• ក្រុមម្ចាស់មេដាយកីឡាហែលទឹកពាក់ជើងទារបស់កម្ពុជា ចេញទៅប្រកួតពានពិភពលោក នៅថៃ
    កីឡាផ្សេងៗ 4 weeks ago 80 Views

    ក្រុមកីឡាករ​ហែលទឹកពាក់ជើងទា​ទាំង​៤នាក់ ដែលទើប​បានបំបែកំណត់ត្រា​ប្រវត្តិសាស្រ្ត ចំពោះការ​ឈ្នះមេដាយសំរឹទ្ធ ជា​លើកដំបូង ជូនកម្ពុជា ក្នុងការ​ប្រកួតស៊ីហ្គេម នៅ​ប្រទេស​វៀតណាម កាលពី​ពេលថ្មីៗ​នេះ រួមទាំង​ប្រតិភូ គ្រូបង្វឹក និង​កីឡាការិនី​ចំនួន​២នាក់​ទៀត បាន​ធ្វើ​ដំណើរទៅ​ដល់​ខេត្តភូកេត ប្រទេស​ថៃហើយ ដើម្បី​ទៅ​ចូលរួម​ការប្រកួត Finswimming’s World Cup Round Swimming Pool 2022 ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ​២០២២​។

    ក្រោមការ​ដឹកនាំ​របស់​លោក ហែម គីរី ដែលជា​អគ្គលេខាធិការ​​សហព័ន្ធ​ខ្មែរ​កីឡា​ហែលទឹក និង​គ្រូ​បង្វឹក​​លោក ហែម ថុនពន្លឺ គឺ​ក្រុមអត្តពលិក​ហែល​ទឹកពាក់ជើង​ទា (Finswimming) បាន​ធ្វើដំណើរ ទៅដល់​ប្រទេស​ថៃ កាលពី​ម្សិលមិញ  ក្រោមការអញ្ជើញ​របស់​​​សមាគម​កីឡា​ក្រោម​ទឹក​ប្រទេសថៃ (Association of Thailand Underwater Sports) សម្រាប់ចូល​រួមការ​ប្រកួត​ដ៏ធំ​មួយនេះ។

    សម្រាប់​អត្តពលិក​ហែល​ទឹក​ពាក់ជើង​ទា​របស់​កម្ពុជា ទាំង​៦នាក់ ដែលបានចេញ​ទៅប្រកួត នៅ​​ថៃ​លើក​នេះ រួមមាន​កីឡាការិនី កាំង មុយនីន និង ឃឺន ប៊ុនពេជ្រមរតក ព្រម​ទាំង​​កីឡាករ លឹម កែវឧត្តម, ឆោម ច័ន្ទថន, ទួន ទិត្យសត្យា និង​កីឡាករ លឹម សុខវឌ្ឍន៍នន្ទ ដែល​កីឡាករ​ទាំង​៤នេះ ជាបេក្ខភាព ទើប​បានឈ្នះ​មេដាយ​សំរឹទ្ធ ជា​ប្រវត្តិសាស្រ្ត ក្នុងស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម កាលពី​ថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០២២។

    ជាមួយគ្នានេះ សហព័ន្ធ​ខ្មែរ​កីឡាហែល​ទឹក បានចាត់​ទុកការ​ចេញប្រកួត​កីឡាហែល​ទឹក​ពាក់ជើង​ទាពានពិភពលោក នៅប្រទេស​ថៃ លើកនេះ ថាជាឱកាស​ដ៏​ល្អ ក្នុង​ការវាស់ស្ទង់​​សមត្ថ​ភាព សម្រាប់ត្រៀម​ទៅស៊ីហ្គេម ឆ្នាំ​២០២៣  ព្រោះ​វិញ្ញាសាពាក់​ជើង​ទា​នេះ កម្ពុជា មាន​អាទិភាព ក្នុងការ​ដណ្តើម​បាន​មេដាយ​ជូនជាតិ។

    សហព័ន្ធ បានបញ្ជាក់ តាម​រយៈការ​បង្ហោះ នៅលើ​ផេចហ្វេសប៊ុក​របស់​ខ្លួន​ថា៖ «ការ​ចូល​រួម​ប្រកួត​មួយនេះ ដើម្បីវាស់​ស្ទង់​សមត្ថភាព​បច្ចេកទេស ឈាន​ឆ្ពោះ​ទៅ​ការ​ប្រកួត​​កីឡា​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជាទទួលរៀបចំជាម្ចាស់ផ្ទះ នឹង​បាន​សម្រេច​​ដាក់​បញ្ជូល​ប្រភេទ​កីឡា Finswimming ក្នុងការប្រកួតផងដែរ ហើយ​ក៏​ជា​ប្រភេទ​កីឡា​អាទិភាព​មួយ​របស់​សហព័ន្ធខ្មែរកីឡាហែលទឹក ក្នុងកា​រ​ដណ្តើម​យក​មេដាយ​ពី​ការ​ប្រកួត​ផងដែរ»៕

  • Loading...
  • Recent Posts