• Banner Banner Banner Banner Banner Banner
  • លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានអបអរពីភាពខ្លាំងរបស់វីរកីឡាការិនីប៉េតង់កម្ពុជា
    កីឡាផ្សេងៗ 3 weeks ago 39 Views

    ​លោក​នាយក​រដ្ឋមន្រ្តី ហ៊ុន សែន បានសម្តែងការ​អបអរ និង​កោតសរសើរ​ទៅដល់​វីរកីឡាការិនី កែ ឡេង និង អ៊ុក ស្រីមុំ ដែលបាន​រួមគ្នា​​បំបែកឯតទគ្គកម្ម​ពិភព​លោក តាម​រយៈការដណ្តើម​បាន​មេដាយមាសជើង​ឯក​ពិភព​លោក លើ​វិញ្ញាសា​វាយយកពិន្ទុ ចំនួន​៥​ជំនាន់ជាប់ៗ​គ្នា។

    លោក​ ហ៊ុន សែន បាន​ថ្លែង​ថា៖​ «ក្នុង​នាម​ឱ្យ​រាជរដ្ឋាភិបាល​នៃ​ព្រះរាជណាចក្រក​ម្ពុជា ខ្ញុំ​សូមអបអរ​ដល់​កីឡាការិនី អ៊ុក ស្រីមុំ និង​លោក​ស្រី កែ ឡេង។ មុន​នេះ ឯកឧត្តម ហង់ជួន ណារ៉ុន បាន​ធ្វើ​របាយការណ៍ ពាក់ព័ន្ធនឹង​​ការ​ដណ្តើមបាន​មេដាយថ្មីៗ​បន្ថែម​ទៀត នៅ​មេដាយមាស សម្រាប់កីឡាប៊ូល និងប៉េតង់ ដែលអាច​ចាត់​ទុក​ថា ជា​ការបំបែក​នូវឯតទគ្គកម្ម សម្រាប់ពិភព​លោក ដោយសារ​តែ​​យើង​ទទួល​បាន​មេដាយមាស​ផ្នែកប៊ូល​នេះ តជំនាន់ រហូត​ដល់​​៥ជំនាន់»។

    ប្រមុខ​ដឹកនាំ​ប្រទេស​រូប​នេះ បាន​បន្ត​ថា៖​ «វីរ​កីឡាការិនី កែ ឡេង ដណ្តើម​បាន​មេដាយមាស​​បាន​​៤ជំនាន់ ឥឡូវ​នេះ​មក​ដល់​កីឡាការិនី អ៊ុក ស្រីមុំ បាន​១ជំនាន់ទៀត គ្រប់៥​ជំនាន់ ហើយវា​ហាក់បីដូចជា​មាន​ភាពចម្លែកបន្តិច សម្រាប់កីឡាប៊ូល ដែល​បង្កើត​ឡើង​នៅ​ប្រទេស​ប៉ែនអឺរ៉ុប ជា​ពិសេស​ប្រទេស​បារាំង ប៉ុន្តែ​បើ​យើង​ពិនិត្យទៅ​លើ​សារបាន​នៃ​ការ​ប្រកួត ​នៅវគ្គ​​ផ្តាច់ព្រ័ត្រ បែរ​ជា​អ្នក​នៅអាស៊ី ដូចជា​កីឡាការិនី អ៊ុក ស្រីមុំ ប្រកួតជាមួយ​កីឡាការិនី​របស់ថៃ អ៊ីចឹង​តើអឺរ៉ុប នៅតែ​​ជា​អ្នកខ្លាំង​ផ្នែក​កីឡាប៊ូល​តទៅទៀត ឬ​ក៏​ពួកអាស៊ី ក្លាយ​ទៅជា​អ្នកខ្លាំង សម្រាប់កីឡាប៊ូល​នេះ?»។

    ការ​លើក​ឡើងបែបនេះ ​របស់លោក​នាយក​រដ្ឋមន្រ្តី  នៅពេល​លោកបាន​ចូល​រួម​ជា​អធិតី​ភាព នៅ​ពិធីប្រគល់ប្រាក់រង្វាន់លើកទឹកចិត្ត ដល់​វីរកីឡាការិនី អ៊ុក ស្រីមុំ ដែល​ទើបបាន​ឈ្នះមេដាយមាស​ជើង​ឯកពិភព​លោក កាលពី​ចុង​ឆ្នាំ​២០២១ កាលពី​ព្រឹក​ថ្ងៃ​ពុធនេះ នៅ​វិមានសន្តិភាព។

    លោក ហ៊ុន សែន ​បាន​ប្រកាសផ្ដល់ប្រាក់រង្វាន់របស់រាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អប់រំ យុវជន និងកីឡា ដល់វីរកីឡាការិនី អ៊ុក ស្រីមុំ ចំនួន ៤០​លានរៀល ហើយ​​ខ្លួន​លោក​ផ្ទាល់ និងលោកស្រី​កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ក៏​បាន​ឧបត្ថម្ភ​ថវិកា​ចំនួន ១​ម៉ឺនដុល្លារផងដែរ ដូច្នេះ វីរកីឡាការិនី អ៊ុក ស្រីមុំ ទទួលបានប្រាក់រង្វាន់សរុបចំនួន ២​ម៉ឺន​ដុល្លារអាមេរិក។

    ចំណែកលោក សុខ ម៉ុង ដែលជាគ្រូបង្វឹកក្រុមជម្រើសជាតិកីឡាប៉េតង់កម្ពុជា (ផ្នែកនារី) ក៏ទទួលបានប្រាក់រង្វាន់លើកទឹកចិត្តចំនួន ៤០លានរៀល ពីរាជរដ្ឋាភិបាល តាម​រយៈ​ក្រសួង​អប់រំ យុវជន និងកីឡា ព្រម​ទាំង​ទទួល​បាន​ការ​ឧបត្ថម្ភ​ថវិកា​ផ្ទាល់​របស់​លោកនាយក​រដ្ឋមន្រ្តី និងលោកស្រី កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ចំនួន ៥០០០​ដុល្លារអាមេរិក ផងដែរ៕

  • Loading...
  • Recent Posts