• ប្រធានអាជ្ញាកណ្តាលស៊ីហ្គេម ជឿជាក់ថា ក្រុមការ៉ាតេកម្ពុជា នឹងដណ្តើមបានមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
    កីឡាផ្សេងៗ 1 month ago 98 Views

    ប្រធានអាជ្ញាកណ្តាល​ស៊ីហ្គេម លើ​ផ្នែក​កីឡាការ៉ាតេ ​លោក Mansour Saa Alsutan បាន​ផ្តល់ទំនុក​ចិត្ត និងការ​ជឿជាក់ទៅលើ​ក្រុមការ៉ាតេ​កម្ពុជា ថា នឹង​អាច​ដណ្តើម​បាន​មេដាយ សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ ដែល​កម្ពុជា ត្រូវធ្វើ​ម្ចាស់​ផ្ទះ ជា​លើក​ដំបូង។

    ការ​ផ្តល់​ការជឿជាក់របស់​លោក Mansour ទៅលើ​ក្រុមការ៉ាតេកម្ពុជា ត្រូវ​បាន​ធ្វើ​ឡើង ក្នុង​ពេល​លោក​បានចូល​រួម​ធ្វើជា​គ្រូឧទ្ទេស​នៃ​​វគ្គអាជ្ញាកណ្តាល-ចៅ​ក្រម រៀបចំ​​ព្រឹត្តិការណ៍​​​​ការ​ប្រកួត​កីឡា​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅទី​ស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក (NOCC)  កាល​ពី​ថ្ងៃទី​២៥​ ខែសីហា ដោយវគ្គ​មាន​សិក្ខាកាម​ជា​គ្រូ​បង្វឹក មន្រ្តី​បច្ចេក​ទេស និង​​​កីឡាករ កីឡាការិនី​ការ៉ាតេ ចំនួន​២៥នាក់ បានចូល​រួម។

    ​លោក Mansour Saa Alsutan បាន​ថ្លែង​នៅចំពោះ​មុខ​សិក្ខាកាម​ទាំងអស់​គ្នា នៅក្នុង​ពិធី​បើក​វគ្គ​នោះ​​ថា លោក​នឹង​ចែក​រំលែក​នៅជំនាញ ព័ត៌មាន និងឯក​សារសំខាន់ ទាក់ទងទៅនឹងច្បាប់​ទម្លាប់ និង​បទបញ្ជា​ប្រកួត​ផ្សេងៗ​របស់កីឡាការ៉ាតេ ដើម្បី​ជាចំណេះ​​ដឹង​ដល់​សិក្ខាកាម​របស់កម្ពុជា​ទាំងនេះ ឱ្យ​មានការ​អភិវឌ្ឍ​នៅជំនាញ និងបច្ចេក​ទេស​​កម្រិត​ខ្ពស់​។

    គ្រូឧទ្ទេសអន្តរជាតិមកពី​ប្រទេសកូវ៉ែត លោក Mansour បាន​បញ្ជាក់ថា៖ «នៅពេល​ដែលអ្នក​ទាំង​អស់​គ្នា មានជំនាញ​កម្រិត​ខ្ពស់​ហើយ គឺ​អ្នក នឹង​ទទួលបាន​នៅ​លទ្ធ​​ផល​ប្រសើរ​មួយ ពិសេស​ការឈាន​ទៅ​ដណ្តើមបានមេដាយ នៅ​ក្នុងការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣ ដែល​មេដាយនោះ មិន​មែនសម្រាប់​តែអ្នក​នោះទេ ប៉ុន្តែ​សម្រាប់ប្រទេសជាតិ​របស់​អ្នក ដោយ​ខ្ញុំ​សង្ឃឹម និងជឿជាក់ថា អ្នកទាំងអស់​គ្នា នឹង​ធ្វើបាន​សម្រេច»។

    ជាមួយគ្នា​​នេះ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ​សហព័ន្ធ​កីឡា​ការ៉ាតេ​កម្ពុជា បាន​ផ្តល់​ទំនុក​ចិត្តខ្ពស់​ទៅលើ​លោក Mansour ក្នុងការ​ចែក​រំលែក​បទពិសោធ និងចំណេះដឹង ទាក់​ទង​ទៅនឹង​បទបញ្ជា​ និងលក្ខខណ្ឌប្រកួត​ផ្សេងៗ ដើម្បី​ធ្វើ​ឱ្យ​សិក្ខាកាម​ទាំងអស់​របស់​កម្ពុជា​ មានការ​យល់កាន់តែ​ច្បាស់។

    លោក វ៉ាត់ ចំរើន បាន​ថ្លែង​ថា៖ «ក្រោមការ​បង្ហាត់បង្ហាញ​ពី​គ្រូ​ឧទ្ទេស​កម្រិតខ្ពស់ មកពី​អន្តរជាតិ​ គឺ​​វគ្គ​នេះ នឹងជួយ​ឱ្យ​​អាជ្ញាកណ្តាល ចៅ​ក្រម កីឡាករ កីឡាការិនី ជា​ពិសេស​គ្រូ​បង្វឹក​ការ៉ាតេ​កម្ពុជា មានការ​​យល់កាន់តែ​ច្បាស់​ទៅ​លើ​បទបញ្ជា និង​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​ផ្សេង​ៗ ដើម្បី​​ធ្វើ​ឱ្យ​ក្រុម​ការ៉ាតេ​កម្ពុជា​ មាន​​ភាព​ច្បាស់លាស់ និងមានទំនុក​ចិត្ត​ ក្នុងការ​ឈាន​​ទៅ​រកការ​ដណ្តើមបានមេដាយ នៅ​ស៊ីហ្គេម ឆ្នាំ​២០២៣»។

    លោក ចំរើន បានបន្ថែម​​ថា៖ «លោក ​ Mansour Saa Alsutan ដែលជា​គ្រូឧទ្ទេស​ក្នុង​​វគ្គនេះ ជា​ប្រធានអាជ្ញាកណ្តាល​ ហើយលោក​​នឹង​ក្លាយជា​​ប្រធាន​អាជ្ញាកណ្តាល​សម្រាប់​ស៊ីហ្គេមរបស់​យើង​តែ​ម្តង អ៊ីចឹង​យើងត្រូវ​យក​ចិត្តទុកដាក់ នៅក្នុងការ​សិក្សា​នេះ ដើម្បី​ទទួល​បាន​​នៅ​​បទបញ្ជាប្រកួត របៀប​របប​នៃ​ការ​វិនិច្ឆ័យ​ និង​ការ​ប្រកួត​មួយ​ប្រកបទៅ​​ដោយ​ស្តង់ដារ​​នៃ​​សហព័ន្ធ​កីឡាការ៉ាតេ​ពិភព​លោក»។

    លោក វ៉ាត់ ចំរើន បានបន្ថែមទៀត​ថា៖ «មិនមែនតែ​អាជ្ញាកណ្តាល ចៅ​ក្រម និងមន្រ្តី​របស់​យើង​នោះទេ ប៉ុន្តែ​កីឡាករ​កីឡាការិនី​ ក៏​ត្រូវ​យកចិត្តទុកដាក់លើការ​សិក្សា​នេះ ព្រោះបើ​យើង​យល់​ច្បាស់​ពី​ច្បាប់​ និង​បទបញ្ជា​ប្រកួត គឺ​យើងនឹង​មានទំនុក​ចិត្ត ក្នុងការ​ប្រើ​ប្រាស់​បច្ចេកទេស​ថា ត្រូវ​ប្រើ​បច្ចេក​​ទេស​បែបណា ទើបបានពិន្ទុ ប៉ុន្តែ​​បើ​យើងមិន​បានដឹង​ទៅលើ​ចំណុច​​ទាំងអស់នេះ មាន​ន័យ​ថា យើង​អត់​មាន​យុទ្ធសាស្រ្ត​ ក្នុងការ​ទទួលបាន​ពិន្ទុល្អ អ៊ីចឹង​នេះ​ជា​កត្តាសំខាន់ ដែល​យើង​​ត្រូវស្រូប​យក​ចំណេះ​​ដឹង នៅវគ្គ​​នេះ​ឱ្យបានពេញ​លេញ»៕

  • Loading...
  • Recent Posts