• Banner Banner Banner Banner Banner Banner
  • អ្នកជំនាញប្រដាល់សកល បង្ហើបពីជោគវាសនាបេក្ខភាព៣នាក់ ដែលនឹងត្រូវខ្ទាត់ចេញពីក្រុមជម្រើសជាតិ
    ប្រដាល់ក្នុងស្រុក 4 weeks ago 112 Views

    អ្នកជំនាញ​សហព័ន្ធ​កីឡា​​ប្រដាល់សកល​កម្ពុជា លោក ប៊ុយ សុភ័ណ្ឌ បាន​បង្ហើប​ឱ្យ​ដឹង​ថា បេក្ខភាព​ក្រុម​ជម្រើសជាតិ​ឆ្នាំ​២០២១​ចំនួន​៣​នាក់ នឹង​មិនអាច​បន្ត​ឈរ​នៅ​លើ​ទីតាំង​នេះ សម្រាប់ការ​នប្រមូល​ផ្តុំ​ក្រុមជម្រើសជាតិ​ប្រដាល់​សកល​កម្ពុជា នៅ​ឆ្នាំ​២០២២ ខាង​នេះ បាន​ទៀត​ឡើយ។

    ប៉ុន្តែចំពោះ​​បេក្ខភាព​១០នាក់​ទៀត ត្រូវ​បាន​អគ្គលេខាធិការ​​សហព័ន្ធ​កីឡា​ប្រដាល់​សកល​កម្ពុជា លោក ប៊ុយ សុភ័ណ្ឌ ប្រាប់​ថា នៅតែ​រក្សា​នូវកម្រិតបច្ចេក​ទេស​ល្អ ក្នុង​ការ​ប្រកួត​ជ្រើស​រើសជើង​ឯក​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​នេះ ដើម្បី​បន្ត​ជាប់ជា​ក្រុម​ជម្រើសជាតិ នៅ​ឆ្នាំ​ក្រោយនេះ ហើយ​ក៏ពេលដែល​ក្រុម​មួយនេះ ត្រូវ​បង្កើន​ការ​ហ្វឹក​ហាត់ខ្លាំង ដើម្បី​ទៅចូល​រួមការ​ប្រកួត​ស៊ីហ្គេម លើក​ទី​៣១ នៅប្រទេស​វៀតណាម ផងដែរ។

    លោក ​ប៊ុយ ​សុភ័ណ្ឌ បានបញ្ជាក់​ថា​៖ «​សម្រាប់​កីឡាករ​ និង​កីឡាការិនី​ជាប់​ជា​ក្រុម​ជម្រើស​ជាតិ​ ឆ្នាំ​២០២១​ ដែល​មាន​ចំណាត់​ថ្នាក់​ល្អ ​នៅ​ក្នុងការ​ប្រកួត​ជ្រើស​រើស​ជើង​ឯក​ថ្នាក់ជាតិ​លើកនេះ ​គឺ​នៅ​តែ​រក្សា​បាន​នូវ​កម្រិត​បច្ចេកទេស​ ជា​ក្រុម​ជម្រើស​ជាតិ ​ក្នុង​ឆ្នាំ​២០២២​បន្ត​ទៀត​»។

    លោក​បាន​វាយតម្លៃ​ជារួម​ទៅ​លើការ​ប្រកួត​ថ្នាក់ជាតិ ប្រចាំ​ឆ្នាំ​២០២១ របស់​ក្រុម​ជម្រើស​ជាតិ​​​ប្រដាល់​សកល បែប​នេះ​ថា៖​«​បើ​សរុប​ជា​ទូ​ទៅ ​យើង​ពិនិត្យ​ឃើញ​ថា​ ​ក្នុង​ចំណោម​​ក្រុម​អត្តពលិក​ជម្រើសជាតិ​របស់​យើង ​ចំនួន​១៣​នាក់ ​គឺ​មាន​១១​នាក់ ​នៅ​រក្សា​បាន​កម្រិត​បច្ចេកទេស​ ដើម្បី​បន្ត​ជាប់ជា​​ជម្រើស​ជាតិ​ដដែល ​ពោលគឺ​​មាន​តែ​​២​នាក់ បាន​​ធ្លាក់​ចេញ ​ដោយ​សារ​ការ​ប្រកួត​ធ្លាក់​ចុះ ​និង​មាន​១នាក់​ទៀត​ មិន​គោរព​វិន័យ ​និង​បទ​បញ្ជា ​ហេតុ​នេះ​ត្រូវ​ធ្លាក់​ពី​ក្រុម​ជម្រើស​ជាតិ នៅ​​ឆ្នាំ​២០២២»​។

    តាម​រយៈ​ការ​ប្រកួត​កីឡា​ប្រដាល់សកល​ជ្រើស​រើសជើង​ឯក​​ថ្នាក់ជាតិ ឆ្នាំ​២០២១ នៅ​លើ​​១០ប្រភេទ​ទម្ងន់ ដែល​ទើប​​បាន​បញ្ចប់ កាល​ពី​​ថ្ងៃអាទិត្យ កន្លង​មក​នេះ បាន​បង្ហាញ​ថា នៅ​ក្នុង​​បេក្ខភាពចូល​រួមសរុប​​១០៤​នាក់ (ស្រី​​៤​នាក់) ​​គឺ​មាន​៩​ប្រភេទ​ទម្ងន់ទៅហើយ ដែល​ក្រុម​អត្តពលិកជម្រើសជាតិ​​ប្រដាល់​សកល​កម្ពុជា ប្រចាំ​​ឆ្នាំ​២០២១​នេះ ដណ្តើម​បានមេដាយមាស ក្នុង​នោះ​មាន​កីឡាករ អំ ខេម ​(ទម្ងន់​​៤៨​គី​ឡូ​ក្រាម) នៅ សុខទី ​(ទម្ងន់​៥១​គីឡូក្រាម) សៅ​ រង្សី (​​ទម្ងន់​​៥៤​គីឡូក្រាម)។

    ចំណែក​កីឡាករ​ អ៊ូច ធារិទ្ធ ​ឈ្នះ​មេដាយមាស ក្នុង​ទម្ងន់​៥៧​គីឡូក្រាម​ ទូច ដេវីត ឈ្នះ​ក្នុង​ទម្ងន់​៦០​គីឡូក្រាម សែត សារិត ឈ្នះ​ក្នុង​​​ទម្ងន់​៦៣,៥​គីឡូក្រាម វី សុភ័ស ឈ្នះ​ក្នុង​ទម្ងន់​៦៧​គីឡូក្រាម និង​ ឈួន ម៉ាញ (ថៃ រិទ្ធី) ឈ្នះ​មេដាយមាស​ក្នុង​​ទម្ងន់​៧៥​គីឡូក្រាម និង​កីឡាការិនី វី ស្រីស្រស់ ឈ្នះ​មេដាយមាស​ក្នុង​ទម្ងន់​៥៧គីឡក្រាម ពោល​មាន​ការ​ប្រកួត​ទម្ងន់​​៧១​គីឡូក្រាម មួយ​ទេ ដែល​កីឡាករ​ស្ថិត​នៅក្រៅ​រង្វង់​ក្រុមជម្រើសជាតិ ដណ្តើម​បាន​មេដាយ​មាស គឺ​បាន​ទៅ​លើ​កីឡាករ ​មឿន សុខ​ហ៊ុច ហើយតាមព័ត៌មាន​ក្រៅ​ផ្លូវ​ការគឺ ម៉ឺន សុខហ៊ុច កំពុង​ស្ថិត​នៅ​ក្នុង​ការពិចារណា ដាក់បញ្ចូល នៅ​ក្នុងក្រុមជម្រើសជាតិប្រដាល់សកល ក្នុង​ឆ្នាំ​២០២២ ផងដែរ៕

  • Loading...
  • Recent Posts