• ទោះខានវ៉ៃ៣ឆ្នាំ តែ ប៊ូខាវ នៅតែខ្លាំង ចំណែកម្ចាស់មេដាយមាស ម៉ឺន មេឃា និង បឺត សង្ឃឹម ក៏មិនធម្មតា
    ប្រដាល់ក្នុងស្រុក 3 months ago 323 Views

    ទោះបានខកខាន​ឡើង​ប្រកួត​អស់​រយៈពេល​ចូល​៣ឆ្នាំ ប៉ុន្តែ​ស្តេច​ប្រដាល់​របស់​ថៃ Buakaw Banchamek (ប៊ូខាវ) នៅតែ​មានសមត្ថភាព​ខ្លាំង បន្ទាប់ពី​រូប​នេះ បាន​យក​ឈ្នះ​លើ​​ម្ចាស់​ខ្សែ​ក្រវាត់ Varats Dzmitry មកពី​ប្រទេសបេឡារុ សម្រាប់​ការ​ប្រកួត​នៅ​លើ​សង្វៀន​​​គុន​ខ្មែរ​​ជើង​ឯក​ពិភព​លោក ឬ World Fight Tournaments 2022 កាលពី​យប់​មិញ ចំណែក​ម្ចាស់មេដាយមាសស៊ីហ្គេម បឺត សង្ឃឹម និង ម៉ឺន មេឃា ក៏បាន​រក្សា​ភាពខ្លាំង ក្នុងនាមជា​ម្ចាស់​ក្បាច់គុន «គុនខ្មែរ»។

    សម្រាប់ការ​ប្រកួត នៅ​ពហុកីឡ​ដ្ឋាន​ជាតិ​មរតក​តេជោ កាល​ពីព្រលប់​​ថ្ងៃ​ពុធ ម្សិលមិញ ប៊ូខាវ បាន​វាយ​ប្តូរជាមួយ Varats Dzmitry យ៉ាងអំណត់។ សម្រាប់ជំនួប​៣ទឹកនេះ ប៊ូខាវ ក៏​បាន​ទទួល​រង​ការ​វាយ​ចូលពេញៗ​ពីសំណាក់ Varats Dzmitry ផងដែរ ជាពិសេស នៅទឹក​ទី​២ ប៉ុន្តែ​កីឡាករ​វ័យ​៤០​ឆ្នាំ​ម្នាក់នេះ មិន​បានបង្ហាញ​ការ​ថម​ថយ​កម្លាំងនោះ​ទេ។

    ផ្ទុយ​ទៅវិញ ប៊ូខាវ នៅតែ​ចិញ្ចឹម​ចិត្ត​ចូល​វាយ​ប្តូរជាមួយ Varats Dzmitry តាម​រយៈ​ទាត់ បុកជង្គង់ និងការ​វាយ​កែង ដែលបានធ្វើ​ឱ្យ​កីឡាករ​របស់បេឡារុ ម្នាក់នេះ បែក នៅ​លើ​ក្តោង​ចម្រុះផងដែរ។ នៅទីបំផុត ប៊ូខាវ ត្រូវ​បានប្រកាស​ឱ្យ​ឈ្នះ​ពិន្ទុ ខណៈ​សាច់ប្រកួត​៣​ទឹក របស់​អ្នកទាំង​២​នេះ មាន​ភាព​ប្រដំ​ប្រសង​គ្នា​ខ្លាំង។

    ​        ដោយ​ឡែកម្ចាស់មេដាយមាស​ស៊ីហ្គេម នៅប្រទេស​វៀតណាម បឺត សង្ឃឹម និង ម៉ឺន មេឃា ពិតជា​ធ្វើបានសម្រេច ដូច​ការ​តាំង​ចិត្ត ក្នុង​ការ​​យក​ឈ្នះ​លើ​កីឡាករ​បរទេស នៅក្នុង​ព្រឹត្តិការណ៍ World Fight នេះ ដើម្បីផ្សព្វផ្សាយ «គុនខ្មែរ» ទៅកាន់​ពិភព​លោក។ ចំណែក​ម្ចាស់មេដាយប្រាក់ស៊ីហ្គេម កាន់ ម៉េងហុង ក៏​ទទួលបានជ័យជម្នះ​លើ​អ្នក​ប្រដាល់​ខ្ពស់សន្លឹម​របស់​អូស្រាលី Dylan Eagle ដោយពិន្ទុផងដែរ។

    តាម​រយៈ​ការ​ប្រកួត​ត្រឹម​៣ទឹក​នេះ ​ម្ចាស់មេដាយមាស​ផ្នែក​ឃីកបុកស៊ីង បឺត សង្ឃឹម ពិតជាបាន​ធ្វើ​ការ​ងារ​ខ្លាំង ក្នុងការ​វាយប្តូរ​ជាមួយ​ជើង​ខ្លាំង​របស់​ថៃ Penthep Eakmuangnon ក្នុង​ទម្ងន់​៥៧,២​គីឡូ​ក្រាម ព្រោះ​ថៃ​ម្នាក់នេះ មាន​សមត្ថភាព​ល្អ និងបានវាយ​ចេញបាន​ល្អ​ដូចគ្នា។ តែទោះបីជា​យ៉ាង​ណា បច្ចេក​ទេស​វាយ​របស់ បឺត សង្ឃឹម មាន​ភាព​រហ័សរហួន និង​វាយចំគោល​ដៅពេញៗ​ល្អ​ជាង ទើប​រូបគេ​អាច​ទទួលបានជ័យជម្នះ ដោយពិន្ទុ ហើយជំនួប​របស់​អ្នកទាំង​២នេះ មាន​ភាព​ទាក់ទាញ និងជក់​ចិត្ត​ខ្លាំង សម្រាប់​អ្នកគាំ​ទ្រ។

    ចំណែក​ម្ចាស់មេដាយមាស​ផ្នែក​កីឡាវ៉ូវីណាម ម៉ឺន មេឃា បាន​បង្ហាញ​ភាពថម​ថយម្តងៗ​ផង​ដែរ ពីការ​វាយ​ចូល​រួមធ្ងន់ៗ​របស់​អ្នកប្រដាល់ប្រេ​ស៊ីល Felype Souza ក្នុងការ​ប្រកួត​​ទម្ងន់ ៦១,២​គីឡូក្រាម ប៉ុន្តែ​កូនប្រុស​របស់​លោក អេ ភូថង រូបនេះ នៅតែជម្នះ​ចូលវាយលុក​ទៅលើ​ប្រេស៊ីល​ម្នាក់នេះ ដើម្បីយកប្រៀប និងឈ្នះដោយពិន្ទុ ក្នុងការ​ប្រកួត​ដ៏តានតឹង​មួយ​នេះ៕

  • Loading...
  • Recent Posts