ប្រធានសហព័ន្ធកីឡាឈិនឡូនអាស៊ី លោក U SOE NAING ដែលជាប្រធានសហព័ន្ធកីឡាឈិនឡូនមីយ៉ាន់ម៉ា ផងនោះ បានសន្យា នឹងជួយបណ្តុះបណ្តាលក្រុមអត្តពលិកកីឡាឈិនឡូនកម្ពុជា ឱ្យមានសមត្ថភាព និងគុណភាពខ្ពស់ ដើម្បីអាចចូលរួមប្រកួតដណ្តើមយកមេដាយបាន ពេលកម្ពុជា ធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម ជាលើកដំបូង នៅឆ្នាំ២០២៣ ខាងមុខនេះ។
លោក U SOE NAING បានថ្លែងថា៖ «យើងមានក្តីរីករាយ និងការស្វាគមន៍យ៉ាងកក់ក្តៅចំពោះវត្តមានកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេសកីឡាឈិនឡូនកម្ពុជា ក្នុងការទៅហ្វឹកហាត់ និងបណ្តុះបណ្តាល នៅប្រទេសមីយ៉ាន់ម៉ា ដោយយើងសន្យាថា នឹងបដិសណ្ឋាកិច្ចទទួលខុសត្រូវ ទាំងស្រុង ដើម្បីជួយជំរុញធ្វើយ៉ាងណាឱ្យអត្តពលិក និងមន្រ្តីបច្ចេកទេសកម្ពុជា ត្រឡប់មកចូលរួមស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ មានគុណភាពខ្ពស់ ដោយអាចរៀបចំព្រឹត្តិការណ៍បានល្អ និងប្រកួតដណ្តើមមេដាយបាន»។
ការលើកឡើងបែបនេះរបស់លោក U SOE NAING ត្រូវបានធ្វើឡើង កាលពីព្រឹកថ្ងៃសុក្រ នៅពេលប្រធានប្រធានសហព័ន្ធកីឡាឈិនឡូនអាស៊ី និងជាប្រធានសហព័ន្ធកីឡាឈិនឡូនមីយ៉ាន់ម៉ា បានចុះកិច្ចព្រមព្រៀងជាមួយលោកបណ្ឌិត មាស សារិន ជាសហព័ន្ធកីឡាសីដក់ និងឈិនឡូនកម្ពុជានៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC)។
ជាមួយគ្នានោះ លោក វ៉ាត់ ចំរើន ជាអគ្គលេខាធិការ NOCC បានថ្លែងអំណរគុណដល់លោក លោក U SOE NAING ដែលបានយកចិត្តទុកដាក់ ក្នុងការជួយអភិវឌ្ឍធនធានកីឡារបស់កម្ពុជា ដើម្បីឆ្លើយតបនឹងគោលដៅឆ្ពោះទៅធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា ហើយអគ្គលេខាធិការ CAMSOC លោក ចំរើន បានជំរុញឱ្យសហព័ន្ធឈិនឡូនអាស៊ី ជួយដាក់គ្រូបង្វឹកកម្រិតខ្ពស់ បង្ហាត់ដល់អត្តពលកម្ពុជា ព្រោះកម្ពុជាត្រូវការឈ្នះមេដាយច្រើនគ្រឿង លើវិញ្ញសាឈិនឡូន ក្នុងឋានៈជាម្ចាស់ផ្ទះ ស៊ីហ្គេម ឆ្នាំ២០២៣។
ចំណែកលោកបណ្ឌិត មាស សារិន បានថ្លែងថា សហព័ន្ធកីឡាឈិនឡូអាស៊ី និងសហព័ន្ធឈិនឡូនមីយ៉ាន់ម៉ា នឹងធានារ៉ាប់រង សម្រាប់គ្រូបង្វឹក កីឡាករ កីឡាការិនី និងមន្ត្រីអាជ្ញាកណ្តាលកម្ពុជា លើការហូបចុកស្នាក់នៅ ការដឹកជញ្ជូន ក្នុងអំឡុងពេលហ្វឹកហាត់បំប៉នបច្ចេកទេស នៅប្រទេសមីយ៉ាន់ម៉ា រយៈពេលវែង រហូតដល់ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជាតែម្តង។
លោកបានបន្ថែមថា ចំពោះប្រភេទកីឡាឈិនឡូននេះ មានវិញ្ញាសាសរុបចំនួន១២ គឺផ្នែកបុរស ៤ នារី៤ និងវិញ្ញាសាចម្រុះ៤ ហើយលោក U SOE NAING នឹងទទួលស្វាគមន៍ និងរ៉ាប់រងលើចំនួនគ្រូ អត្តពលិក និងមន្ត្រីបច្ចេកទេស ប៉ុន្មាននាក់ក៏លោកទទួល ដោយក្តីរីករាយ និងផ្តល់ភាពកក់ក្តៅបំផុត ហើយប្រតិភូកីឡាកម្ពុជា គ្រោងនឹងត្រូវចេញដំណើរទៅ នៅខែសីហា ឆ្នាំ២០២២ និងរហូតដល់កៀក ស៊ីហ្គេម ឆ្នាំ២០២៣ ទើបវិលត្រឡប់មកវិញ ចូលរួមប្រកួតតែម្តង។
សម្រាប់ការទៅហ្វឹកហាត់ និងរៀនសូត្ររយៈពេលយូរនេះ ត្រូវបានលោកបណ្ឌិត មាស សារិន បានបញ្ជាក់ថា៖ «ការធ្វើបែបនេះ សហព័ន្ធសំដៅឱ្យកីឡាករ កីឡាការិនី និងមន្រ្តីបច្ចេកទេស មានសមត្ថភាព និងគុណភាពគ្រប់គ្រាន់ ក្នុងការប្រជែងដណ្តើមមេដាយជូនជាតិ និងបម្រើការងារ ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម ឆ្នាំ២០២៣ ឱ្យបានល្អ»៕
Recent Posts
-
អង្គរថាយហ្គឺរ ត្រូវជម្រះបញ្ជីជាមួយ វិសាខា ដោយគ្មានកីឡាករទី១២ រីឯ ណាហ្គា ក៏ត្រូវទូទាត់បំណុលនឹង បឹងកេត
-
ម៉ារ៉ុកបញ្ចប់តំណែងគ្រូបង្វឹកមុនព្រឹត្តិការណ៍ World Cup ២០២២
-
Joe Cole: មិនមែន Real Madrid តែក្លឹប៤នេះអាចឈ្នះ Champion League
-
ស៊ីហ្គេម នៅកម្ពុជា មានជាង៥០០មេដាយមាស តែ CAMSOC ថា ការប្រកួតប្រជែង ត្រូវមានភាពស្មោះត្រង់
-
ក្រុមប្រដាល់គុនខ្មែរ ត្រូវប្រកួតដណ្តើមមេដាយកម្រិតពិភពលោក ជាមួយអ្នកប្រដាល់មកពី៩០ប្រទេស