• រិន ដេវីត ធ្វើឱ្យរៀមច្បង សៀវ ង៉ុយ ចាញ់ដោយអស់ចិត្ត ដើម្បីបានឈ្នះខ្សែក្រវាត់ និងប្រាក់រង្វាន់១ម៉ឺនដុល្លារ
    ប្រដាល់ក្នុងស្រុក 3 months ago 129 Views

    កីឡាករ​ជើង​ខ្លាំងវ័យុំក្មេង រិន ដេវីត បាន​ធ្វើ​ឱ្យ​រៀម​ច្បង សៀង ង៉ុយ ចាញ់​ដោយ​អស់​ចិត្ត សម្រាប់ការ​ប្រកួត​ផ្តាច់​ព្រ័ត្រ ដណ្តើម​ខ្សែ​ក្រវាត់ នៅ​លើ​សង្វៀន PNN កាលពី​ថ្ងៃ​អាទិត្យ ម្សិលមិញ ដើម្បីក្លាយជា​ម្ចាស់​ខ្សែ​ក្រវាត់ និង​ទឹក​ប្រាក់​ចំនួន​១ម៉ឺន​ដុល្លារ។

    តាម​រយៈការ​ប្រកួត​៥​ទឹក​ពេញ យ៉ាង​ស្វិត​ស្វាញ​ កាលពី​ម្សិលមិញ​នោះ សៀវ ង៉ុយ ដែលគេ​ស្គាល់​ថា ជា​ជើង​ខ្លាំង​ចាស់វស្សា មានជំនួញ​ខាងវ៉ៃ​ក្បាច់នោះ បែរ​ជា​ប្តូរទម្លាប់​ប្រកួត ដោយការ​ដើរ​ចូល​វ៉ៃ​ទៅ​លើ រិន ដេវីត ប៉ុន្តែ​គេ​មិនសូវទទួលបាន​ផល​ប៉ុន្មាន​ទេ ព្រោះ រិន ដេវីត មានក្បាច់​ទប់ និង​វាយក​បក​ត្រឡប់មក​វិញ បាន​យ៉ាង​ល្អ ដើម្បី​យក​ឈ្នះ ដោយ​ពិន្ទុ​ជាឯកច្ឆន្ទ ៥-០ តែ​ម្តង។

    រិន ដេវីត បាន​និយាយ ក្រោយការ​ប្រកួត​​ថា៖ «ចំណុច​ល្អ​របស់​ខ្ញុំ គឺ​ការ​ធាក់ ហើយ​ទាត់ឱ្យ​បានច្រើន ហើយការ​ប្រកួត​នេះ ខ្ញុំបានគិត​តាំងពីមុន​រួច​​មក​ហើយ​ថា បើ​គាត់ចូល ខ្ញុំ​នឹងថយ តែ​បើ​គាត់​ថយ ខ្ញុំ​នឹងចូល»។

    ម្ចាស់ខ្សែ​ក្រវាត់​ថ្មី​ថ្មោង​រូប​នេះ បានបន្ថែម​ថា៖ «ចំណុច​ល្អ​របស់​គាត់ គឺពេល​ចូល​កៀក​ហើយ គាត់​ទាត់ខ្លី យក​កណ្តៀត​ក្អម​របស់​យើង​ឱ្យ​ខូច និង​ទាត់​កាប់ជើង​ក្រោម អ៊ីចឹង ខ្ញុំបាន​ដឹងពី​ក្បាច់នេះ ដោយ​ខ្ញុំព្យាយាម​បិទ ថយ និង​ទាត់ចេញ​ទៅលើ​គាត់វិញ​ឱ្យបានច្រើន គឺ​ខ្ញុំ​ឈ្នះ​ដោយ​ធាក់ ទាត់ និងចាប់វ៉ៃ​ជង្គង់»​។

    សម្រាប់ការ​ឈ្នះខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ លើក​នេះ គឺ​មានន័យ​ថា រិន ដេវីត បាន​ឈ្នះខ្សែ​ក្រវាត់ នៅលើ​សង្វៀន PNN នេះ ចំនួន​២​ដង​ហើយ ដោយកាលពី​លើក​មុន រូបគេ បាន​ឈ្នះ ឃួន ឡាំងកូស៊ីន នៅ​វគ្គ​ផ្តាច់ព្រ័ត្រ ដើម្បីយក​ខ្សែ​ក្រវាត់ និង​ប្រាក់​រង្វាន់​១ម៉ឺន​ដុល្លារ ដូចគ្នា ហើយ​បន្ថែមលើនេះ រិន ដេវីត ក៏​ធ្លាប់បានឈ្នះខ្សែ​ក្រវាត់ មួយ​ទៀត នៅលើ​សង្វៀន​ប៉ុស្តិ៍​លេខ​៥ ផងដែរ។

    នៅពេល​សួរ​ដល់ចំណុចនេះ រិន ដេវីត បាន​ឆ្លើយ​តប​ថា៖ «នេះជាជើងឯក​ទី​៣​របស់​ខ្ញុំ ហើយ​ ដែល​បានឈ្នះ​ខ្សែ​ក្រវាត់ ហើយ​ខ្ញុំពិត​ជា​សប្បាយ​ចិត្ត និងមាន​មោទនភាព​លើ​ខ្លួនឯង ដែល​ឈ្នះបាន​​ខ្សែ​ក្រវាត់ និងទឹក​ប្រាក់រហូត​ដល់​១ម៉ឺន​ដុល្លារ​លើក​នេះម្តង​ទៀត ហើយនេះ​ក៏ជា​មុខមាត់​សម្រាប់​ក្លិប​របស់​ខ្ញុំ ផងដែរ»។

    ចំណែក សៀវ ង៉ុយ បាន​ទទួលស្គាល់​ថា រូបគេ ពិតជា​ចាស់ រិន ដេវីត មែន ដោយ​បាន​និយាយក្រោយការ​ប្រកួត​ដែ​ថា៖ ​«​ការ​ផ្តល់​ពិន្ទុ​នេះ វាសម​រម្យ​ហើយ។ ខ្ញុំចាញ់​ក្បាច់​សិស្សប្អូន ព្រោះ​ខ្ញុំ​ធ្លាប់តែ​វ៉ៃ​ក្បាច់​ដែរ ប៉ុន្តែពេល​ដើរ​ចូលវាយទៅលើ​គេបែប​នេះ ខ្ញុំ​វ៉ៃ​អត់សូវចេញ ដោយ​វ៉ៃអត់ចុះតែម្តង»៕

  • Loading...
  • Recent Posts