• កិច្ចព្រមព្រៀង ក្នុងការបញ្ជូនកីឡាទាំង១២ប្រភេទ ទៅហាត់នៅចិន ដល់ពេលត្រូវអនុវត្តហើយ
    កីឡាផ្សេងៗ 2 months ago 99 Views

    មន្រ្តីជំនាញ​របស់គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើក​ទី​៣២ ឆ្នាំ​២០២៣ (CAMSOC) កិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង រដ្ឋាភិបាល​សាធារណរដ្ឋ​ប្រជាមានិតចិន ក្នុងការ​បញ្ជូន​ក្រុមជម្រើសជាតិ​កម្ពុជា ទាំង​១២​ប្រភេទ​កីឡា ទៅ​ហ្វឹក​ហាត់រយៈពេលវែង នៅចិន ដល់​ពេល ដែល​ត្រូវ​អនុវត្តហើយ បន្ទាប់ពី​គម្រោងនេះ បានពន្យារពេលជា​បន្ត​បន្ទាប់​ ដោយសារវិបត្តិ​នៃការ​រីករាល​ដាលជំងឺ​កូវីដ​១៩ ​ជា​សកល។

    តាមគម្រោង ការចាកចេញរបស់ក្រុមអត្តពលិកជម្រើសជាតិ​កម្ពុជាទាំង ១២ប្រភេទកីឡា ស្មើនឹង ១៦១នាក់ គឺត្រូវ​ធ្វើ​នៅក្នុងខែសីហា ឆ្នាំ២០២២នេះតទៅ ក្រោម​ជំនួយ​ឥត​សំណង​ពីសំណាក់​រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ដើម្បី​ត្រៀម​ពង្រឹង​សមត្ថ​ភាព ត្រៀមការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា។

    ជុំវិញការងារ​នេះ លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិ CAMSOC បាន​ថ្លែង​ថា ៖«ឥឡូវនេះ តាមកិច្ចព្រមព្រៀងរវាង រាជរដ្ឋាភិបាលកម្ពុជា ជាមួយនឹង រដ្ឋាភិបាល​សាធារណ​រដ្ឋ​ប្រជាមានិតចិន គឺបានដល់ពេលត្រូវអនុវត្តនូវកិច្ចព្រមព្រៀងទាំងអស់នោះហើយ។ បានន័យថា ដោយស្ថានភាពនៅប្រទេសចិនមានការធូរស្រាល ក្នុងការទទួលយកនូវកីឡាករ កីឡាការិនីយើងចំនួន១៦១នាក់ ដែលត្រូវទៅធ្វើការហ្វឹកហាត់នៅប្រទេសចិន ពី​ឥឡូវ​រហូត​ទៅ​ដល់​ស៊ីហ្គេម»។

    លោក​បានបន្ថែម​ថា៖​ «ប្រភេទកីឡាទាំង​១២​របស់​យើង បានរៀបចំអស់ហើយ ហើយ​ យើង​កំពុងតែរៀបចំធ្វើវីសាឱ្យ​ហើយ ដើម្បី​បញ្ជន​ទៅ ចំណែកថ្នាក់ដឹកនាំ​បានបញ្ចូន​គោលការណ៍​ទៅសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC ហើយ ដើម្បី​ទទួល​បាន​នូវ​គោលការណ៍ និងរៀបចំ​ដំណើរ​ចេញ​ទៅ​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ គឺ​យើងធ្វើយ៉ាងណា បង្រួម​ពេល​វេលា​ឱ្យ​បាន​ឆាប់​ដើម្បី​ធ្វើឱ្យ​ការ​អភិវឌ្ឍ​គុណផល​កីឡា​ទទួល​បានក៏ឆាប់ដែរ»។

    សម្រាប់ប្រភេទ​កីឡា​ទាំង​១២ ដែល​ត្រូវ​បញ្ជូន​ទៅហ្វឹក​ហាត់​រយៈពេលវែង នៅប្រទេស​ចិន​នេះ រួមមាន​កីឡា​កាយសម្ព័ន្ធ, យូដូ, វូស៊ូ, បាល់បោះ, វាយកូនឃ្លីលើតុ, អត្តពលកម្ម, ចំបាប់, វាយសី, ហែលទឹក, លើកទម្ងន់, បាល់ទាត់ (នារី) និងបាល់ទះ ហើយជាមួយគ្នា​នេះ កម្ពុជា ក៏មានគម្រោងបញ្ជូន​ប្រភេទ​កីឡាផ្សេងៗ​ទៀត ទៅ​ហ្វឹក​ហាត់ នៅតាមបណ្តា​ប្រទេស​មួយចំនួន​ទៀត ផងដែរ ដើម្បី​ត្រៀមការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣​នេះ។

    លោក វ៉ាត់ ចំរើន បានបញ្ជាក់ថា៖«យើងកាន់តែ​មានពេល​វេលាយើងខ្លី ក្នុងចេញ​ទៅហ្វឹកហាត់ នៅក្រៅប្រទេសនេះ ក៏ប៉ុន្តែយើងនៅតែមើលឃើញនូវការរៀបចំរបស់យើង ជំរុញ​​​ការរៀបចំ​ឱ្យ​ទាន់ពេលវេលា អ៊ីចឹងអ្វីដែលយើងរៀបចំសម្រាប់ហ្វឹកហាត់នៅក្រៅប្រទេស គឺ​មិន​មែន​​នៅ​តែ​ចិនទេ គ្រាន់តែ​ទៅចិនពេលនេះ គឺទ្រង់ទ្រាយធំ មនុស្សច្រើន ហើយច្រើនវិញ្ញាសា ច្រើនប្រភេទកីឡា មានទាំងប្រភេទកីឡាជាក្រុម មានទាំងប្រភេទកីឡាឯកត្តជនផងដែរ។ ហេតុ​នេះ​​យើងត្រូវតែយកចិត្តទុកដាក់លើការថែទាំ លើការថែរក្សា»៕

  • Loading...
  • Recent Posts