• កម្ពុជា ទទួលបានជោគជ័យ លើការកំណត់វិញ្ញាសា ត្រូវដាក់ឱ្យប្រកួត នៅស៊ីហ្គេម ឆ្នាំ២០២៣
    កីឡាផ្សេងៗ 1 month ago 102 Views

    កម្ពុជា ក្នុងនាមជា​ម្ចាស់​ផ្ទះស៊ីហ្គេម លើក​ទី​៣២ ឆ្នាំ​២០២៣ បាន​ទទួល​បាន​ជោគជ័យ​បន្ថែម​ទៀត ទៅលើ​ការកំណត់​វិញ្ញាសា ដែល​ត្រូវបាន​ដាក់​ឱ្យប្រកួត​​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្រ្ត។ នេះ​បើ​តាមការ​អះអាង​របស់លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​រៀបចំការ​​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC)។

    លោក វ៉ាត់ ចំរើន បាន​​ប្រាប់ថា៖ «យើងបានបង្ហាញ​ទៅគ្រប់​ប្រទេស អំពី​ការ​ត្រៀម​ប្រភេទ​​វិញ្ញាសា​​ជាង​​៦០០ ហើយ​ក្នុងវិញ្ញាសាទាំងអស់ហ្នឹង មានការជជែកវែកញែកគ្នា ដោយ​​វិញ្ញាសា​ភាគ​ច្រើន បានទទួលការគាំទ្រពីបណ្ដាប្រទេសទាំងអស់ គឺ​នៅ​មាន​វិញ្ញាសា​​តិច​តួច​ទេ ដែល​គេ​ស្នើសុំឱ្យ​យើងមានការពិចារណាឡើងវិញ»។

    ការ​លើក​ឡើង​បែបនេះ​របស់ លោក វ៉ាត់ ចំរើន គឺ​បន្ទាប់ពី​លោក​បាន​ដឹកនាំ​ប្រតិភូ​កម្ពុជា ​ទៅចូលរួម​ក្នុង​កិច្ច​ប្រជុំ​​​ក្របខណ្ឌ​លេខាធិការ​ដ្ឋាន​នៃ​សហ​ព័ន្ធ​កីឡា​អាស៊ីអាគ្នេយ៍ នៅទី​ក្រុងបាងកក់ ប្រទេស​ថៃ កាលពី​ថ្ងៃទី​១៦ ខែសីហា​ ឆ្នាំ​២០២២ ហើយ​លោក​យល់​ថា នេះជា​ជោគជ័យ​សម្រាប់ការ​ព្យាយាម​​របស់កម្ពុជា។

    អគ្គ​លេខាធិការ CAMSOC រូបនេះ បាន​បញ្ជាក់​​ថា៖​ «ក្នុងនាមជាម្ចាស់ផ្ទះ យើង​បាន​យក​សំណូមពរ​របស់គេ មក​ធ្វើ​ការ​ជាមួយ​សហព័ន្ធ​កីឡា​ជាតិ​មួយ​ចំនួន​របស់​យើង​ឡើង​វិញ​ ហើយ​នេះជាអ្វីដែលយើងបានខិតខំប្រឹងប្រែង ដើម្បីធ្វើការតស៊ូមតិបន្ដ តែ​វឌ្ឍនភាព​របស់​យើង បានដើរទៅមុខយ៉ាងរលូន ព្រោះយើងបានសុំឱ្យ​ប្រទេសទាំងអស់ គាំទ្រ​កម្ពុជា និង​​ជួយ​​កម្ពុជា ឱ្យ​ធ្វើការប្រកួតទទួលបានជោគជ័យ ដោយ​ប្រទេសទាំងអស់ បាន​សន្យា​នឹង​ជួយ​ដល់កម្ពុជា ដែលខិតខំប្រឹងប្រែង ក្នុងការធ្វើម្ចាស់ផ្ទះស៊ីហ្គេម លើកដំបូងនេះ ឱ្យ​បាន​ជោគជ័យ»។

    គួរបញ្ជាក់ថា សម្រាប់​​វិញ្ញាសាជាង​៦០០ ដែលបាន​កំណត់​នេះ គឺ​ផ្តោតទៅលើ​​ការ​ប្រកួត​ប្រជែង​​​​របស់​​ប្រភេទ​វិញ្ញាសា​ចំនួន​៣៩ និង​​កីឡាសម្ដែង១ប្រភេទ ដែល​ត្រូវបាន​ក្រុម​ប្រឹក្សា​សហព័ន្ធ​កីឡាអាស៊ីអាគ្នេយ៍ បាន​សម្រេចដាក់​ក្នុង​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅ​ក្នុងកិច្ច​ប្រជុំ នៅសណ្ឋាគារសុខា រាជធានីភ្នំពេញ កាលពីថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០២២ កន្លងកនេះ។​

    ចំពោះ​ប្រភេទកីឡាទាំង​៣៩នោះ រួម​មាន​កីឡា​អត្តពលកម្ម (Track&Field និង ម៉ារ៉ាតុង) កីឡាលើទឹក (ហែលទឹក, លោតទឹក និងបាល់ទឹក) វាយសី បាល់បោះ (៥×៥ និង ៣×៣) ប៊ីយ៉ាស្នូកឃ័រ ប្រដាល់សកល ប្រណាំងទូកប្រពៃណី អុក (អុកចត្រង្គ និងអុកចិន) គ្រីឃីត ទោចក្រយាន (កង់គួក និងកង់ភ្នំ) កីឡារាំ បាល់ទាត់ គុនដាវ កីឡា​ហែលទឹកជើងទា វាយកូនហ្គោល កាយសម្ព័ន្ធ (Aerobic and Artistic)  ហុកគី (​ក្នុង​សាល និង​ក្រៅសាល)។

    កីឡាយូដូ ការ៉ាតេ គុនខ្មែរ (មួយ) ប៉េតង់  ទូកក្ដោង សីដក់ (រួមបញ្ជូល​សីឈិនឡូន) សូហ្វតេន្នីស វាយកូនឃ្លីលើតុ តេក្វាន់ដូWT វាយកូនបាល់ ទ្រីយ៉ាត្លុង (អាគ័រត្លុង និងឌូអាត្លុង) កីឡាបាល់ទះ (ក្នុងសាល និងលើឆ្នេរខ្សាច់) លើកទម្ងន់ ចំបាប់ វ៉ូស៊ូ កាយវប្បកម្ម កីឡាអេឡិចត្រូនិក កីឡា Floorball ម៉ូតូទឹក កីឡាឧបសគ្គ និង​យុទ្ធ​គុន​ចម្រុះ (គុនល្បុក្កតោ កីឡាគុនដំបងរបស់ហ្វីលីពីន(Arnis), ជឺជីតស៊ូ, ឃីកបុក​សីង, យុទ្ធគុនចម្រុះកូរ៉េ ITF និងកីឡាវ៉ូវីណាម)៕

  • Loading...
  • Recent Posts