• សហព័ន្ធកីឡាបាល់ទះកម្ពុជា រក្សាជំហរដណ្តើមយកមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣
    កីឡាផ្សេងៗ 1 month ago 80 Views

    អនុ​ប្រធានសហព័ន្ធកីឡាបាល់​ទះកម្ពុជា លោក ស សុខា បាន​អះអាង​ថា សហព័ន្ធ មានគោលដៅ ដណ្តើម​​យក​មេដាយមាស សម្រាប់ការ​ប្រកួតស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​ ប៉ុន្តែ​បើមិន​អាច​ដណ្តើមបាន​មេដាយមាស គឺ​យ៉ាងហោចណាស់ ក៏​អាច​រក្សា​ការ​ឈ្នះ​បាន​មេដាយ​​​សំរឹទ្ធ ដែល​ក្រុមជម្រើសជាតិបាល់​ទះកម្ពុជា ទើបតែ​ដណ្តើម​បានជា​ប្រវត្តិសាស្រ្ត លើក​ដំបូង សម្រាប់ស៊ីហ្គេម ឆ្នាំ​២០២២ កន្លង​មកនេះ ផងដែរ។

    លោក ស សុខា បាន​ថ្លែង​ថា៖ «យើងគិតថា ស៊ីហ្គេម ឆ្នាំ​២០២៣ អាច​នៅ​សល់​ពេល​វេលា​ច្រើន យូរ ប៉ុន្តែ​ស្អែក​ ខាន​ស្អែក យើងកុំមើលរំលងពេលវេលា ពីព្រោះឥឡូវនេះ ប្រទេស​ជិត​ខាង​របស់​យើង តាម​រយៈ​ការ​ដែល​យើង​បាន​លេខ៣ គឺ​ប្រទេសមួយចំនួន បានប្ដូរគ្រូបង្វឹក រីឯ​ប្រទេស​​​ខ្លះ​ទៀត ​បាន​រើស​កីឡាករ​ថ្មី​តែម្ដង ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម ២០២៣ អ៊ីចឹង ខ្ញុំ​គិត​ថា បើយើងខិតខំប្រឹងប្រែង យើង​នឹងមានគុណភាពខ្ពស់ ហើយ​អាច​នៅ​ក្នុង​ចំណោម​ក្រុម​កំពូល​ទាំង៣»។

    រដ្ឋលេខាធិការ​ក្រសួងអប់រំ យុវជន និង​កីឡា លោក ស សុខា បានបញ្ជាក់ថា៖ «ខ្ញុំ​លើក​ស៊ីហ្គេមច្រើន ដោយសារតែស៊ីហ្គេម​នេះ ជាម៉ែត្រ​វាស់​មួយ ដែល​យើង​ត្រូវតែ​​តម្រង់​​ទិស​ក្នុង​គោល​ដៅ ដើម្បីដណ្ដើមមេដាយមាសជូនជាតិ។ មាស ឬមិនមាស ជា​រឿង​មួយ​ផ្សេង​​ទៀត ប៉ុន្តែ​យ៉ាង​តិច​​ណាស់ ត្រូវដណ្ដើមមេដាយជូនជាតិ យ៉ាង​តិច​ណាស់​រក្សា​នូវ​​មេដាយ​សំរឹទ្ធ ដែល​យើង​ទទួល​បាន ឱ្យ​នៅក្នុងដៃបន្ថែម»។

    ការ​លើក​ឡើងបែបនេះ​របស់ លោក ស សុខា ​ត្រូវបាន​ធ្វើ នៅពេល​លោកចូល​រួម នៅក្នុង​ពិធី​បិទការ​ប្រកួត​បាល់​ទះ​ទម្រង់​លេង ៤ទល់​៤នាក់ ​ពានរង្វាន់ Ganzberg Special Volleyball League 2022 នៅ​កីឡដ្ឋាន​វិសាខា កាលពី​ថ្ងៃទី​២៦ ខែសីហា ដោយការ​ប្រកួត​ផ្តាច់ព្រ័ត្រ​នោះ ក្រុម​វិសាខា  ដែលសុទ្ធតែ​សមាជិក​ក្រុមជម្រើសជាតិ​កម្ពុជា​នោះ បាន​យក​ឈ្នះ​ក្រុម​​ក្រសួង​មហាផ្ទៃ ២-០ ដើម្បី​​ក្លាយជា​ម្ចាស់​ជើងឯក ហើយ​ក្រុមរដ្ឋបាលរាជធានី​ភ្នំពេញ បាន​យក​​ឈ្នះក្រុម PS Concrete ២-១ ដើម្បីទទួល​បាន​លេខ​៣។

    ចំណែក​លោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់​ទះ​កម្ពុជា បាន​ថ្លែង​ដែរ​ថា៖​«ឆន្ទៈ​របស់​យើង គឺ​ចង់​បាន​មេដាយមាស នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣ ប៉ុន្តែ​ផ្លូវ​ទៅរក​មេដាយមាស នៅឆ្នាំ​២០២៣ មិន​ងាយស្រួល​នោះទេ។ តែទោះបីជា​យ៉ាង​ណា យើង​នៅតែ​មានឆន្ទៈ​ថា ធ្វើ​ម៉េច​យក​ឱ្យ​បាន៕

  • Loading...
  • Recent Posts