• លន បញ្ញា និង ឈុត សេរីវ៉ាន់ថង តាំងចិត្តវ៉ៃថៃ ដើម្បីលើកមុខគុនខ្មែរ តែបារម្ភលើបញ្ហាមួយ
    ប្រដាល់ក្នុងស្រុក 1 month ago 87 Views

    កីឡាករ​ជម្រើសជាតិ លន បញ្ញា និង ឈុត សេរីវ៉ាន់ថង បាន​តាំង​ចិត្ត​ខ្ពស់ ក្នុងការ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ នៅលើ​ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី ដែលនឹង​ត្រូវ​ធ្វើ​នៅថ្ងៃ​ទី​២៦ និងទី​២៧ ខែសីហា​នេះ ចំណែក សោម វិឆ័យ ក៏បាន​រួមដំណើរ​ទៅប្រកួត នៅលើ​ទឹក​ដី​សម្បូរ​ដូង​ប្រេង នេះ​ផងដែរ។

    សម្រាប់​ការ​ប្រកួត​នេះ ទាំង​កីឡាករ ឈុត សេរីវ៉ាន់ថង និង លន បញ្ញា សុទ្ធតែ​ត្រូវ​ប្រកួត​ជាមួយ​អ្នក​ប្រដាល់ថៃ ដោយ​ក្នុង​នោះ វ៉ាន់​ថង ប្រកួត​ក្នុងទម្ងន់​៦១​គីឡូក្រាម ចំណែក បញ្ញា ប្រកួត​ក្នុងទម្ងន់​៦៣,៥​គីឡូក្រាម ហើយ សោម វិឆ័យ ប្រកួតក្នុងទម្ងន់​៦៥​គីឡូក្រាម។

    នៅ​មុនការ​ចេញ​ដំណើរ​ទៅកាន់ទឹក​ដី​ប្រទេស​ម៉ាឡេស៊ី កាលពី​ថ្ងៃអង្គារ កន្លងមក​នេះ ម្ចាស់មេដាយប្រាក់ស៊ីហ្គេម នៅ​ប្រទេស​វៀតណាម លន បញ្ញា និង ឈុត សេរីវ៉ាន់ថង សុទ្ធតែ​បាន​តាំង​ចិត្ត​ខ្ពស់ក្នុងការ​វ៉ៃជាមួយថៃ ដើម្បី​លើក​មុខ​មាត់​ «គុនខ្មែរ» នៅ​ក្នុង​ព្រឹត្តិការណ៍​អន្តរជាតិ នៅប្រទេស​ម៉ាឡេស៊ី​នេះ។

    លន បញ្ញា បាន​និយាយ​ថា៖​ «​ខ្ញុំ​ហ្វឹកហាត់ត្រៀម​បាន​ល្អ​១០០​ភាគ​រយ ហើយសម្រាប់​​ការ​ចេញ​ទៅ​លើ​នេះ ខ្ញុំ​ត្រូវ​វ៉ៃ​តំណាង​ឱ្យគុនខ្មែរ ហេតុនេះ​ខ្ញុំត្រូវតែ​ខំប្រឹង ដោយ​ប្តេជ្ញា​ចិត្ត​ថា ត្រូវ​ប្រឹងប្រែង​ឱ្យអស់លទ្ធភាព ដើម្បីដណ្តើម​យក​ជ័យជម្នះ​ជូន​ជាតិ​របស់យើង»។

    ចំណែក ឈុតសេរី វ៉ាន់ថង បាន​និយាយថា៖​ «​តាមការ​មើល​ទៅ​លើ​វីដេអូ​ប្រកួត​របស់​គេ ឃើញ​ថា កីឡាករ​ថៃ​ម្នាក់នេះ ល្អខាងឡាំ ជំហរ​រឹង និង​ដៃ​រឺង ហើយ​​ខ្ញុំ​គិតថា អាច​នឹង​មាន​ការ​ពិបាកជាងកីឡាករ​ថៃ ដែល​ខ្ញុំ​ធ្លាប់បានជួប​កន្លងមក ប៉ុន្តែ​ខ្ញុំនឹងប្រឹង​ប្រែង​ប្រកួតឱ្យអស់ពី​សមត្ថភាព ដើម្បី​ផ្សព្វផ្សាយ​ពីគុនខ្មែរ»។

    យ៉ាង​ណា​ក៏​ដោយ សម្រាប់​ការ​ប្រកួត នៅប្រទេស​ម៉ាឡេស៊ី​នេះ ទាំង ឈុត សេរីវ៉ាន់ថង និង លន បញ្ញា សុទ្ធតែ​មានការ​បារម្ភ​ទៅ​លើ​បញ្ហា​ការ​ហូប​ចុក នៅប្រទេស​​នេះ ដែល​ប្រើ​ខ្លាញ់ច្រើន ហើយ​ក្លិប​ម្ហូបអាហារ ពិបាកហូបចុក ហេតុនេះ​ពួកគេបារម្ភ​ថា អាច​នឹង​ប៉ះ​ពាល់​ដោយ​កម្លាំង។

    តែទោះបីជា​យ៉ាង​ណា បើតាម​ លោក ស្រ៊ឺ ស្រេង ហៅ សំណព្វ ដែល​ជា​ប្រតិភូ​ដឹកនាំ​ក្រុម​កីឡាករ​កម្ពុជា សម្រាប់​ចេញ​ទៅប្រកួត​នេះ ជាមួយ​គ្រូបង្វឹក​ជម្រើសជាតិ សាន សៅយ៉ាន់ បាន​​អះអាង តាម​រយៈការ​ឡាយផ្ទាល់ ក្នុងអំឡុងពេល​ហ្វឹក​ហាត់ កាលពី​ព្រឹក​ថ្ងៃពុធ ម្សិល​មិញ​ថា ទាំង​ការ​ហូបចុក និង​ស្នាក់នៅ គឺ​ខាងម៉ាឡេស៊ី បាន​ទទួល​ដិតដល់ ដោយមាន​ភាព​ស្តង់ដារ  ចំណែក​ការ​ហូបចុកប្រចាំ​ថ្ងៃ គឺ​អាហារប៊ុហ្វេ ដែលមានច្រើនជម្រើស សម្រាប់​​កីឡាករ​យើង ហេតុ​នេះវាមិនមានការប៉ះពាល់​ដល់កម្លាំង​របស់​​ពួកគេ​នោះទេ៕

  • Loading...
  • Recent Posts