• Banner Banner Banner Banner Banner Banner
  • សាហាវណាស់ ផល សោភ័ណ្ឌ ទាត់ សូត្រ ខេវិន និង ឡុង សំណាង ឱ្យខូចជើង ដោយប្រើពេលសរុប មិនដល់២ទឹក ដើម្បីយក៤លាន
    ប្រដាល់ក្នុងស្រុក 3 weeks ago 68 Views

    កីឡាករជើងខ្លាំង ផល សោភ័ណ្ឌ ដែលគ្រាប់គ្នាបានដឹងថា មានជំនាញខ្លាំងតែទៅលើកណ្តាប់ដៃ និងការវាយកែងនោះ ប៉ុន្តែលើកនេះ រូបគេបែរជាអាចប្រើស្នៀតជើង ដោយបានទាត់សូត្រ ខេវិន និង ឡុង សំណាង ឱ្យខូចជើង និងបោះបង់ចោលការប្រកួត នៅក្នុងទឹកទី២ដូចគ្នា ដើម្បីក្រសោបបានប្រាក់រង្វាន់៤លានរៀល ពីកម្មវិធីប្រដាល់ថ្មី “អធិរាជគុនខ្មែរ ISI PIPE- ISI PALM” នៅលើសង្វៀនថោន កាលពីថ្ងៃអាទិត្យ។

    ជ័យជម្នះរបស់ ផល សោភ័ណ្ឌ ត្រូវបានគេមើលឃើលញថា វាបានកើតមានឡើងលឿនពេក ព្រោះទាំង សូត្រ ខេវិន ជាពិសេស ឡុង សំណាង សុទ្ធតែកីឡាករជើងខ្លាំង ដែលមិនអាចចាញ់ដោយផុយស្រួយបែបនេះ នោះទេ ប៉ុន្តែការប្រកួតលើកនេះ ពួកគេ បានឈរវ៉ៃតទល់ជាមួយ ផល សោភ័ណ្ឌ មិនដល់១ទឹកពេញស្រួលបួលផង ក៏ត្រូវខូចជើង និងបង្ខំចិត្តចុះចាញ់ដូចគ្នា។

    នៅក្នុងការប្រកួតជម្រុះ សូត្រ ខេវិន បានព្យាយាមវ៉ៃសងជាមួយ ផល សោភ័ណ្ឌ យ៉ាងអំណត់ បើទោះបីជាជើងក្រោមរបស់គេមានបញ្ហា ក្រោមការទាត់សន្ធាប់ផ្តួនៗរបស់ សោភ័ណ្ឌ បណ្តាលឱ្យដួល និងត្រូវបានអាជ្ញាកណ្តាលរាប់ចំនួន២លើកក៏ដោយ ប៉ុន្តែការទាត់មួយជើងថែមចុងក្រោយទៅលើរបួសចាស់ពីសំណាក់ ផល សោភ័ណ្ឌ នៅចុងទឹកទី១ បានធ្វើឱ្យ សូត្រ ខេវិន ឈឺចាប់កាន់តែខ្លាំង មិនអាចកក្រើកខ្លួនទៀតបាន ជាហេតុនាំឱ្យអាជ្ញាកណ្តាលបញ្ឈប់ការប្រកួតតែម្តង។

    ចំណែកការឡើងទៅជួប ឡុង សំណាង នៅវគ្គផ្តាច់ព្រ័ត្រ ផល សោភ័ណ្ឌ បានចំណាយកម្លាំងតិចជាងការប្រកួតជាមួយ សូត្រ ខេវិន ទៅទៀត ដោយរូបគេបានទាត់ឱ្យ ឡុង សំណាង ខូចជើង ដោយប្រើពេលជាង១នាទី នៅក្នុងទឹកទី១ បើទោះបីជា ឡុង សំណាង បានសមត្ថភាពអាចផ្តួល សោម ពិសិដ្ឋ ត្រឹមទឹកទី២ នៅក្នុងវគ្គជម្រុះក៏ដោយ។

    ជាមួយជ័យជម្នះនេះ បានជួយឱ្យ ផល សោភ័ណ្ឌ ទទួលបានលាភសំណាង ទាំងដើមឆ្នាំថ្មី ដោយរូបគេ ទទួលបានប្រាក់រង្វាន់ចំនួន៤លានរៀល ជាមួយការប្រកួត ដោយប្រើពេលមិនដល់២ទឹកស្រួលបួលផង ក្នុងការផ្តួលគូប្រកួតឱ្យសន្លប់។

    ផល សោភ័ណ្ឌ បាននិយាយក្រោយការប្រកួត៖ “ការប្រកួតលើកនេះ រាងលឿនអត់សូវហត់។ សម្រាប់ការប្រកួតជុំទី១ គិតថា ប្រហែលជាពិបាកចូលវ៉ៃដែរ ព្រោះឃើញគេខ្ពស់ ប៉ុន្តែពេលចូលវ៉ៃទៅ វាអត់សូវអីដែរ គឺយើងអាចស្ទង់បាន ចំណែកនៅជុំទី២ (ផ្តាច់ព្រ័ត្រ) ខ្ញុំគិតថា អាចនឹងពិបាក ព្រោះគាត់ល្អជង្គង់ តែដល់ពេលយើងព្យាយាមទាត់ជើងក្រោមទៅ ក៏បានសម្រេច”។

    ចំណែក ឡុង សំណាង បានទទួលស្គាល់ថា ផល សោភ័ណ្ឌ ពិតជាខ្លាំង ពិបាកទប់ទល់។ សំណាង បាននិយាយថា៖ “នៅជុំទី១ រាងស្រួល ប៉ុន្តែនៅជុំទី២ ជួប ផល សោភ័ណ្ឌ មានការលំបាក ណាមួយខ្ញុំមានបញ្ហាសុខភាពផង ហើយជួបគាត់ល្អទាត់ជើងផង ចំណែកការប្រកួតរបស់ខ្ញុំ ក៏ជាប់ៗគ្នាពេក វាធ្វើឱ្យប៉ះពាល់”៕

  • Loading...
  • Recent Posts