• Banner Banner Banner Banner Banner Banner
  • ក្រុមអត្តពលិកជម្រើសជាតិកម្ពុជា ៣ នាក់ ឈ្នះមេដាយមាសរៀងៗខ្លួន ខណៈការប្រកួតគ្មានវត្តមាន បរទេសមកពីខាងក្រៅ
    កីឡាផ្សេងៗ 3 weeks ago 48 Views

    កីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា វ៉ាន់ ភារ៉ា, ឧក រហ៊ីត និងកីឡាការិនី បូរ សំណាង សុទ្ធតែបានឈ្នះមេដាយមាស ទៅតាមប្រភេទវិញ្ញាសារៀងៗខ្លួន នៅក្នុងការប្រកួតរត់ប្រណាំងអន្តរជាតិពាក់កណ្តាលម៉ារ៉ាតុង លើកទី២៦ នៅអង្គរ ខេត្តសៀមរាប កាលពីថ្ងៃអាទិត្យ ម្សិលមិញ ប៉ុន្តែការប្រកួតនៅឆ្នាំនេះ គ្មានវត្តមានកីឡាករ កីឡាការិនី បរទេស មកពីខាងក្រៅចូលរួមនោះទេ គឺមានតែបរទេសកំពុងរស់នៅ និងរកស៊ី នៅស្រុកខ្មែរស្រាប់។

    តាមរយៈការប្រកួត កាលពីម្សិលមិញនោះ វ៉ាន់ ភារ៉ា បានក្លាយម្ចាស់ជើងឯក ក្នុងការប្រកួតពាក់កណ្តាលម៉ារ៉ាតុង (ចម្ងាយ២១គីឡូម៉ែត្រ) ដោយប្រើថិរវេលា ១:១៦.២១ ម៉ោង ហើយលទ្ធផលនេះ បានបង្ហាញឱ្យឃើញថា វ៉ាន់ ភារ៉ា មានសមត្ថភាពកើនឡើង គួរឱ្យកត់សម្គាល់ ព្រោះរូបគេ មានជំនាញត្រឹមការរត់ចម្ងាយ៥គីឡូម៉ែត្រ និង១០គីឡូម៉ែត្រប៉ុណ្ណោះ តែអាចឈ្នះមេដាយមាស នៅក្នុងការប្រកួតចម្ងាយ២១គីឡូម៉ែត្របាន។

    ចំណែកអ្នកបានលេខ២ និងលេខ៣ លើវិញ្ញាសារត់ចម្ងាយ២១គីឡូម៉ែត្រនេះ ក៏ជាកីឡាករកម្ពុជាផងដែរ គឺលេខ២ បានទៅ គង់ រុន ដោយចំណាយពេល ១:១៧.៥៣ ម៉ោង និងលេខ៣ បានទៅអតីតម្ចាស់ជើងឯក ម៉ា វីរ៉ូ ដោយប្រើពេល ១:២០.៣៥ ម៉ោង។

    យ៉ាងណាមិញ សម្រាប់ការប្រកួតពាក់កណ្តាលម៉ារ៉ាតុង ផ្នែកនារី កីឡាការិនីមកពីហុងកុង Lee Yinling បានប្រើថិរវេលា ១:៣៥.១០ ម៉ោង ដើម្បីមកដល់ទីផ្តាច់ព្រ័ត្រ និងទទួលបានលេខ១ គឺបានឈ្នះកីឡាការិនីរបស់សហរដ្ឋអាមេរិកទាំង២នាក់ គឺ Drecksel Dana ដែលបានលេខ២ ជាមួយការប្រើពេល ១:៥១.២៤ ម៉ោង និង Rebecca Bequette ដែលចំណាយពេលដល់ ២:០០.០៣ ម៉ោង ដើម្បីបានលេខ៣។

    ដោយឡែក ចំពោះការប្រកួតរត់ចម្ងាយ១០គីឡូម៉ែត្រវិញ កីឡាករជម្រើសជាតិអត្តពលកម្មកម្ពុជា ឧក រហ៊ីត បានរត់វ៉ាដាច់ជនរួមជាតិ ជាកីឡាករជម្រើសជាតិដូចគ្នា ផាត សុភុត ដោយប្រើពេល ៣៥.៤៣ នារី និង ៣៩.២២ នាទី ក្នុងនាមជាម្ចាស់ជើងឯក និងជើងរង លើជំនាញមួយនេះ ខណៈលេខ៣បានទៅលើកីឡាករ ឡុន សីហា ដែលប្រើពេល ៣៩.៣៣ នាទី។

    ចំណែកការប្រកួតចម្ងាយ១០គីឡូម៉ែត្រ ផ្នែកនារី កីឡាការិនីជម្រើសជាតិ បូរ សំណាង បានក្លាយជាម្ចាស់ជើងឯក ដោយប្រើពេល ៤៦.០៣ នាទី ដើម្បីមកដល់ទីផ្តាច់ព្រ័ត្រមុនគេ ហើយកីឡាការិនីកម្ពុជា អេង មួយងីម បានប្រើថិរវេលា ៤៦.៤២ នាទី ដើម្បីជាប់លេខ២ រីឯលេខ៣ បានទៅកីឡាការិនីរបស់បារាំង Baladetoi Justine ដោយប្រើពេល ៥២នាទី។

    ក្រៅពីនេះ គណៈកម្មការ ក៏បានរៀបចំ ឱ្យមានការរត់ប្រណាំងផ្នែកជនពិការ ចម្ងាយ១០គីឡូម៉ែត្រផ្នែកបុរស ចម្ងាយ៥គីឡូក្រាមផ្នែកនារី រួមទាំងការប្រណាំងរទេះជនពិកា និងការរត់បែបកម្សាន្តជាលក្ខណៈគ្រួសារ ចម្ងាយ៥គីឡូម៉ែត្រ ផងដែរ ហើយតាមរបាយ ការណ៍របស់លោក វ៉ាត់ ចំរើន ដែលជាគណៈកម្មការគ្រប់គ្រងការប្រកួតនេះ បានឱ្យដឹងថា មានអ្នកចូលរួមសរុប២២០០នាក់ ក្នុងនោះមានក្រុមអត្តពលិកបរទេស២០០នាក់ តែអ្នកទាំងនេះ សុទ្ធតែបរទេស ដែលស្នាក់នៅ និងរកស៊ី នៅស្រុកខ្មែរ គឺមិនមានអ្នកមកពីខាងក្រៅនោះទេ៕

  • Loading...
  • Recent Posts