• Banner Banner Banner Banner Banner Banner
  • មានករណីមាន់ស្ងោររស់ឡើងវិញ ពេល លន់ សៀកឡុង ងើបពីការរាប់ ឡើងមកផ្តួល អេ ណារ័ត្ន ឱ្យសន្លប់
    ប្រដាល់ក្នុងស្រុក 2 weeks ago 69 Views

    ហេតុការណ៍​ដ៏កម្រ​មួយ បាន​កើត​មាន​ឡើង នៅក្នុងការ​ប្រកួតម៉ាស់ហ្វៃ លើ​សង្វៀន​ថោន កាល​ពី​ថ្ងៃអាទិត្យ គឺ​វា​​ប្រៀប​ដូចជា​មាន់ស្ងោរ​រស់​ឡើង​វិញ នៅពេល​កីឡាករ​ជើង​ថ្មី លន់ សៀកឡុង បាន​ងើប​ពីការ​រាប់​របស់លោកអាជ្ញាកណ្តាលទាំង​ត្រដាប​ត្រដួស មក​ផ្តួល​ កីឡាករ អេ ណារ័ត្ន ឱ្យ​ដួល​សន្លប់ វិញ​នោះ។

    ​តាម​ស្ថានភាព​ប្រកួត​យ៉ាង​ស្វិតស្វាញ និងជក់​ចិត្តបំផុត​នោះ កីឡាករ លន់ សៀកឡុង ត្រូវ​បាន​គេមើល​ឃើញ​ថា នឹង​ត្រូវសន្លប់​ក្រោម​កណ្តាប់ដៃ អេ​ ណារ័ត្ន បន្ទាប់ពី​រូប​គេ បាន​ទទួល​រងការ​ម៉ាត់​ចូលពេញ បណ្តាល​ឱ្យដួលទាំង​ជំហរ និង​បាត់ស្មារតីមួយ​ភាំង នាំ​ឱ្យ​អាជ្ញាកណ្តាល​រាប់​ភ្លាមៗ​នោះ តែ​ការ​ទាត់ថែម​របស់ អេ ណារ័ត្ន ពេល សៀកឡុង ដួល​ទៅ​ហើយ ក៏​បាន​ទទួល​រងការព្រមាន​ពីអាជ្ញាកណ្តាល​ផង​ដែរ។

    ប៉ុន្តែអ្វីៗ​បាន​ប្រែ​ក្រឡាស់​ហួស​ពីការ​ស្មាន គឺ​ លន់ សៀកឡុង បាន​ខំប្រឹង​ងើប​ឈរទាំង​ត្រដាបត្រដួស និងបាន​ព្យាយាម​បិទ និងទប់​ការ​វាយសម្រុកបន្ថែម​របស់ អេ ណារ័ត្ន ដ៏គួរ​ឱ្យ​សរសើរ​បំផុត ហើយ​រឿង​ដែល​ធ្វើ​ឱ្យ​អ្នកទស្សនា​មានការ​ភ្ញាក់​ផ្អើលកាន់តែ​ខ្លាំង​នោះ គឺ​ សៀកឡុង បាន​ព្យាយាម​វាយ​សង​យ៉ាងអំណត់ ធ្វើ​ឱ្យ​ អេ ណារ័ត្ន  ធ្លាក់​កម្លាំង និង​បង្ហាញ​ភាព​ទន់ជ្រាយវិញម្តង។

    ជាមួយ​ស្ថាន​ភាព​ដ៏​ល្អនេះ មាន់ស្ងោរ​ដែលគេហៀប​នឹង​ហូប​ទៅ​ហើយ លន់ សៀកឡុង បាន​ប្រឹងស្ទុះស្ទារ​កាន់តែ​ខ្លាំង ក្នុងការ​វាយសម្រុក​ដោយកណ្តាប់ដៃ​ទៅ​លើ អេ ណារ័ត្ន បណ្តាល​ឱ្យ ណារ័ត្ន វង្វេង​វង្វាន់ ត្រូវ​បានអាជ្ញាកណ្តាល​រាប់​វិញ​ម្តង ហើយ​ភ្លាមៗ​ក្រោយ​ពីការ​រាប់​​នោះ សៀកឡុង បាន​តាម​ម៉ាត់​បន្ថែម​៥ទៅ​៦​ដៃ​ទៀត បណ្តាល​ឱ្យ អេ ណារ័ត្ន ដួល​ផ្កាប់មុខ​សន្លប់ធំតែ​ម្តង។

    ​តាម​រយៈការ​ផ្តួល​ឱ្យរៀមច្បង អេ ណារ័ត្ន សន្លប់​ធំ ដែលជា​ករណី​កម្រ​បាន​ឃើញ​នេះ បាន​ជួយ​ឱ្យ លន់ សៀកឡុង ទទួល​បាន​ប្រាក់រង្វាន់បន្ថែម​ចំនួន​៨០ម៉ឺនរៀល​​ទៀត ហើយ​ជ័យជម្នះ​នេះ ក៏​បាន​ធ្វើ​ឱ្យកេរ្តិ៍​របស់​គេ ចាប់​ផ្តើមលេច​ត្រដែត​ឡើង​ខ្លាំង​ផង​ដែរ ព្រោះ អេ ណារ័ត្ន ត្រូវ​បានគេ​ចាត់​ទុក​ថា ជា​ជើង​ខ្លាំង​រួច​ទៅ​ហើយ ប៉ុន្តែ​បើ​ជាមក​ចាញ់​លក្រោម​ដៃ លន់ សៀក​ឡុង ក្នុង​ស្ថានភាព ដ៏មិនគួរ​ឱ្យ​ចង់ជឿបែបនេះ។

    ជាមួយ​ជ័យជម្នះ ដែល​ធ្វើ​ឱ្យ​គ្រប់​គ្នាភ្ញាក់ផ្អើលខ្លាំង និងស្ទើរតែ​មិនចង់​ជឿ​នេះ លន់ សៀកឡុង បាន​និយាយ​ក្រោយការ​ប្រកួត​ថា៖ ​«​គាត់វាយ​ខ្ញុំ​ពីក្រោយ ហើយ​ទាត់​ថែម​ត្រូវ​មុខ​ទៀត ធ្វើ​ឱ្យ​ខ្ញុំ​វង្វេង ប៉ុន្តែ​ខ្ញុំ​បាន​ខំប្រឹង​ទប់ស្មារតី ដើម្បី​វាយសង​ទៅលើ​គាត់វិញ ហើយ​នៅពេល​ខ្ញុំ​ម៉ាត់​ឆ្វេង​ចូលមុខ ឃើញ​គាត់រាងថម​ថយ ហេតុ​នេះ​ខ្ញុំ​បាន​ព្យាយាម​ចូល ក្នុង​បំណង​វ៉ៃ​ផ្តាច់​គាត់​តែ​ម្តង»។

    កីឡាករ​វ័យក្មេង​រូបនេះ បាន​បន្ថែម​ថា៖ ​«ពេល​ខ្ញុំវ៉ៃ​គាត់​ឱ្យ​អាជ្ញាកណ្តាលរាប់បែប​នេះ ខ្ញុំ​កាន់​​តែ​​មានកម្លាំង​ចិត្ត​ខ្លាំង ក្នុង​ការ​ដេញ​វ៉ៃ​ទៅ​លើគាត់បន្ថែម រហូត​ដល់​តែ​សន្លប់ ហើយ​ខ្ញុំពិតជា​សប្បាយ​រីក​រាយខ្លាំង​ណាស់ ចំពោះ​ជ័យជម្នះ​នេះ ព្រោះនេះជា​លើកដំបូង ដែល​ខ្ញុំ​បាន​ប្រកួត Mas Fight លក្ខណៈ​រុំ​អំពោះ​ឆៅ​បែបនេះ គឺ​វ៉ៃ​ចូលពេញដៃ​តែ​ម្តង»៕

  • Loading...
  • Recent Posts