• ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស
    កីឡាផ្សេងៗ 2 months ago 101 Views

    ក្រុមជម្រើសជាតិ​ប្រដាល់គុនខ្មែរ ចំនួន​៩នាក់ រួមមាន ឈឿង ល្វៃ, ឃួន ឡាំងកូស៊ីម, ទូច ដេវីដ, សន រ៉ាគីម និង ខាំ ខ្លានាង ជាដើម បាន​ត្រៀមខ្លួនរួច​ស្រេច ដើម្បី​ធ្វើការ​ប្រកួត​ដណ្តើម​​យកមេដាយ ពី​ការ​ប្រកួតលក្ខណៈ​អន្តរជាតិ​ Grand Slam Tournament 2022 Open នៅ​ទីក្រុងគូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី។

    ក្រោមការ​ដឹកនាំ​​របស់​​ប្រតិភូ​ចំនួន​២នាក់​ និង​គ្រូ​បង្វឹក​ចំនួន​៣នាក់ គឺ​ក្រុម​ប្រដាល់​គុនខ្មែរ បាន​ធ្វើដំណើរ ទៅដល់ប្រទេស​ម៉ាឡេស៊ី កាល​ពីថ្ងៃ​ពុធ ដើម្បី​ទៅចូល​រួមការ​ប្រកួត​កម្រិតពិភព​លោកមួយនេះ ខណៈការ​ប្រកួតប្រជែង អាចនឹង​មាន​ភាពតានតឹងខ្លាំង ព្រោះ​មានអ្នក​ប្រដាល់​មកពី​៩០​ប្រទេសឯណោះ។

    ​លោក ហេង សុខឃន អគ្គលេខាធិការ​សហព័ន្ធ​កីឡា​ប្រដាល់​គុនខ្មែរ ដែលជា​ប្រធានប្រតិភូ​ដឹកនាំ​ការ​ប្រកួតនេះ បាន​ឱ្យ​ដឹង​ថា ការ​ប្រកួត​​ Grand Slam Tournament នេះ​ត្រូវបាន​ធ្វើ​ឡើង ជា​រៀងរាល់​ឆ្នាំ ដើម្បី​អបអរ​ខួបកំណើត​របស់អ៊ីម៉ា ហើយនេះជា​ព្រឹត្តិការណ៍​ពិភព​លោក ដែល​មាន​​​​ប្រទេស​​ចំនួន​៩០ នៅលើ​ពិភព​លោក បាន​ចូលរួម។

    ចំពោះ​រូបមន្ត​ប្រកួតវិញ ​​ស្រដៀងគ្នា​ទៅនឹងស៊ីហ្គេម​ដែរ គឺ​មានការចាប់ឆ្នោត​បែង​ចែក​ការ​ប្រកួត​ទៅតាម​ពូល និងតាម​ប្រភេទ​ទម្ងន់នីមួយៗ រួច​ធ្វើការ​ប្រកួត​ជម្រុះ រហូត​រក​ឃើញ​អ្នក​ឈ្នះបានមេដាយមាសតែម្តង។

    ជាមួយគ្នានេះ ​ក្រុម​ជម្រើសជាតិ​ប្រដាល់​គុនខ្មែរ​​ទាំង​អស់ ត្រូវបានគេ​​មើល​ឃើញ​ថា នឹង​ប្រឈមការ​ប្រកួត​ដ៏​តានតឹង  ដោយពួកគេនឹង​អាច​ជួប​អ្នកប្រយុទ្ធ​មកពី​ចម្រុះ​ជាតិសាសន៍ មកពី​៩០​ប្រទេស ប៉ុន្តែលោក ហេង សុខឃន បានចាត់ទុកការ​ប្រកួតនេះ ជា​ការដកស្រង​បទពិសោធ និងពង្រឹងសមត្ថ​ភាព​យ៉ាងល្អ សម្រាប់ក្រុម​ប្រដាល់គុនខ្មែរ សម្រាប់ត្រៀម​ចូល​រួមការ​ប្រកួតស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា។

    លោក ហេង សុខឃន បាន​ប្រាប់ប្រព័ន្ធ​ផ្សព្វ​ផ្សាយ មុនចេញ​ទៅប្រកួត​​ថា៖​ «តាម​ពិត​ជា​​យើង​មាន​មែនជា​សមាជិក​​របស់អ៊ីម៉ា​នោះ​ទេ ប៉ុន្តែ​ដោយសារ​យើងមានទំនាក់ទំនង​ល្អ ទើបខាងអ៊ីម៉ា បាន​អញ្ជើញ​​យើង​ឱ្យ​ទៅ​ចូល​រួម ជាលើកដំបូងនេះ ហើយការ​ចេញ​ទៅ​ប្រកួត​នេះ ក៏​ស្រប​ទៅនឹង​ផែនការ​របស់ CAMSOC និងក្រសួងអប់រំ យុវជន និងកីឡា ផងដែរ ដែល​ចង់​ឱ្យក្រុមជម្រើសជាតិ​យើង ចេញ​ទៅប្រកួត នៅក្រៅប្រទេស​ឱ្យបានច្រើន សម្រាប់​ផ្លាស់ប្តូរបច្ចេក​ទេស និងពង្រឹងសមត្ថ​ភាព ត្រៀម​ការ​ប្រកួត​ស៊ីហ្គេម ឆ្នាំ​២០២៣ នៅកម្ពុជា»៕

  • Loading...
  • Recent Posts