ក្រុមប្រឹក្សាភិបាល (BoG) របស់ សហព័ន្ធកីឡាជនពិការអាស៊ាន (APSF) ភាគច្រើន បានបោះឆ្នោតគាំទ្រឱ្យប្រទេសឥណ្ឌូនេស៊ី ធ្វើជាម្ចាស់ផ្ទះការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម (ASEAN Para Games) លើកទី ១១ ជំនួសប្រទេសវៀតណាម ដែលបានលុបចោលការប្រកួតនេះ ដោយសារវិបត្តិជំងឺកូវីដ១៩ ជាសកល កាលពីឆ្នាំ២០២១។
នៅក្នុងកិច្ចប្រជុំតាមអនឡាញ Zoom ជាបន្ទាប់មួយ កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយមានការចូលរួមពីតំណាងប្រទេសកម្ពុជា ឥណ្ឌូនេស៊ី ឡាវ ម៉ាឡេស៊ី មីយ៉ាន់ម៉ា ហ្វីលីពីន ថៃ និងវៀតណាម នោះគេមានប្រទេសចំនួន៦ បានគាំទ្រ លើការដេញថ្លៃធ្វើជាម្ចាស់ផ្ទះរបស់ឥណ្ឌូនេស៊ី គឺមានន័យថា មានតែ១ប្រទេសប៉ុណ្ណោះ មិនឯកភាព ព្រោះសិង្ហបុរី និងប្រ៊ុយណេ បានអវត្តមាន ចំណែក ឥណ្ឌូណេស៊ី មិនត្រូវបានគេ ដាក់ឱ្យបោះឆ្នោតនោះទេ។
តែទោះជាយ៉ាងណាក៏ដោយ ប្រទេសឥណ្ឌូនេស៊ី ត្រូវធ្វើយ៉ាងណា លុបចោលនូវការពិន័យ «ការមិនអនុលោមតាមការត្រួតពិនិត្យប្រកបដោយប្រសិទ្ធភាព» ដែលដាក់ដោយទីភ្នាក់ងារប្រឆាំងសារធាតុញៀនពិភពលោក (WADA) នាពេលបច្ចុប្បន្ន ជាមុនសិន ទើបអាចឈានទៅធ្វើជាម្ចាស់ផ្ទះការប្រកួតអាស៊ានប៉ារ៉ាហ្គេមនេះបាន ដោយក្នុងនោះ ក្រុមប្រឹក្សាភិបាលតំណាងប្រទេសនៅអាស៊ាន បានទុកពេលឱ្យ ឥណ្ឌូនេស៊ី ចំនួន១ខែ ដើម្បីដោះស្រាយ ឬស្រាយបំភ្លឺ លើបញ្ហានេះ។
ជុំវិញបញ្ហានេះ លោក Osoth Bhavilai ប្រធានសហព័ន្ធកីឡាជនពិការអាស៊ាន បានថ្លែងថា៖ «ជាលទ្ធផល ក្រុមប្រឹក្សាភិបាល បានកំណត់ថ្ងៃផុតកំណត់ សម្រាប់ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី ១៥ ខែកុម្ភៈ ដើម្បីធ្វើការដោះស្រាយ ចំពោះបញ្ហានេះ ហើយចុងក្រោយត្រូវបញ្ជាក់អះអាងថា ការប្រកាសមិនអនុលោមតាមច្បាប់របស់ WADA នោះ នឹងត្រូវលុបចោល»។
លោកបានបន្ថែមថា៖ «ក្រុមប្រឹក្សាភិបាលរបស់ APSF នឹងកោះប្រជុំពិសេស នៅថ្ងៃទី ១៧ ខែកុម្ភៈ ដើម្បីធ្វើការពិចារណា និងបញ្ជាក់ថា រាល់តម្រូវការទាំងអស់ ក្នុងនោះរួមទាំងនីតិវិធីដ៏តឹងរឹង ដើម្បីទប់ស្កាត់ការឆ្លងជំងឺកូវីដ១៩ ត្រូវបានអនុវត្ត មុនពេលមានការប្រកាសជាផ្លូវការថា ប្រទេសឥណ្ឌូនេស៊ី ជាម្ចាស់ផ្ទះនៃព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី ១១»។
ចំណែក លោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាត់ប៉ារ៉ាឡាំពិកកម្ពុជា (NPCC) ដែលបានគាំទ្រឥណ្ឌូនេស៊ី ឱ្យរៀបចំការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ បាននិយាយថា៖ «ក្រុមប្រឹក្សាភិបាលរបស់សហព័ន្ធកីឡាជនពិការអាស៊ាន បានទុកពេលឱ្យ ឥណ្ឌូនេស៊ី ១ខែ ដើម្បីបង្ហាញនូវឯកសារមួយចំនួន ហើយបើសិនជា ឥណ្ឌូនេស៊ី អាចស្រាយបំភ្លឺនូវចម្ងល់ដល់ប្រទេសនៅក្នុងអាស៊ាន បានគ្រប់គ្រាន់ហើយ នោះការប្រកួតអាស៊ានប៉ារ៉ាហ្គេម នឹងត្រូវធ្វើឡើង ក្នុងខែកក្កដា»។
សម្រាប់ការបង្ហាញពីឆន្ទៈ ក្នុងការដេញថ្លៃ ដើម្បីបានរៀបចំ ការប្រកួតអាស៊ានប៉ារ៉ាហ្គេម លើកទី១១នេះ ប្រទេសឥណ្ឌូណេស៊ី បានស្នើឱ្យការប្រកួត នៅលើប្រភេទកីឡាចំនួន១៣ ដែលត្រូវធ្វើនៅទីក្រុង Solo ចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី ៣១ ខែកក្កដា ឆ្នាំ២០២២ ហើយប្រទេសនេះ ក៏ធ្លាប់រៀបចំការប្រកួត ASEAN Para Games លើកទី៦ នៅទីក្រុង Solo ឆ្នាំ២០១១ និង Asian Para Games ឆ្នាំ២០១៨ នៅទីក្រុង Jakarta ផងដែរ៕
Recent Posts
-
ទីបំផុត Mbappe បដិសេធទៅ Real និងចុះកុងត្រាថ្មីជាមួយនឹងក្លិប PSG
-
លោក Pep ចាត់ទុកកីឡាករខ្លួជាវីរបុរស ក្រោយឈ្នះពាន Premier League (មានវីដេអូ)
-
Dortmund បញ្ចប់តំណែងគ្រូបង្វឹកក្រោយដឹកនាំបាន១រដូវកាល
-
កីឡាករឆ្នើម២រូបរបស់ Liverpool វិលត្រលប់មកហ្វឹកហាត់មុនជំនួប Wolverhampton
-
Aubameyang ប្រធានក្រុមជម្រើសជាតិហ្គាបុងសម្រេចចូលនិវត្តន៍ហើយ