• Banner Banner Banner Banner Banner Banner
  • ឃីម បូរ៉ា មិនខ្វល់រឿងប្រកួត១ទឹក៧នាទី តែថា កម្លាំងវ៉ៃចេញរបស់គេពេលនេះ មិនសូវធ្ងន់
    ប្រដាល់ក្នុងស្រុក 2 weeks ago 52 Views

    កីឡាករ​ជើង​ខ្លាំង​គ្មាន​គូ​ប្រៀប​ក្នុង​ប្រភេទទម្ងន់​៦០គីឡូក្រាម ឃីម បូរ៉ា បាន​នឹងកំពុង​បន្សាំ​ខ្លួន ទៅនឹង​ស្ថាន​ភាពនៃ​ការ​តម្លើងទម្ងន់មក ៦៣,៥គីឡូក្រាម ដើម្បី​មានទីផ្សារ​ប្រកួត​ឡើង​វិញ ប៉ុន្តែ​ បូរ៉ា បាន​អះអាង​ថា ការតម្លើងទម្ងន់​នេះ មានការលំបាក និងចាញ់ប្រៀបគេ​ផ្នែក​កម្លាំង។

    «​សម្រាប់ការ​ឡើងប្រកួត​ក្នុងទម្ងន់៦៣,៥​គីឡូក្រាម ចំនួន​២​ទៅ​៣ដង កន្លងមកនេះ យើង​​នៅតែមានបញ្ហា​លើ​ផ្នែកកម្លាំង គឺ​យើងនៅ​តែ​ចាញ់​កម្លាំងគេ។ យើងអាច​ទប់ទល់ និង​វាយសង​ទៅវិញទៅមក​ជាមួយគេ​បាន ប៉ុន្តែ​វា​ពិបាកត្រង់ថា ពេល​យើង​វ៉ៃ​ត្រូវគេ មិនសូវ​​មាន​ទម្ងន់ដូច​គេ​មក​យើង»។

    នេះ​ជា​ការ​បង្ហាញ​ពីការ​យល់​ឃើញ​របស់ ឃីម បូរ៉ា សម្រាប់ការ​ឡើងទៅប្រកួត​ទម្ងន់​៦៣,៥​គីឡូក្រាម កន្លងមក ហើយការ​ឡើង​ប្រកួត​ទម្ងន់នេះ នៅសង្វៀន CNC ឃីម បូរ៉ា បាន​ចាញ់ពិន្ទុ ឡុង សំណាង និង​​ចាញ់ ពិន្ទុ ឡុង បេនលឿន ចំណែក​​នៅ​ថ្ងៃអាទិត្យ​នេះ ឃីម បូរ៉ា នឹងត្រូវ​ដាក់​ឱ្យប្រកួត​ក្នុងកម្មវិធី ONEStrike ជាមួយ​ជើងថ្មី នៅ ដារ៉ូ នៅលើសង្វៀន PNN។

    បើ​ទោះបីជា​កម្ម​វិធី​នេះ តម្រូវ​ឱ្យ​​ធ្វើការ​ប្រកួត​​២​ទឹក ហើយ​១​ទឹកមានដល់​៧នាទី ប៉ុន្តែ​សម្រាប់ ឃីម បូរ៉ា មិន​បាន​បង្ហាញ​ការខ្វល់ទៅលើបញ្ហា​នេះ​នោះទេ ប៉ុន្តែ​អ្វី​ដែល​គេ​នៅតែ​ចាប់អារម្មណ៍​ចំពោះខ្លួនឯង​នោះ គឺ​ការ​តម្លើងទម្ងន់មកប្រកួត​ ៦៣,៥​គីឡូក្រាម​នេះ វា​ហាក់នៅមិនទាន់សមចំពោះ​រូបគេ ហើយ​កម្លាំងនៃ ការ​វាយចេញ ក៏មិនសូវ​ជា​មានទម្ងន់។

    កីឡាករ​ជម្រើសជាតិ​គុនខ្មែរ ឃីម បូរ៉ា បាន​បន្ថែម​ថា៖​ «ខ្ញុំ​អត់សូវស្គាល់គាត់ដែរ ​តែ​ខ្ញុំ​នឹង​មើលវីដេអូ​នៃ​ការ​ប្រកួតរបស់គាត់ ដើម្បីសិក្សា​ទៅលើរបៀបប្រកួត​របស់គាត់ ខណៈ​ពេល​នេះ ទម្ងន់ពិតរបស់ខ្ញុំ បានឡើង​ដល់​៦៣គីឡូក្រាម​ហើយ។ តែ​ទោះបីជា​យ៉ាង កាល​ប្រកួតក្នុងទម្ងន់​៦០​គីឡូក្រាម  គឺ​ពេលវ៉ៃ​​ចំ​ដៃគូ រាងធ្ងន់ តែ​​ប្រកួត​ទម្ងន់​​៦៣,៥គីឡូក្រាម ពេល​វ៉ៃ​ត្រូវគេ ហាក់ដូចជា​គេ​អត់សូវឈឺ»។

    ចំពោះការ​ប្រកួត​​២ទឹក ក្នុង​១​ទឹកមាន​៧នាទីនេះ ជើងខ្លាំង​មក​ពី​ខេត្តបន្ទាយមានជ័យ ឃីម បូរ៉ា បាន​បញ្ជាក់​ថា៖ ​«ការ​ប្រកួត​៧នាទី ក្នុង​១ទឹក ក្នុង​ទម្ថន់​៦៣,៥គីឡូក្រាម លើក​នេះ ខ្ញុំ​គិតថា អត់អីទេ ព្រោះ​ខ្ញុំ​ហាត់នៅទីនេះ (ស្តាតចាស់) គឺ​១ទឹក ​ខ្ញុំហាត់ដល់​១០នាទី​ឯណោះ អ៊ីចឹង​កម្លាំង​ស៊ុហ្វ​ពេញ។ ចំណែកឱកាសផ្តួល​គូប្រកួត​បាន​ឬ​យ៉ាងណា​នោះ គឺ​ចាំ​មើល​ជាក់ស្តែង​ទៅ​ ព្រោះ​កីឡា ពេលមានឱកាស ដឹងតែ​ផ្តាច់ហើយ»៕

  • Loading...
  • Recent Posts