• ស្រួង ភាវី រំភើបដល់ស្រែកយំ ក្រោយសម្រេចក្តីសុបិន ឈ្នះពានកម្រិតពិភពលោក នៅចំពោះមុខអ្នកមានគុណ
    កីឡាផ្សេងៗ 3 months ago 119 Views

    កីឡាការិនី​ជម្រើសជាតិប៊ីយ៉ាស្នូកឃ័រ​របស់​កម្ពុជា ស្រួង ភាវី បាន​បង្កើត​ស្នាដៃ សម្រាប់​ការ​ឈ្នះ​បាន​ពានរង្វាន់លេខ​១ នៃ​​ការ​ប្រកួតកីឡា​ប៊ីយ៉ាការ៉ុម​លំដាប់ពិភពលោក  LPBA Champinship នៅក្នុងប្រទេសកូរ៉េ ជាថ្មី​ម្តង​ទៀត។

    យ៉ាង​ណាក៏ដោយ ការឈ្នះ​បាន​ពាន​លេខ​១ លើក​នេះ វាពិតមាន​អត្ថន័យ​ធំ​ខ្លាំង​បំផុត ចំពោះ ស្រួង ភាវី ដែល​ធ្វើ​ឱ្យ​កីឡាការិនី​ឆ្នើម​រូប​នេះ មាន​ការ​រំជួលចិត្ត​រហូត​ស្រក់​ទឹក​ភ្នែក  ព្រោះ​វាជា​លើក​ដំបូង សម្រាប់ ស្រួង ភាវី ដែលបាន​ឈ្នះ​ពាន​កម្រិត​ពិភពលោក​មួយ​នេះ នៅចំពោះ​មុខ​អ្នកមានគុណ​ទាំង​២​របស់នាង ដែល​រឿងដ៏​រំភើប​នេះ ភាវី បាន​រង់ចាំ​អស់រយៈពេល​ជាង​១០​ឆ្នាំ​មក​ហើយ។

    ស្រ្តី ដែល​មានស្វាមី​ជាជនកូរ៉េ ស្រួង ភាវី បានសរសេរ​បង្ហោះ នៅលើ​ហ្វេសប៊ុក​របស់​ខ្លួន​​ថា៖ «អស់​រយៈពេល​ជាង​១០ឆ្នាំ ដែល​កូនស្រី កម្ពុជាម្នាក់នេះ មានក្ដីសុបិនថា នៅថ្ងៃណាមួយ កូននឹងនាំអ្នកមានគុណទាំង២​ ឱ្យ​លោក​បាន​​មក​មើល​ការប្រកួត របស់កូនស្រី ដែល​ជាការ​ប្រកួតខ្នាតអន្តរជាតិ ដ៏ល្អ​ឥត​ខ្ចោះ​នៅទឹកដី​ប្រទេសកូរ៉េនេះ។ ទីបំផុត កូនស្រី កម្ពុជាម្នាក់នេះ អាច​ធ្វើបាន​​ហើយ ហើយ​​ក៏​នឹក​ស្មានមិនដល់ថា ក្តីសុបិន្ដក្លាយជាកាពិត ​នៅ​ក្នុង​ពេល​នេះ​ឡើយ​ ជាមួយ​ការយកឈ្នះ គ្រប់ការ​ប្រកួត​ដ៏តឹងតែង ​និង​​រន្ធត់​ស្លុត​អារម្មណ៍​មួយនេះផងដែរ។ កូនសន្យាថា នឹង​ធ្វើ​ជា​កូន​ស្រី​ល្អ សម្រាប់​គ្រួសារ​ និងសង្គមជាតិ»។

    ស្រួង ភាវី បាន​ទម្លាញពី​អារម្មណ៍​ពិត​របស់​ខ្លួន​បែបនេះ បន្ថែម​ទៀត​ថា៖​ «ជង្គង់​ខ្ញុំ​លត់​ផ្ទប់​ផ្ទាល់​នឹង​ធរណី​ ចង់​ស្រែក​ប្រាប់​លោកា​ថា ​កូន​ស្រី​កម្ពុជា​ដ៏​ខ្លាំងក្លា​ម្នាក់​នេះ​ បាន​យក​​ជ័យជម្នះ​ជូន​ជាតិ​មាតុភូមិ​របស់​ខ្លួន​បាន​ម្ដង​ទៀត​ហើយ​ នៅ​​ចំពោះ​​​មុខ​អ្នកមានគុណ ទាំងពីរ ជា​ស្រឡាញ់ស្មើជីវិត»។

    កីឡាការិនី​ឆ្នើម ស្រួង ភាវី បានឈ្នះ​បាន​លេខ​១ ការ​ប្រកួតកីឡា​ប៊ីយ៉ាការ៉ុម​លំដាប់ពិភពលោក នៅក្នុងប្រទេសកូរ៉េ នេះ បន្ទាប់ពី​ក្រុមហ៊ុន ផឺលូ វ័នវីសឺត ​បានឧបត្ថម្ភ​សម្រាប់​ការ​ប្រកួត​នេះ អស់​រយៈពេល​ជាង​៧ថ្ងៃ​ ហើយ​វាក៏ជា​លើកដំបូង​ផងដែរ ដែល​នាង​បាន​នាំ​យក​ឪពុក​ម្តាយ​របស់​ខ្លួន ទៅមើល​ការ​ប្រកួត​ដ៏ធំ ប្រចាំនៅប្រទេស​កូរ៉េ​នេះ ដោយ​ផ្ទាល់៕

  • Loading...
  • Recent Posts