ក្រោយបញ្ចប់បេសកកម្ម នៅស៊ីហ្គេម លើកទី៣១ ឆ្នាំ២០២១ ក្នុងទីក្រុងហាណូយ ប្រទេសវៀតណាម កាលពីថ្ងៃចន្ទ ម្សិលមិញ ជាមួយលទ្ធផលមិនគប់ប្រសើរនោះ គ្រូបង្គោលជនជាតិជប៉ុន លោក Ryu Hirose បានមើលឃើញយ៉ាងច្បាស់ពីចំណុចខ្វះខាត ដែលក្រុមជម្រើសជាតិកម្ពុជាអាយុក្រោម២៣ឆ្នាំ ត្រូវធ្វើការពង្រឹងបន្ថែម ដើម្បីឱ្យចំគោលដៅ ក្នុងដំណើរឆ្ពោះទៅស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា ត្រូវធ្វើជាម្ចាស់ផ្ទះវិញម្តង។
តាមរយៈការប្រកួតជម្រុះប្រចាំពូលB ចំនួន៤លើក កន្លងមកនេះ ក្រុមជម្រើសជាតិកម្ពុជា ធ្វើបានយ៉ាងល្អ ពេលពួកគេ បានយកឈ្នះក្រុមសិង្ហបុរី ៤-១ នៅថ្ងៃបើកឆាក មុនពេលពួកគេ បន្តទៅចាញ់ក្រុមសិង្ហបុរី ១-០ និងចាញ់ក្រុមជម្រើសជាតិថៃ រហូតដល់ ៥-០ ចំណែកការបង្រ្គប់កិច្ចចុងក្រោយ កាលពីថ្ងៃចន្ទ ម្សិលមិញ ក្រុមកម្ពុជា បានបង្ហាញការប្រកួតយ៉ាងយកចិត្តទុកដាក់ ដើម្បីបញ្ចប់ការប្រកួតស្មើ ២-២ ជាមួយក្រុមម៉ាឡេស៊ី។
តាមរយៈលទ្ធផលនេះ បានធ្វើឱ្យក្រុមគោព្រៃកម្ពុជា ធ្លាក់ចេញពីការប្រកួតនេះ ដោយបានត្រឹមលេខ៤ ក្នុងពូលB នេះ ចំណែកក្រុមថៃ ទទួលបានលេខ១ ប្រចាំពូលនេះ ដោយមាន៩ពិន្ទុ ហើយក្រុមម៉ាឡេស៊ី ជាប់លេខ២ មាន៨ពិន្ទុ ហេតុនេះ ថៃ ត្រូវជួបក្រុមលេខ២ពូលA ឥណ្ឌូនេស៊ី នៅវគ្គផ្តាច់ព្រ័ត្រ ហើយម៉ាឡេស៊ី ត្រូវប្រឈមជាមួយក្រុមលេខ១ពូលA របស់ម្ចាស់ផ្ទះវៀតណាម។
យ៉ាងណាមិញ លោក Ryu Hirose ដែលបានធ្វើដំណើរ មកដល់ប្រទេសកម្ពុជាវិញ បានធ្វើការវាយតម្លៃ ជារួម ទៅដល់ការប្រកួតរបស់ក្រុមជម្រើសជាតិកម្ពុជា ក្នុងព្រឹត្តិការណ៍ស៊ីហ្គេម នេះថា៖«ចំណុចសំខាន់ នៃព្រឹត្តិការណ៍នេះ គឺនៅពេលចាប់ផ្ដើមដំបូង យើងលេងបានយ៉ាងល្អ ជាមួយជ័យជម្នះ។ បន្ទាប់មកជាមួយ ក្រុមសិង្ហបុរី និងក្រុមថៃ វាពិតជាការប្រកួតដ៏ពិបាក ហើយពាក់កណ្ដាលផ្លូវនៃព្រឹត្តិការណ៍នេះ យើងបានផ្លាស់ប្ដូរយុទ្ធសាស្ត្រលេងរបស់យើង។ ចំណែកការប្រកួតនេះ (ជាមួយក្រុមម៉ាឡេស៊ី) យើងធ្វើបានល្អពេញមួយប្រកួត»។
ជាមួយគ្នានេះ គ្រូបង្គោលរូបនេះ បានទម្លាយពីចំណុចចាំបាច់ ដែលក្រុមកម្ពុជា ត្រូវធ្វើការកែប្រែ និងពង្រឹងឱ្យបានខ្លាំង សម្រាប់ដំណើរឆ្ពោះទៅស៊ីហ្គេម នៅកម្ពុជា ឆ្នាំ២០២៣។ លោក Ryu Hirose បានបញ្ជាក់ថា៖ «សម្រាប់ស៊ីហ្គេម ឆ្នាំក្រោយ យើងត្រូវតែពង្រឹងកាយសម្បទា ហើយមួយទៀត គឺយើងត្រូវតែរកគ្រាប់បាល់។ យើងត្រូវតែបង្កើនគុណភាព នៅក្នុងការបញ្ចប់ទី។ ដូច្នេះទាំងអស់នេះ គឺជាអ្វីដែលយើងត្រូវពង្រឹង នៅស៊ីហ្គេមបន្ទាប់»៕
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus