អ្នកលេងកណ្តាប់ដៃជើងថ្មី កំពុងល្បីឈ្មោះ ពេជ្រ សម្បត្តិ និងកីឡាករជើងចាស់មានទម្ងន់ដៃធ្ងន់ លាភ រដ្ឋា នឹងត្រូវដាក់ឱ្យប្រកួតគ្នា ក្នុងកម្មវិធីម៉ាសហ្វៃ ១ទឹក មាន៩នាទី នៅលើសង្វៀនថោន នាថ្ងៃអាទិត្យនេះ ហើយការជួបគ្នា ជាលើកដំបូងនេះ អ្នកទាំង២ សុទ្ធតែចង់បញ្ចប់ ដោយមានអ្នកសន្លប់។
ចំពោះ ពេជ្រ សម្បត្តិ នៅតែសម្តែងការគោរព និងសរសើរទៅដល់ភាពខ្លាំងរបស់រៀមច្បង លាភ រដ្ឋា ដែលរូបគេមិនបានបង្ហាញពីភាពអួតអាង នៅមុនការប្រកួតចាប់ផ្តើមនោះទេ បើទោះជា ការបង្ហាញខ្លួន នៅក្នុងកម្មវិធីម៉ាសហ្វៃ ចំនួន១០លើកកន្លងមក រូបគេបានផ្តួលដៃគូឱ្យសន្លប់ដល់១០លើក ដើម្បីយកប្រាក់រង្វាន់បន្ថែម និងស្មើ២លើក ទៅតាមច្បាប់ម៉ាសហ្វៃក៏ដោយ។
តែទោះបីជាយ៉ាងណា ពេជ្រ សម្បត្តិ នៅតែចង់ឱ្យការប្រកួតនេះ បានបញ្ចប់ដោយមានអ្នកសន្លប់។ សម្បត្តិ បាននិយាយថា៖«គាត់ជាកីឡាករជើងខ្លាំងម្នាក់ ដែលម៉ាត់ចេញធ្ងន់ និងលឿន គឺអាចនិយបានថា គាត់ជាជើងខ្លាំង ដែលខ្ញុំមិនធ្លាប់បានជួបកន្លងមកនោះទេ ប៉ុន្តែសម្រាប់ការប្រកួតនេះ ខ្ញុំនឹងប្រឹងប្រែងឱ្យអស់ពីសមត្ថភាព ហើយខ្ញុំចង់ឱ្យជំនួបមួយនេះ បានបញ្ចប់ដោយដាច់ស្រេច ដោយមានម្នាក់សន្លប់»។
ចំណែក លាភ រដ្ឋា ក៏បានសរសើរទៅដល់ភាពខ្លាំងរបស់ ពេជ្រ សម្បត្តិ ផងដែរថា ជាជើងខ្លាំងជំនាន់ក្រោយដែលមានសម្ទុះនៃការប្រកួតខ្លាំង។ លាភ រដ្ឋា បាននិយាយថា៖«វាអាចពិបាកដែរ ព្រោះសម្រាប់ការប្រកួតម៉ាសហ្វៃនេះ ពេជ្រ សម្បត្តិ បានផ្តួលគូប្រកួតឱ្យសន្លប់ជាបន្តបន្ទាប់ ហើយមិនដែលចាញ់នោះទេ ដែលអាចថា គេកំពុងឡើងជើងខ្លាំង ខណៈការហ្វឹកហាត់ត្រៀមរបស់ខ្ញុំ ឡើងនេះ បានត្រឹម៥០ភាគរយទេ និងហាត់តែម្នាក់ឯងទៀត អ៊ីចឹងអាចថា យើងមានការខ្វះខាតដែរ»។
តែទោះបីជាយ៉ាងណា លាភ រដ្ឋា ក៏មានបំណងចង់ផ្តាច់ ពេជ្រ សម្បត្តិ ឱ្យសន្លប់ផងដែរ បើសិនជាមានឱកាស ហើយរូបគេមិនចង់មានឈ្មោះជាអ្នកចាញ់ ក្រោមស្នាដៃអ្នកជំនាន់ក្រោយដូច ពេជ្រ សម្បត្តិ៍ នេះទេ។
កីឡាករមកពីជាយដែនខេត្តបន្ទាយមានជ័យ លាភ រដ្ឋា បានបញ្ជាក់ថា៖ «ការប្រកួតនេះ បើខ្ញុំឈ្នះគេ មិនសូវជាស្អីទេ ព្រោះគេជាសិស្សប្អូន ប៉ុន្តែបើយើងចាញ់គេវិញ វាខ្មាស់គេដែរ អ៊ីចឹងមានតែប្តូរផ្តាច់ហើយ មួយចានទឹក មួយចានគោកដូចគ្នាទេ គឺបើគេវាយចូលពេញ ខ្ញុំអាចសន្លប់ តែគេក៏អាចសន្លប់វិញដូចគ្នា បើចូលដៃរបស់ខ្ញុំ ហើយចំពោះខ្ញុំ នឹងមិនវាយបែបទប់ៗ ឱ្យតែចប់ការប្រកួតនោះទេ ព្រោះខ្ញុំចង់បានលុយថែមដែរ អ៊ីចឹងបើមានឱកាសផ្តាច់ ខ្ញុំនឹងផ្តាច់ឱ្យសន្លប់ដូចគ្នា»៕
Recent Posts
-
Chelsea នាំមុខក្នុងការចុះហត្ថលេខាខ្សែការពារ Juventus មករួមក្រុម
-
ប្រធានសហព័ន្ធកីឡាអាស៊ី សន្យាជួយពង្រឹងគុណភាពក្រុមឈិនឡូនកម្ពុជា ដើម្បីអាចឈ្នះមេដាយ នៅស៊ីហ្គេម ឆ្នាំ២០២៣
-
Man. City ព្រមព្រៀងជាមួយ Leeds Utd ក្នុងការផ្ទេរ Kalvin Phillips
-
Bayern Munich បដិសេធសំណើរលើកទីពីរសម្រាប់ការដេញថ្លៃ Lewandowski
-
Arsenal ព្រមព្រៀងជាមួយ Man. City ចំនួន៤៥លានផោនសម្រាប់ Gabriel Jesus