• CAMSOC បានឯកភាពឱ្យសហព័ន្ធវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ នៅភ្នំពេញ
    កីឡាផ្សេងៗ 1 month ago 70 Views

    ការប្រកួតកីឡាវ៉ូវីណាមកជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ នឹងត្រូវធ្វើឡើង នៅរាជធានីភ្នំពេញ ពីថ្ងៃទី២៥ ដល់ទី៣០ ខែមីនា ឆ្នាំ២០២៣ ដើម្បីត្រៀមលក្ខណៈឱ្យបានកាន់តែល្អ សម្រាប់ការធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលនឹងត្រូវធ្វើពីថ្ងៃទី៥ ដល់ទី១៦ ខែឧសភា ឆ្នាំ២០២៣។

    ការរៀបចំឱ្យមានការកីឡាវ៉ូវីណាមកជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ ឆ្នាំ២០២៣នេះ ត្រូវបានធ្វើឡើង តាមសំណើរបស់សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា និងមានការចំណារយល់ព្រមពីលោកឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ ទៀ បាញ់ ដែលជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ (CAMSOC)។

    «តាមកម្មវត្ថុ និងយោងលើ អគ្គលេខាធិការដ្ឋាន នៃគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាអាស៊ីអាគ្នេយ៍ លើកទី៣២ ឆ្នាំ២០២៣ បានអនុញ្ញាតឱ្យសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា រៀបចំការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍ លើកទី៦ នៅរាជធានីភ្នំពេញ ដែលគ្រោងនឹងរៀបចំចាប់ពីថ្ងៃទី២៥-៣០ ខែមីនា ឆ្នាំ២០២៣ ខាងមុខ»។ នេះជាការបញ្ជាក់របស់ CAMSOC សម្រាប់ការអនុញ្ញាតឱ្យរៀបចំព្រឹត្តិការណ៍នេះ។

    បើតាមមន្ដ្រីសហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា បានឱ្យដឹងថា ការប្រកួតកីឡាវ៉ូវីណាមជ្រើសរើសជើងឯកអាស៊ីអាគ្នេយ៍នេះ សហព័ន្ធ បានត្រៀមវិញ្ញាសាចំនួន៣០ ដើម្បីដាក់ឱ្យបណ្តាប្រទេស នៅក្នុងតំបន់អាស៊ាន បានប្រកួតប្រជែងគ្នា មុនពេលប្រទេសទាំងនេះ ត្រូវប្រកួតផ្លូវការ ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។

    ជាមួយគ្នានេះ សហព័ន្ធកីឡាវ៉ូវីណាមកម្ពុជា ដែលមានលោក អ៊ូ រតនា ជាប្រធាន បានចាត់ទុកព្រឹត្តិការណ៍នេះ គឺជាវេទិកាសម្រាប់វាស់ស្ទង់បច្ចេកទេស សមត្ថភាពរបស់កីឡាករកីឡាការិនី និងអាជ្ញាកណ្ដាល-ចៅក្រម ដើម្បីឆ្ពោះទៅសម្រេចផែនការមេ ដែលសហព័ន្ធគ្រោងដណ្ដើមមេដាយមាសចំនួន៩ ពីព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា៕

  • Loading...
  • Recent Posts