• ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
    កីឡាផ្សេងៗ 2 months ago 115 Views

    មេដាយមាស ឬ​វិញ្ញាសា​ជាង​៥០០ កំពុង​ត្រូវ​បាន​ត្រៀម​ដាក់ឱ្យ​ប្រកួត​​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា ប៉ុន្តែមន្រ្តី​ជំនាញ​របស់គណៈកម្មាធិការជាតិ​រៀបចំការ​ប្រកួត​កីឡាអាស៊ីអាគ្នេយ៍ លើកទី​៣២ ឆ្នាំ​២០២៣ (CAMSOC) បានអះអាង​ថា កម្ពុជា ត្រូវ​ឈរ​លើ​ភាព​ស្មោះត្រង់ ក្នុងការ​ប្រកួត​យក​មេដាយ​ទាំង​នេះ ក្នុងនាម​ម្ចាស់​ផ្ទះ ជា​លើក​ដំបូងនេះ។

    លោក វ៉ាត់ ចំរើន អគ្គលេខាធិការ CAMSOC បាន​ថ្លែង នៅក្រោយកិច្ចប្រជុំពិភាក្សា ត្រួត​ពិនិត្យ​ការងារ​របស់​សហព័ន្ធ​កីឡាជាតិ និងផ្នែកពាក់ព័ន្ធ ដើម្បីសម្រេចលើវិញ្ញាសា ក្នុង​ការ​ដាក់​បញ្ចូល​ទៅ​ក្នុងស៊ីហ្គេម ឆ្នាំ២០២៣ កាលពី​ថ្ងៃព្រហស្បតិ៍​ថា  យើង​បាន​ប្រជុំ​ថ្ងៃនេះ គឺ​កំណត់​វិញ្ញាសា ដែលត្រូវ​ដាក់​ចូល​ក្នុងការប្រកួតប្រភេទកីឡានីមួយៗ ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​កីឡាអាស៊ីអាគ្នេយ៍​បាន​សម្រេច​រួចហើយ។

    លោក​បាន​បន្ត​ថា៖ «​អ្វី​ដែល​យើង​ទទួល​បាន​នូវ​ធាតុ​ចូល​សំខាន់ៗ​ពី​គ្រប់​ប្រភេទ​កីឡា​ទាំង​អស់​ដោយ​ដាក់​វិញ្ញាសា​របស់​ខ្លួន គឺដើម្បីសប្ដាហ៍ក្រោយ (ថ្ងៃច័ន្ទ អង្គារ៍ ពុធ) ដែល​ជា​ថ្ងៃ​​ប្រជុំ​សហព័ន្ធ​កីឡាអាស៊ីអាគ្នេយ៍ នៅឯទីក្រុងបាងកកនោះ គឺ​ យើង​នឹង​បង្ហាញ​គេ​អំពី​ប្រភេទ​វិញ្ញាសា​ដែល​យើង​ត្រូវបានសម្រេចដាក់នៅក្នុងស៊ីហ្គេម។ អ៊ីចឹង​បើ​យើង​បូក​ទៅ គឺ​ជាង៥០០វិញ្ញាសា ស្មើ​នឹង​ជាង​៥០០មេដាយមាស ដែលយើងត្រូវរៀបចំ នៅស៊ីហ្គេម ២០២៣»។

    លោក វ៉ាត់ ចំរើន បាន​បន្ថែម​ថា៖ «យើង​បាន​ជម្រះ ឬ​បាន​ស្កេន​គ្រប់​ប្រភេទ​កីឡា​ទាំងអស់​​ឲ្យ​មាន​ភាព​ជាក់​លាក់​ថា វិញ្ញាសា​ដែល​គាត់​បាន​ដាក់​នេះ ​ពិត​ជា​មាន​យុទ្ធសាស្ត្រ​ច្បាស់​លាស់​សម្រាប់​ប្រភេទ​កីឡា​របស់​ខ្លួន។ គាត់មានយុទ្ធសាស្ត្រ​សម្រាប់ស្វែងរកឧត្តមភាព ហើយ​គាត់​​មាន​​យុទ្ធសាស្ត្រ​ សម្រាប់​ស្វែង​រក​សក្ដានុពល និង​​មាន​យុទ្ធសាស្ត្រ ក្នុង​ការ​ស្វែង​រក​នូវ​ជយលាភី​របស់គាត់»។

    អ្នកជំនាញ​កីឡា​រូប​នេះ បាន​បញ្ជាក់ថា៖ «យើង​ប្រជុំ​ថ្ងៃ​នេះ យើង​លម្អិតអំពី​ចំនុចតូចៗ​ណា ដែល​យើង​​មិន​ទាន់​យល់​គ្នា នៅមានភាពស្រពេចស្រពិល និង​មិន​ទាន់​យល់​យុទ្ធ​សាស្ត្រ​ស៊ីជម្រៅ គឺត្រូវបើកកកាយនៅថ្ងៃនេះ។ អ៊ីចឹង​សហព័ន្ធ​ទាំង​អស់ ​​បាន​ទទួល​ហើយ​នូវ​គម្រោង ផែនការ និង​ការ​កំណត់​ប្រភេទ​វិញ្ញាសា​របស់​គាត់​បាន​រួច​រាល់​អស់​ហើយ។ យើងនៅសេសសល់​តិចតួច។ យើងនឹងបញ្ចប់នៅថ្ងៃនេះ និង​ថ្ងៃ​ស្អែក ហើយ​ដើម្បី​ថ្ងៃ​ច័ន្ទ យើង​យក​ទៅ​ក្នុង​កិច្ច​ប្រជុំ​សហព័ន្ធកីឡាអាស៊ីអាគ្នេយ៍ នៅទីក្រុងបាងកក»។

    យ៉ាង​ណា​ក៏ដោយ នៅក្នុង​ការ​ប្រកួត​ប្រជែង នៅលើ​វិញ្ញាសា​ជាង​៥០០ ក្នុង​ប្រភេទ​កីឡាចំនួន​៣៩ប្រភេទ បូករួមទាំងកីឡាសម្ដែង ១ប្រភេទ សម្រាប់​ការ​ប្រកួតស៊ីហ្គេម ឆ្នាំ​២០២៣​នេះ គឺ​កម្ពុជា បាន​កំណត់ហើយ​ថា ត្រូវ​ប្រកួត​ប្រជែង ដោយ​ភាពស្មោះត្រង់ និង​ថ្លៃថ្នូ​បំផុត ជាមួយ​ប្រទេស​ផ្សេងៗ។

    នៅត្រង់​ចំណុច​នេះ លោក វ៉ាត់ ចំរើន បាន​សង្កត់​ធ្ងន់​ថា៖ « ដោយ​គោរព​តាម​ការណែនាំ​ដ៏ខ្ពង់ខ្ពស់​របស់​សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាប្រធាន CAMSOC និង​ឯក​ឧត្តមបណ្ឌិត ថោង ខុន អនុប្រធានអចិន្ត្រៃយ៍ CAMSOC គឺ​ត្រូវ​​ធ្វើ​​យ៉ាង​ណាឲ្យ​​មាន​​ភាព​ស្មោះ​ត្រង់ និង​មានភាពបរិសុទ្ធថ្លៃថ្នូរ ក្នុងការធ្វើការងារបច្ចេកទេស មិន​មែន​​ជា​ការ​រៀបចំ ​ដោយ​មិន​គោរព​បទ​បញ្ជាការប្រកួត និងគោលការណ៍ Fair Play នោះឡើយ ពោល​គឺ​ធ្វើ​យុទ្ធសាស្ត្រ​នៅ​ក្នុង​បច្ចេកទេស និងក្នុងក្របខណ្ឌ​នៃ​បទបញ្ជាប្រកួត»៕

  • Loading...
  • Recent Posts