• ធន់ រិទ្ធី ត្រូវសងសឹកអ្នកប្រយុទ្ធថៃ ជំនួសគ្រូបង្វឹក ស្របពេល TVK Fighter បានផ្លាស់ប្តូរទម្រង់ប្រកួតថ្មី
    ប្រដាល់ក្នុងស្រុក 4 months ago 244 Views

    អ្នកលេង​កណ្តាប់ដៃ​ធ្ងន់ ធន់ រិទ្ធី (ថៃ រិទ្ធី) ត្រូវបាន​ដាក់ឱ្យ​ប្រកួត​អំបោះឆៅ ជាមួយ​អ្នក​ប្រយុទ្ធ​របស់ថៃ សនខាវ ស៊ិតកាំណាន់លឺ ក្នុង​ព្រឹត្តិការណ៍​ប្រកួត TVK Fighter របស់​សង្វៀន​ប្រដាល់​អគ្គនាយកដ្ឋាន​ទូរ​ទស្សន៍​ជាតិ​កម្ពុជា (ទទក) ដែលនឹង​ចាប់ផ្តើម នៅរសៀលម៉ោង​៤ ថ្ងៃ​ព្រហស្បតិ៍​នេះ។

    សម្រាប់ការ​បោះជំហាន​ចូល​រួម ក្នុងកម្ម​វិធី TVK Fighter ជា​លើកដំបូង​​នេះ ធន់ រិទ្ធី មាន​​ភារកិច្ច​សំខាន់ ដែល​ត្រូវ​ធ្វើ គឺ​រូបគេ ត្រូវ​យក​ឈ្នះ​លើ​អ្នកប្រដាល់ សនខាវ ស៊ិតកាំណាន់លឺ ម្នាក់​នេះ​​ឱ្យបាន ដើម្បីសងសឹក​ជំនួស​គ្រូជំនួយ​របស់​គេ ម៉ឺន សុភា ដែល​ធ្លាប់បានចាញ់​ថៃ​ម្នាក់​នេះ ហើយ​កីឡាករ​ដ៏មានប្រជាប្រិយ​របស់​កម្ពុជា គឺ កែវ រំចង់ ដែលបាន​ឃ្លាតឆ្ងាយពី​សង្វៀន​ប្រដាល់ ជា​ច្រើន​ឆ្នាំ​មក​ហើយ​នោះ ក៏​ធ្លាប់ចាញ់ សនខាវ ផងដែរ។

    ជាមួយគ្នា​នេះ ការ​ប្រឈមមុខ​ដាក់គ្នា​រវាងអ្នក​ប្រយុទ្ធ​គុនចម្រុះ ធន់ រិទ្ធី និង សនខាវ  នៅថ្ងៃ​នេះ វាកាន់តែ​មាន​ន័យ ព្រោះ​នេះជា​លើក​ដំបូង ដែល TVK Fighter បានផ្លាស់ប្តូរ​ទម្រង់ប្រកួតថ្មី ដោយបានរៀបចំ​ឱ្យមានការ​ប្រកួត​អន្តរជាតិ ជា​លើកដំបូង ហើយ​សម្រាប់ការ​ប្រកួត​៤​គូ​ទៀត​រវា​ងកីឡាករ​ក្នុងស្រុក ក៏​ត្រូវបាន​ដាក់​ឱ្យប្រកួត​អំបោះឆៅ សុទ្ធសាធ​ផងដែរ។

    សម្រាប់​ការ​ផ្លាស់ប្តូរ​ទម្រង់ប្រកួត​ថ្មី នៅ​ក្នុងវិធី TVK Fighter នេះ ត្រូវ​បាន​អ្នក​រៀបចំ​ការ​ប្រកួត​នេះ បាន​អះអាង​ថា ​ដើម្បីទាក់ទាញ​​ទស្សនិកជន ឱ្យមក​គាំ​ទ្រ​ ការ​ប្រកួត​របស់សង្វៀន​ប្រដាល់​ទទក បានកាន់​​ច្រើន ខណៈ​ការ​រៀបចំ​ឱ្យមានការ​ប្រកួត​តែ​ខ្មែរ និងខ្មែរ មិនសូវទទួលបាន​ការ​គាំ​ទ្រ ពីមហាជន​នោះ។

    លោក  ម៉ុល  នី  ប្រធានផ្គូផ្គងប្រដាល់របស់សង្វៀនទទក នៃ​កម្ម​វិធី TVK Fighter បាន​ប្រាប់ថា៖​ «តាម​ពិត​យើង​ចង់រក្សា​ឱ្យមានការ​ប្រកួតរវាង​គូជាតិ និងគូ​ជាតិ ដើម្បី​ផ្តល់​ឱកាស​ឱ្យ​កីឡាករ​វ័យក្មេង​របស់​យើង បានប្រកួត​ប្រកួតគ្នា​ញឹកញាប់ ក្នុងការ​អភិវឌ្ឍ​សមត្ថភាព និង​ទទួល​បានប្រាក់ចំណូល យក​ទៅផ្គត់​ផ្គង់​ជីវភាព ប៉ុន្តែការ​រៀបចំ​ទម្រង់បែបនេះ គឺ​មិនសូវ​ទទួល​បាន​ការគាំ​ទ្រ​ពី​ទស្សនិក​ជន​ប៉ុន្មានឡើយ»។

    លោកបានបន្ថែម​ថា៖ ​«ជាមួយ​ហេតុផលនេះ យើង​​ត្រូវ​​ផ្លាស់ប្តូរ​ទៅតាមកាលៈទេស ដោយបន្ថែមឱ្យមានការ​ប្រកួត​អន្តរជាតិ ចំនួន​១គូ ចំណែក​​៤​​គូ​​ផ្សេង​ទៀត ជាការ​ប្រកួត​រវាង​កីឡាករ​​ក្នុងស្រុក​ដដែល តែ​យើង​ដាក់​ឱ្យ​ប្រកួត​អំបោះ​ឆៅ​ទាំង​អស់ ហើយ​ការដាក់ឱ្យមានការ​ប្រកួត​អន្តរជាតិនេះ វាជា​ភាព​ទាក់​ទាញ​​មួយ គ្រាន់តែ​កម្ម​វិធី​យើង ​ត្រូវចំណាយ​ច្រើនជាងមុន»។

    តែទោះបីជា​យ៉ាង​ណា ប្រធានផ្គូផ្គងប្រដាល់របស់សង្វៀនទទក រូប​នេះ បានបញ្ជាក់​ថា៖ «យើងនឹង​ព្យាយាម​ធ្វើ​ឱ្យមាន​រស់ជាតិ​ថ្មី សម្រាប់​អ្នកគាំទ្រ  អ៊ីចឹង​ចាប់ពីសប្តាហ៍នេះទៅ យើង​នឹង​ដាក់​ឱ្យ​មាន​ការ​​ប្រកួត​​អំបោះឆៅ សុទ្ធតែ​ម្តង និងមាន​ការ​ប្រកួត​ជាមួយ​កីឡាករ​ថៃ ១​គូ​ជា​ប្រចាំ ហើយថ្ងៃ​ទៅមុខ បើសិន​ជា​មាន​ការ​គាំ​ទ្រ និងមាន​ម្ចាស់​ឧបត្ថម្ភ យើង​នឹងពិចារណ ក្នុងការ​បន្ថែម​គូ​អន្តរជាតិ ដើម្បី​​ធ្វើ​ឱ្យការ​ប្រកួត​កាន់តែ​ទាក់ទាញ​ថែម​ទៀត»៕

     

  • Loading...
  • Recent Posts