• ធន់ អៀងឡៃ ៖ ខ្ញុំប្តេជ្ញាយកពានមាសមួយនេះ ឱ្យបាន ដើម្បីជាកាដូ ជូនប្រពន្ធរបស់ខ្ញុំ
    ប្រដាល់ក្នុងស្រុក 4 months ago 170 Views

    កីឡាករ ធន់ អៀងឡៃ បានអះអាង​ថា ការ​ប្រកួតផ្តាច់ព្រ័ត្រ ដណ្តើម​ពានមាស ជាមួយ​គូ​សត្រូវចាស់ អេលីត ចំរើន នៅលើសង្វៀន​ថោន នា​ថ្ងៃ​អាទិត្យ​នេះ រូបគេ​មិនខ្វល់ថា ចំរើន វាយ​បែប​ដក​ថយ ដូចជំនួប​លើក​មុន ឬយ៉ាងណានោះទេ ប៉ុន្តែ​អ្វីដែលសំខាន់​នោះ អៀងឡៃ បាន​​ប្តេជ្ញា​ដណ្តើម​យកពានមាស​នេះ និងប្រាក់​រង្វាន់ ឱ្យបាន ដើម្បី​ធ្វើជា​កាដូ ជូន​ប្រពន្ធ​របស់ខ្លួន។

    កីឡាករ​និយមវាយសម្រុក​គ្រប់ក្បាច់ ធន់ អៀងឡៃ បាន​និយាយ​ថា៖ «ការជួបគ្នាលើក​នេះ ខ្ញុំ​អត់ខ្វល់​នោះទេ ទោះបីជា​គាត់​ចូល​ក៏បាន ថយក៏បាន គឺអត់បញ្ហា ព្រោះខ្ញុំបានត្រៀមចិត្ត ត្រៀមកាយ​ និងត្រៀមស្នៀត ទប់ទល់ជាមួយគាត់ រួចរាល់​អស់ហើយ ហើយ​ខ្ញុំបាន​ប្តេជ្ញា​ថា នឹង​ខំប្រឹង​​យក​ពាន​មួយ​នេះ ឱ្យបាន ព្រោះវាសំខាន់ សម្រាប់ខ្ញុំ»។

    ការ​និយាបែប​​ចម្អក​ទៅដល់ការ​ប្រកួត​របស់ អេលីត ចំរើន នេះ ក៏ព្រោះ​តែ ធន់ អៀងឡៃ ធ្លាប់បានចាញ់​អ្នកលេងស្នៀត​ជើង​រូប​នេះ ចំនួន​២​លើក​មក​ហើយ ហើយការ​ចាញ់ពិន្ទុលើក​ចុង​ក្រោយ ក្នុងការ​ប្រកួតជម្រុះ​តាមពូល ក្នុង​ការដណ្តើម​ពានមាស​នេះ ធន់ អៀអឡៃ ក៏បាន​វាយ​កែង បណ្តាល​ឱ្យ អេលីត ចំរើន បែក នៅលើក្តោងច្រមុះ ផងដែរ ប៉ុន្តែរូបគេ នៅតែគេច​មិន​ផុត ពីការ​ចាញ់ ដោយមិនអស់ចិត្ត ជាមួយការ​វាយ​បែបដកថយ មិនហ៊ាន​វាយ​ដោយប្រឈមគ្នា​របស់ អេលីត ចំរើន។

    ធន់ អៀងឡៃ បាន​បន្ថែម​ថា៖ «ខ្ញុំចង់បាន​ប្រាក់​រង្វាន់ពីការ​ប្រកួត​ពាននេះ យក​ទៅ​ផ្គត់​ផ្គង់គ្រួសារ ព្រោះ​យើងទើបតែមាន​គ្រួសារ​ដែរ  អ៊ីចឹង​ខ្ញុំប្តេជ្ញា​យកពានមាស​នេះ​ឱ្យ​ពាន សម្រាប់​ធ្វើជា​កាដូ ជូន​ប្រពន្ធ​របស់ខ្ញុំ ហើយ​ខ្ញុំ​សូម​ផ្តាំ​ផ្ញើ​ទៅ​បងប្អូនអ្នក​គាំ​ទ្រ​ថា ការ​ប្រកួតនេះ ធានា​ថា នឹង​ល្អមើល ដោយខ្ញុំត្រូវការ​ជ័យជម្នះខ្លាំង​បំផុត»។

    ចំណែក អេលីត ចំរើន នៅតែ​ប្រកាន់ជំហរ វ៉ៃ​ទៅតាម​បច្ចេក​ទេស​របស់ខ្លួន គឺ​នឹងមិនវ៉ៃ​បុក​គ្នា តាមការ​ចង់បាន​របស់​អ្នកគាំ​ទ្រ នោះ​ទេ ដោយរូបគេ បាន​និយាយ​ថា៖​ «​ខ្ញុំ​ធ្លាប់​ឈ្នះ ធន់ អៀងឡៃ ២​ដងមក​ហើយ ប៉ុន្តែ ការ​ជួបគាត់ គឺ​មានភាព​តានតឹងខ្លាំងជាងគេ។ យ៉ាងណា​ក៏ដោយ ការជួបគ្នា​លើកនេះ ខ្ញុំបាន​ត្រៀម​ល្អ​ដែរ ហើយ​សម្រាប់ខ្ញុំ ការ​ប្រកួត មាន​វ៉ៃបុក និង​ថយ គឺ​ពេលណា​វ៉ៃ​ថយ ខ្ញុំនឹងអាច​ឈ្នះ ខ្ញុំនឹង​វាយថយ»។

    កីឡាករ​ល្អទាត់ អេលីត ចំរើន បាន​បន្ថែម​ថា៖ «សម្រាប់ការ​ប្រកួត​​លើក​នេះ ខ្ញុំ​ប្តេជ្ញា​ថា បើឡើង​ទៅ គាត់ថយ ខ្ញុំ​នឹង​វាយបុក តែ​បើគាត់​វាយបុក ខ្ញុំ​មានតែ​ថយ ព្រោះ​កីឡាករ​មានចេញ មានចូល អ៊ីចឹង​ខ្ញុំ​សូម​ផ្តាំផ្ញើរ​ទៅបងប្អូន​​ភាគ​ច្រើន ដែលមិនសូវពេញ​ចិត្ត​ការ​ប្រកួត​របស់ខ្ញុំ ដែល​ថា ខ្ញុំវ៉ៃ​ថយៗ ប៉ុន្តែ​ខ្ញុំមាន​ស្នៀត និងបច្ចេកទេស ព្រោះពេលខ្ញុំ​ថយ ក៏ខ្ញុំ​មើលដែរ។ បើ​កីឡាករ​បុក​មក ហើយខ្ញុំបុក​ទៅវិញ វាពិបាក អ៊ីចឹង​ខ្ញុំមានតែ​ថយ​ទាត់ ធាក់ និង​ម៉ាត់ ទៅតាមធម្មតា និងតាម​បច្ចេកទេស ហើយ​ប្រកួតនេះ ខ្ញុំសង្ឃឹម​ត្រឹម​៦០ភាគ​រយ»៕

  • Loading...
  • Recent Posts