​ថៃ​នោះ គឺ​ដណ្តើមបាន​ដោយ​កីឡាករ ងួន សុខក្រៃលែង កីឡាករ ស្រៀង វិរៈ និង​កីឡាការិនី ឆន ស្រីភា ពីការ​ប្រកួតវិញ្ញាសាឯកត្តជន​រៀងៗ​ខ្លួន។

    ចំណែក​មេដាយសំរឹទ្ធិចំនួន​៤​ទៀត គឺ​ក្រុមការ៉ាតេកម្ពុជា ដណ្តើម​បាន​នៅលើការ​ប្រកួត​ឯកត្តជន ​របស់​កីឡាការិនី សំណាង ឧត្តរ៉ា កីឡាករ ជ្រុន វិរៈបុត្រ និងកីឡាករ ប៊ិន ម៉េងលី រួម​ទាំង​ការ​ប្រកួតវិញ្ញាសា​ជាក្រុម របស់​កីឡាការិនី ឆន ស្រីភា កីឡាការិនី វ៉ាន់ ចរិយា កីឡាការិនី លឹម សុខវិច្ឆិកា និងកីឡាការិនី ភួង សុផល។

    ជាមួយ​លទ្ធផលនេះ បាន​បង្ហាញ​ឱ្យឃើញ​ថា ក្រុម​ការ៉ាតេកម្ពុជា ​មានសមត្ថភាព និង​បច្ចេកទេស កាន់តែ​លេច​ធ្លោ ដែលជា​ក្តីសង្ឃឹម​​សម្រាប់ការ​ឈ្នះ​ទៅដណ្តើម​យក​មេដាយ ក្នុង​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣ ស្របពេល​ដែល​​សហព័ន្ធកីឡាការ៉ាតេកម្ពុជា ក្រោមការដឹកនាំ​របស់​លោក​បណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាន​នឹងកំពុង​ជំរុញ​បន្ថែម​​ទាំង​ទៅ​លើ​ការ​ពង្រឹងសមត្ថ​ភាពរបស់​ក្រុមកីឡាករ កីឡា​ការិនី និងមន្រ្តីបច្ចេកទេស​ ដើម្បីសម្រួចឈាន​រកការ​ឈ្នះបានមេដាយ នៅស៊ីហ្គេម ឆ្នាំ​២០២៣​នេះ។

    ជាក់ស្តែង សម្រាប់​ការ​ប្រកួត Thailand Open Karate-DO Championship 2022 សហព័ន្ធកីឡាការ៉ាតេកម្ពុជា ​បានបញ្ជូនប្រធានប្រតិភូ១រូប អនុប្រធានប្រតិភូ១រូប នាយកបច្ចេកទេស១រូប ជំនួយ​ការបច្ចេកទេស២រូប អាជ្ញាកណ្តាល៣រូប គ្រូបង្វឹក គ្រូជំនួយ ៦រូប កីឡាករកីឡារិនីរហូត​ដល់​​៣៦នាក់ ឱ្យ​ទៅ​ចូល​រួម ដើម្បីដកស្រង់បានបច្ចេកទេស​ថ្មី មក​ពង្រឹង​សមត្ថ​ភាពបន្ថែម​ទៀត។

    ជាមួយគ្នា​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ការ៉ាតេកម្ពុជា ធ្លាប់​បានជំរុញ​គ្រួសារ​ការ៉ាតេ​កម្ពុជា ត្រូវ​ខំ​ប្រឹង​រួមគ្នា​បន្ថែម​ទៀត ក្នុងការ​ពង្រឹង និងពង្រីក​វិសាល​ភាព​ប្រភេទកីឡា​មួយនេះ ដើម្បីអាចឈាន​ទៅសម្រេច​គោលដៅ និងទទួលបានជោគជ័យ សម្រាប់ការ​ធ្វើ​ម្ចាស់ផ្ទះស៊ីហ្គេម នៅឆ្នាំ​២០២៣។

    លោក វ៉ាត់ ចំរើន បាន​ថ្លែង​​ថា៖ «ដើម្បីឱ្យ​​គ្រួសារ​ការ៉ាតេ មាន​អាទិពល គឺ​សមាជិក និង​​សហការី​គ្រួសារ​ការ៉ាតេ​ទាំង​អស់ ត្រូវតែ​ចេះច្បាប់​ទម្លាប់ បទបញ្ជា​ការ​ប្រកួត​ ហើយ​កាល​ណា​​យើងចេះ និង​​ចូលជាមួយ​គេ​បាន គឺ​យើង​មាន​មោទនភាព ហើយ​មាន​ជំនឿជាក់​លើ​ខ្លួន​ឯង ហេតុ​នេះ​សូម​ធ្វើការ​រួមគ្នា ​ឆ្ពោះ​ទៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ឱ្យ​ទទួលបាន​ជោគជ័យ ព្រោះ​ការ​​យក​ចិត្តទុកដាក់របស់​ថ្នាក់​ដឹកនាំ ឃើញ​ថា មាន​ទំនួលខុសត្រូវ​ខ្ពស់​ណាស់ សម្រាប់ការ​រៀបចំ​ដំណើរ​​ឆ្ពោះ​ទោះ​ស៊ីហ្គេម​របស់​យើងនេះ»៕

  • Loading...
  • Recent Posts