• សហព័ន្ធកីឡាបាល់ទះកម្ពុជា រក្សាជំហរដណ្តើមយកមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣
    កីឡាផ្សេងៗ 1 month ago 68 Views

    អនុប្រធានសហព័ន្ធកីឡាបាល់ទះកម្ពុជា លោក ស សុខា បានអះអាងថា សហព័ន្ធ មានគោលដៅ ដណ្តើមយកមេដាយមាស សម្រាប់ការប្រកួតស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅកម្ពុជា ប៉ុន្តែបើមិនអាចដណ្តើមបានមេដាយមាស គឺយ៉ាងហោចណាស់ ក៏អាចរក្សាការឈ្នះបានមេដាយសំរឹទ្ធ ដែលក្រុមជម្រើសជាតិបាល់ទះកម្ពុជា ទើបតែដណ្តើមបានជាប្រវត្តិសាស្រ្ត លើកដំបូង សម្រាប់ស៊ីហ្គេម ឆ្នាំ២០២២ កន្លងមកនេះ ផងដែរ។

    លោក ស សុខា បានថ្លែងថា៖ «យើងគិតថា ស៊ីហ្គេម ឆ្នាំ២០២៣ អាចនៅសល់ពេលវេលាច្រើន យូរ ប៉ុន្តែស្អែក ខានស្អែក យើងកុំមើលរំលងពេលវេលា ពីព្រោះឥឡូវនេះ ប្រទេសជិតខាងរបស់យើង តាមរយៈការដែលយើងបានលេខ៣ គឺប្រទេសមួយចំនួន បានប្ដូរគ្រូបង្វឹក រីឯប្រទេសខ្លះទៀត បានរើសកីឡាករថ្មីតែម្ដង ដើម្បីត្រៀមចូលរួមប្រកួតស៊ីហ្គេម ២០២៣ អ៊ីចឹង ខ្ញុំគិតថា បើយើងខិតខំប្រឹងប្រែង យើងនឹងមានគុណភាពខ្ពស់ ហើយអាចនៅក្នុងចំណោមក្រុមកំពូលទាំង៣»

    រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា លោក ស សុខា បានបញ្ជាក់ថា៖ «ខ្ញុំលើកស៊ីហ្គេមច្រើន ដោយសារតែស៊ីហ្គេមនេះ ជាម៉ែត្រវាស់មួយ ដែលយើងត្រូវតែតម្រង់ទិសក្នុងគោលដៅ ដើម្បីដណ្ដើមមេដាយមាសជូនជាតិ។ មាស ឬមិនមាស ជារឿងមួយផ្សេងទៀត ប៉ុន្តែយ៉ាងតិចណាស់ ត្រូវដណ្ដើមមេដាយជូនជាតិ យ៉ាងតិចណាស់រក្សានូវមេដាយសំរឹទ្ធ ដែលយើងទទួលបាន ឱ្យនៅក្នុងដៃបន្ថែម»

    ការលើកឡើងបែបនេះរបស់ លោក ស សុខា ត្រូវបានធ្វើ នៅពេលលោកចូលរួម នៅក្នុងពិធីបិទការប្រកួតបាល់ទះទម្រង់លេង ៤ទល់៤នាក់ ពានរង្វាន់ Ganzberg Special Volleyball League 2022 នៅកីឡដ្ឋានវិសាខា កាលពីថ្ងៃទី២៦ ខែសីហា ដោយការប្រកួតផ្តាច់ព្រ័ត្រនោះ ក្រុមវិសាខា ដែលសុទ្ធតែសមាជិកក្រុមជម្រើសជាតិកម្ពុជានោះ បានយកឈ្នះក្រុមក្រសួងមហាផ្ទៃ ២-០ ដើម្បីក្លាយជាម្ចាស់ជើងឯក ហើយក្រុមរដ្ឋបាលរាជធានីភ្នំពេញ បានយកឈ្នះក្រុម PS Concrete ២-១ ដើម្បីទទួលបានលេខ៣។

    ចំណែកលោក អាំង សិរីពិសិដ្ឋ អគ្គលេខាធិការសហព័ន្ធកីឡាបាល់ទះកម្ពុជា បានថ្លែងដែរថា៖ «ឆន្ទៈរបស់យើង គឺចង់បានមេដាយមាស នៅស៊ីហ្គេម ឆ្នាំ២០២៣ ប៉ុន្តែផ្លូវទៅរកមេដាយមាស នៅឆ្នាំ២០២៣ មិនងាយស្រួលនោះទេ។ តែទោះបីជាយ៉ាងណា យើងនៅតែមានឆន្ទៈថា ធ្វើម៉េចយកឱ្យបាន»

  • Loading...
  • Recent Posts