• ពេជ្រ សម្បត្តិ ប្តេជ្ញាធ្វើឱ្យកក្រើក នៅខេត្តកោះកុង សម្រាប់ការប្រកួត១ទល់៣នាក់
    ប្រដាល់ក្នុងស្រុក 5 months ago 286 Views

    កីឡាករ​ជើងខ្លាំង​វ័យក្មេង ពេជ្រ សម្បត្តិ បាន​ប្តេជ្ញា​ថា រូបគេនឹង​ខំប្រឹង​ប្រែង​ប្រកួត ដើម្បី​ធ្វើ​ឱ្យ​មាន​​ភាពកក្រើក​ខ្លាំង សម្រាប់​ការ​ប្រកួតរំអំបោះឆៅ ១ទល់​៣​នាក់ ដែល​រៀបចំ​ដោយ​សង្វៀន​ថោន សម្រាប់ការ​ប្រកួត នៅ​ទីរួមខេត្ត​កោះកុង នាព្រលប់ ថ្ងៃសៅរ៍នេះ។

    សម្រាប់ការ​ប្រកួត ដែលត្រូវ​បាន​គេ​ដាក់រហ័ស្សនាម​ថា «ជើង​ឯក​គុនខ្មែរ​កណ្តាប់ដៃ​មាស» ពេជ្រ សម្បត្តិ ត្រូវបាន​ដាក់ឱ្យ​ប្រកួត១ទល់៣​នាក់ជាមួយ​កីឡាករ បាន លីម, ឯម រដ្ឋា និង សាន សំអុន ហើយ​លក្ខខណ្ឌ​នៃ​ការ​ប្រកួតម៉ាសហ្វៃ​១ទឹក មាន​៩នាទី វ៉ៃ​អត់​ឈប់​នេះ គឺ​លុះត្រា​តែ ពេជ្រ សម្បត្តិ ផ្តួល​អ្នកទាំង​៣​នេះ ឱ្យ​សន្លប់ដូចគ្នា ទើបអាច​ទទួល​បានជ័យជម្នះ និងទទួល​បានប្រាក់រង្វាន់បន្ថែម​ចំនួន​១០០០​ដុល្លារ។

    យ៉ាង​ណា​ក៏​ដោយ បើ​សិនជា ពេជ្រ សម្បត្តិ អាច​ផ្តួល​បាន​១នាក់ នឹង​បានប្រាក់​បន្ថែម​២០០ដុល្លារ ហើយបើ​ផ្តួល​ឱ្យ​សន្លប់បាន​២​នាក់ នឹង​ទទួលបាន​៤០០ដុល្លារ។ ចំណែក​បេក្ខភាព​ខាង៣នាក់វិញ គឺ​អ្នក​ដែល​ផ្តួល ពេជ្រ សម្បត្តិ ឱ្យសន្លប់ នឹ​ងទទួល​បាន​២០០​ដុល្លារ ហើយមាន​លក្ខខណ្ឌ​ពិសេសមួយ​ទៀត គឺ​បើ​អ្នកណា​ផ្តួល ពេជ្រ សម្បត្តិ ឱ្យសន្លប់ មុន​១នាទី ក្នុង​ពេល​ឡើង​ប្រកួត នឹង​ទទួលបាន​ប្រាក់រង្វាន់​៤០០​ដុល្លារ។

    ជាមួយ​លក្ខខណ្ឌ​នៃ​ការ​ប្រកួត​នេះ ពេជ្រ សម្បត្តិ បាន​និយាយ​ថា សម្រាប់ការ​ប្រកួតអំបោះឆៅ ៣ទល់១ នៅខេត្ត​កោះកុង ជា​លើក​ដំបូងនេះ ខ្ញុំ​យល់ថា នឹង​មាន​ភាព​តានតឹងខ្លាំង ព្រោះ​ដៃគូ​របស់ខ្ញុំ​ទាំង​៣​នាក់នេះ សុទ្ធតែ​ល្អ។ បាន លីម ជា​កីឡាករ​ជើង​ចាស់ដែរ និងមានសមត្ថ​ភាព​ល្អ ហើយគាត់​តាន់ ចំណែក​ សាន សំអុន មិន​ធ្លាប់ជួបគាត់ទេ តែ​ឃើញគាត់​ល្អក្បាច់ រីឯ ឯម រដ្ឋា កាលពី​មុន ខ្ញុំ​ធ្លាប់​ផ្តួល​គាត់​ឱ្យសន្លប់ នៅទឹក​ទី​២ ប៉ុន្តែ​ពេលនេះ គាត់ល្អ និងស្វិតដែរ»។

    យ៉ាងណា​ក៏​ដោយ ពេជ្រ សម្បត្តិ បាន​ធ្វើការ​ប្តេជ្ញាចិត្ត បែបនេះ​ថា៖​ «ខ្ញុំ​មាន​ការ​បារម្ភ​ខ្លះៗ​ដែរ ប៉ុន្តែ​ខ្ញុំ​ខំហ្វឹក​ហាត់ បុក​យក​សុហ្វ​ឱ្យបានខ្លាំង ហើយ​អ្នកទាំង៣ ដែល​ខ្ញុំ​ត្រូវ​ជួប​លើកនេះ ខ្ញុំ​គិត​ថា បាន លីម ជាឧបសគ្គ​សម្រាប់​ខ្ញុំ ព្រោះ​ខ្ញុំ​មិនធ្លាប់​ជួបគាត់ទេ ហើយការ​ប្រកួត​របស់​គាត់ឃើញ​ថា នៅក្នុងចំណោម​៣​នាក់​ហ្នឹង គាត់​ល្អជាង​គេ។ តែ​ទោះបីជា​យ៉ាងណា ខ្ញុំ​ប្តេជ្ញា​ថា នឹង​ធ្វើការ​ប្រកួតនេះ មាន​ភាព​​ឱ្យកក្រើកខ្លាំង»៕

  • Loading...
  • Recent Posts