• ទូរទស្សន៍ជាតិកម្ពុជា បានចុះកិច្ចសហប្រតិបត្តិការ ជាមួយក្លិបប្រដាល់ចិន ដើម្បីពង្រីកសក្តានុពល និងផ្សព្វផ្សាយគុនខ្មែរ ទៅកាន់ពិភពលោក
    ប្រដាល់ 4 months ago 265 Views

    អគ្គនាយក​ដ្ឋាន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា និង​ក្លិប​ប្រដាល់​ឡុងហាយ (Loonghai Fight Club) ក្រោម​អធិបតី​ភាព​របស់​លោករដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន ខៀវ កាញារីទ្ធ បាន​សម្រេច​ចុះ​កិច្ច​​សហប្រត្តិការ​រួម​គ្នា​មួយ ដោយ​ផ្តោត​សំខាន់ ទៅលើ​ការ​បង្កើត​ព្រឹត្តិការណ៍​ប្រកួត ការ​ផ្សព្វផ្សាយ និងការ​លើក​កម្ពស់​វិស័យ​​កីឡា​ប្រពៃណី​ប្រដាល់​គុនខ្មែរ តាម​រយៈការ​ប្រកួត​ឃីកបុកស៊ីង ដើម្បី​ធ្វើ​ឱ្យ​ប្រភេទ​កីឡា​ប្រពៃណី​របស់កម្ពុជា​មួយនេះ កាន់តែមាន​សក្តានុពល និង​​កាន់​​តែ​មាន​ឈ្មោះ​បោះ​សំឡេង នៅ​លើ​ពិភព​លោក។

    យ៉ាងណា​ក៏ដោយ នៅ​មុនការ​​ឈាន​មក​ដល់​ ​ការ​ចុះ​កិច្ចសហប្រតិបត្តិ កាល​ពី​ថ្ងៃ​ទី​៣០ ខែ​ឧសភា កន្លង​មក​នេះ ម្ចាស់​ក្លិប​ប្រដាល់​ឡុងហាយ និងក្រុមការងារ​​របស់ខ្លួន បាន​រួមចំណែក​ខ្លះ​​ហើយ ក្នុងការ​ជួយ​ប្រដាល់​គុនខ្មែរ  ជាពិសេស​សហព័ន្ធ​កីឡាប្រដាល់​ឃីក​បុកស៊ីង​កម្ពុជា ដើម្បីឱ្យ​ក្រុមជម្រើសជាតិ​ឃីកបុកស៊ីង អាច​បង្កើត​បាន​កំណត់ត្រា​ប្រវត្តិសាស្រ្ត ចំពោះការ​ឈ្នះ​បានមេដាយមាស នៅស៊ីហ្គេម ជា​លើក​ដំបូង។

    ចំណែក​លោក GUO YANG អគ្គនាយក​របស់​ក្លិប​ប្រដាល់​ឡុងហាយ បាន​បង្ហាញ​ភាពរីក​ខ្លាំង ចំពោះ​ការ​ចុះ​កិច្ចសហ​ប្រត្តិការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា ដើម្បី​រួមគ្នា​ជួយ​ជំរុញ​កីឡា​ប្រពៃណី ជាពិសេស​គុនខ្មែរ ឱ្យ​កាន់តែ​មាន​ភាព​ល្បីល្បាញ​នេះ ព្រោះ​ការងារ​នេះ វាស្រប​​ទៅ​នឹង​​ចក្ខុវិស័យ​របស់​ក្លិបនេះ​តែ​ម្តង។

    ​លោក GUO YANG បាន​និយាយថា៖ «ចាប់​តាំង​ពីក្លិ​​ប្រដាល់​ឡុងហាយ បាន​បង្កើត​ឡើង​ ពួក​យើង​តែងតែ​ខិតខំ​ផ្សព្វ​ផ្សាយ​អំពី​គុន​​ខ្មែរ​ជារឿយៗ និង​មាន​ចក្ខុ​វិស័យ ក្នុង​ការ​បង្កើត​ការ​ប្រកួត​ថ្នាក់​អន្តរ​ជាតិ នៅ​ក្នុង​ប្រទេស​​កម្ពុជា​​ ហើយ​ការ​ងារ​ទាំង​នេះ​ បាន​​​ធ្វើ​ឱ្យ​ពួក​យើង​យល់​​ដឹង​​កាន់​តែ​ស៊ីជម្រៅ​ ទៅ​លើ​វប្បធម៌​ខ្មែរ​ ជាពិសេស​គុន​ខ្មែរ»។

    ជាមួយគ្នា​នេះ លោក ខៀវ កាញារីទ្ធ រដ្ឋមន្ត្រី​ក្រសួង​ព័ត៌មាន បាន​គាំទ្រ​ពេញ​ទំហឹង ទៅ​លើ​ការ​កិច្ច​សហ​ប្រតិបត្តិ​ការ​របស់​ភាគី​ទាំង​២​នេះ ដោយ​លោក​បាន​ថ្លែង​ថា៖ ​«​ខ្ញុំ​ពិត​ជា​គាំ​ទ្រ ចំពោះ​ភាគី​ទាំង​២ ដែល​មាន​ឆន្ទៈ និង​ទស្សន​វិស័យ​រួម​គ្នា ក្នុង​ការ​បង្កើត សម្រប​សម្រួល និងជំរុញ​វិស័យ​កីឡា​នៅ​កម្ពុជា ឱ្យ​កាន់​តែ​រីក​ចម្រើន»។

    លោក​រដ្ឋមន្រ្តី បាន​បន្ថែម​ថា៖​ «តាមរយៈ​មាគា​ដឹកនាំ​ដ៏​ត្រឹម​ត្រូវ ប្រកប​ដោយ​កិត្តិ​បណ្ឌិត​របស់​សម្តេច​តេជោ ហ៊ុន សែន កម្ពុជា​ទទួល​បាន​នូវ​ការ​យក​ចិត្ត​ទុក​ដាក់ និងគាំទ្រ​យ៉ាង​ពេញ​ទំហឹង​លើ​គ្រប់​វិស័យ​ពី​មិត្ត​ចិន ពិសេស​នៅចន្លោះ​ពេល​វិបត្តិ​ជំងឺកូវីដ​១៩ ដោយ​មិត្ត​ចិន បាន​ជួយ​ផ្តល់​ជំនួយ​វ៉ាក់សាំង​យ៉ាង​ច្រើន​មក​កម្ពុជា។ ចំណែក​កិច្ច​សហ​ប្រត្តិការ​នេះ ក្លិប​ប្រដាល់​ឡុងហាយ នឹង​ជួយ​ទំនុក​បម្រុង ស្វែង​រក​ដៃ​គូ និង​អភិវឌ្ឍ​កីឡាប្រយុទ្ធ​របស់​ប្រទេស​ទាំង​២ ឱ្យ​ឈាន​ទៅដល់​កម្រិត​អន្តរជាតិ ថែម​ទៀត»។

    គួរ​រំឭកថា នៅ​ក្នុង​រយៈពេល​ជិត​២​ឆ្នាំ​នេះ ​ក្លិបប្រដាល់​ឡុង​ហាយ ​បានចូល​រួមចំណែក​យ៉ាង​សំខាន់​ ក្នុងការជួយជ្រោម​ជ្រែង ដល់​សហព័ន្ធ​កីឡាប្រដាល់​​ឃីកបុកស៊ីង​កម្ពុជា ដោយ​ក្លិប​នេះ បាន​បញ្ជូន​​គ្រូ​ជំនាញ​របស់​ខ្លួន គឺ​លោក CHEN YAHONG មក​ជួយ​បង្វឹក​​ ដើម្បី​បំពេញ​ជំនាញ និងបច្ចេកទេសថ្មីៗ នៃ​ប្រដាល់​ឃីក​បុកស៊ីងនេះ ទៅ​ឱ្យ​ក្រុម​ជម្រើសជាតិ​​ឃីកបុកស៊ីង កម្ពុជា ដែល​សុទ្ធ​តែ​​​មាន​​ប្រភព​ចេញពីប្រដាល់គុនខ្មែរ។ ​

    បន្ថែម​លើនេះ ក្លិប​ប្រដាល់​ឡុងហាយ ក៏​​បាន​សហការ​ជាមួយ WLF និង​ CAMSOC ​រៀបចំ​ឱ្យមាន​ព្រឹត្តិការណ៍ «ស្តេច​ប្រដាល់​អង្គរ»  ជាប្រវត្តិ​សាស្រ្ត លើក​ដំបូង នៅមុខ​អង្គរ កាលពីខែ​មេសា ឆ្នាំ​២០២២ ដោយ​ព្រឹត្តិការណ៍​នេះ ជាការ​ប្រកួត​រវាង​អត្តពលិក​​គុនខ្មែរ និង​ក្រុម​ជំនាញ​ឃីក​បុកស៊ីង​របស់​ចិន ហើយការ​រួច​ចំណែកនេះ បាន​ជួយ​ឱ្យ​ក្រុម​ជម្រើសជាតិ​ឃីកបុកស៊ីង​កម្ពុជា អាច​បង្កើត​បាន​កំណត់ត្រា​ប្រវត្តិ​សាស្រ្ត ពេល​ពួកគេ ចូល​រួម​ការ​ប្រកួត​ស៊ីហ្គេម នៅប្រទេស​វៀតណាម កន្លងមក​នេះ ដោយ​ក្រុមនេះ ដណ្តើម​បាន​មេដាយ​មាស​១ ប្រាក់​៣ និងសំរឹទ្ធ​១។

    និយាយ​ផ្តោត​ទៅ​លើជ័យជម្នះ​នេះ លោក GUO YANG បញ្ជាក់​ថា៖ «ពួក​យើង ពិត​ជា​​សប្បាយ​ចិត្ត ដែល​កម្ពុជា​ទទួល​បាន​លទ្ធផល​យ៉ាង​ល្អ​នេះ ដែល​ជា​មោទន​ភាពជាតិ​មួយ សម្រាប់កម្ពុជា និង​សម្រាប់​ក្លិប​ប្រដាល់​ឡុង​ហាយផងដែរ ដែល​បានចូលជួយ ហើយ​ខ្ញុំ​សង្ឃឹម​ថា ការ​សហការ​ជាមួយ​ទូរទស្សន៍​ជាតិ​កម្ពុជា លើកនេះ នឹង​អាច​រួមគ្នា​បង្កើត​កម្ម​វិធី​ខ្មែរ​មួយ ដែល​មាន​ស្តង់ដារអន្តរជាតិ ដើម្បី​ផ្សព្វ​ផ្សាយ​​គុនខ្មែរ ទៅកាន់ពិភពលោក ​ព្រមទាំង​ធ្វើឱ្យ​វិស័យ​ប្រដាល់នៅកម្ពុជា កាន់តែខ្លាំងក្លា និង​រីកចម្រើនទៅមុខ​។ តាម​រយៈ​ការ​សហការនេះ​ដែរ ក៏​នឹងជួយ​ពង្រឹងបន្ថែម នូវវប្បធម៌ និងចំណងមិត្តភាពរវាងប្រទេសទាំង២ ផងដែរ»។

    ចំណែក​លោក ឃីម វុទ្ធី អគ្គនាយកនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជា បាន​និយាយ​​ថា៖​ «កិច្ចសហប្រត្តិការ​នេះ នឹងជួយ​ឱ្យ​ ទទក ឱ្យកាន់​តែមានសមត្ថភាព បទពិសោធ និងធនធាន សម្រាប់​រៀបចំ​ព្រឹត្តិការណ៍កីឡា បម្រើ​អារម្មណ៍​ទស្សនិកជន និង​នាំ​ឧត្តម​ភាព​កីឡា ឆ្ពោះ​ទៅកាន់​អន្តរជាតិ។ ក្លិប​ប្រដាល់​ឡុងហាយ និង ទទក មានទស្សនវិស័យ​ស្របគ្នា ក្នុងការ​ធ្វើ​បច្ចុប្បន្ន​ភាព លើការ​រៀបចំកម្មវិធីប្រកួត​ឱ្យកាន់តែមានលក្ខណៈស្តង់ដារ​បន្ថែម​ទៀត»។

    លោកបានបន្ថែម​ថា៖ «​ក្រៅ​ពីកិច្ច​សហប្រត្តិការ​ក្នុង​ស្រុក ភាគីទាំង​២ កំពុង​រៀបចំ​ក្រុមការងារ​ជំនាញ ដើម្បី​ពិនិត្យ​​លទ្ធភាព និងដោះស្រាយ​បញ្ហាប្រឈម ដើម្បីនាំកម្មវិធី​ផ្សាយពីកម្ពុជា ទៅ​ចិន និង​នាំមក​វិញ នៅកម្មវិធី​កីឡាប្រដាល់ធំៗ​របស់ចិន អ៊ីចឹង​ក្រុមការងារ​នេះ នឹងក្លាយជា​ធនធាន​មួយ សម្រាប់​ទទក ត្រៀម​ខ្លួនចូល​រួមការ​ផ្សាយផ្ទាល់ ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម លើកទី​៣២ ឆ្នាំ​២០២៣ នៅកម្ពុជា»៕

  • Loading...
  • Recent Posts